ភ្នំពេញៈ ​លោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា លទ្ធផល​នៃ​ការប្រមូល​ចំណូល​របស់​ពន្ធដារ​នៅក្នុង​រយៈពេល ​៥ ​ឆ្នាំ​ នៅតែមាន​ស្ថានភាព​ល្អប្រសើរ​លើស​ការ​គ្រោងទុក​។​

​នៅក្នុង​ការផ្តល់​បទសម្ភា​សន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ កាលពីពេល​ថ្មីៗ​នេះ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល បាន​ថ្លែងថា នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ ពោលគឺ​នៅមុន​មាន​វិបត្តិ​កូ​វីដ​១៩ ការប្រមូល​ចំណូល​លើស​ផែនការ​២៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ ខណៈ​ឆ្នាំ​២០២០​ការប្រមូល​ចំណូល​ត្រូវបាន​ព្យាករ​ថា អាច​ធ្លាក់ចុះ​ពី​៤០​ទៅ​៥០​ភាគរយ ប៉ុន្តែ​បែរជា​លើស​ផែនការ​ជាង​១​ភាគរយ​ទៅវិញ​។​


​លោក​បាន​បន្ថែមថា ការកើនឡើង​ក្នុង​ឆ្នាំ​២០២០ គឺជា​ចំហាយ​មកពី​ឆ្នាំ​២០១៩ ដែល​សហគ្រាស ឬ​ក្រុមហ៊ុន​ទាំងនោះ​មាន​ផលចំណេញ និង​បានមក​ប្រកាស​បង់​ក្នុង​ឆ្នាំ​២០២០​។​រហូតដល់​ឆ្នាំ​២០២១ ជា​ពេល​ដែលមាន​ព្រឹ​ត្តិការណ៍​បិទ​ខ្ទប់​ច្រើន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពន្ធដារ បាន​ប្រមូល​ចំណូល​លើស​ផែនការ​ជាង​២៤​ភាគរយ​។​

​លោក​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«២០២១​កន្លងទៅនេះ ជា​ឆ្នាំ​ដែល​ល្អ​ដែរ ទោះបី​ជាមាន​ការបិទ​ខ្ទប់​ក៏ដោយ តែ​យើង​ប្រមូល​ចំណូល​នៅតែ​លើស​។​ចំពោះ​ឆ្នាំ​២០២២​វិញ យើង​នៅតែ​ប្រមូល​ចំណូល​លើស​ផែនការ​ទៀត គឺ​លើសប្រមាណ​២២,៥៤​ភាគរយ ដូច្នេះ​កូ​វីដ​១៩ (រយៈពេល)៣​ឆ្នាំនេះ យើង​ទប់ទល់​បាន​នូវ​ចំណូល​ក្នុងស្រុក​»​។​


​ លោក គង់ វិបុល អះអាងថា ស្ថានភាព​នៃ​ការប្រមូល​ពន្ធ​ល្អប្រសើរ​ដោយសារ​ការរៀបចំ​កំណែទម្រង់​យ៉ាង​មុត​ស្រួច​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយបាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ធនធានមនុស្ស ការធ្វើ​បច្ចុប្បន្នភាព និង​ការចុះបញ្ជី​ក្នុង​ប្រព័ន្ធ ការពង្រឹង​ការផ្តល់សេវា​ដល់​អ្នកជា​ប់ព​ន្ធ ការដាក់​លិខិត​ប្រកាស​ពន្ធ ការធ្វើ​សវនកម្ម ការគ្រប់គ្រង​បំណុល និង​ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ព័ត៌មាន បានធ្វើឱ្យ​ការប្រមូល​មាន​ភាពល្អប្រសើរ​ក្នុង​រយៈពេល​កន្លងមក​នេះ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​ថា ៖«​ការកើនឡើង​នៃ​ចំណូល​របស់​ពន្ធដារ​នេះ មិនមែន​ដោយសារ​ការកើនឡើង​នៃ​សេដ្ឋកិច្ច​ទូទៅ​នោះទេ តែដោយសារ​តែ​យើង​បិទ​ភ្ជិត​នៃ​ការ​លេច​ធ្លាយ​ចំណូល ហើយ​ពង្រឹង​តម្លាភាព​នៃ​ការបង់​ចំណូល​ថវិកាជាតិ ដូចជា​ការបង់ពន្ធ​នៅតាម​ធនាគារ​ជាដើម ដែល​បច្ចុប្បន្ននេះ​ត្រូវបាន​អនុវត្ត​ស្ទើរតែ​១០០​ភាគរយ​ទៅហើយ​​ជាពិសេស​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​E-filing សម្រាប់​អ្នក​ប្រកាស​ពន្ធ​»​។​

​នៅក្នុង​វេទិកាសាធារណៈ ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០២៣ កាលពីពេល​ថ្មីៗ​នេះ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា តាមរយៈ​លទ្ធផល​នៃ​ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៅ​ឆ្នាំ​២០២២ បាន​បង្ហាញថា ការផ្លាស់ប្ដូរ​នៃ​រចនាសម្ព័ន្ធ​ពន្ធដារ មិន​ត្រឹមតែ​បានធ្វើ​ឱ្យ​ស្ថានភាព​នៃ​ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ កាន់តែ​ល្អប្រសើរនោះទេ ថែមទាំង​ជួយ​ឱ្យ​កម្ពុជា កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រភព​ថវិកា​ពី​ខាងក្រៅ ដើម្បី​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច ថែម​ទៀតផង​។

​ លោក​បាន​បញ្ជាក់ថា​៖«​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​។ ការផ្លាស់ប្ដូរ​នៃ​រចនាសម្ព័ន្ធ​ពន្ធដារ ដែល​បានធ្វើ​ឱ្យ​កម្ពុជា កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​ទៅលើ​ពន្ធ​ពី​ក្រៅពី ៦៥% មក​នៅត្រឹម ១១% ប៉ុណ្ណោះ​»​។

​អ្នកជំនាញ​ក្នុង​វិស័យសេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ ថ្លែងថា តាមរយៈ​លទ្ធផល​នៃ​ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានបង្ហាញ​ពីស​ញ្ញាណ​វិជ្ជមាន​នៃ​សេដ្ឋកិច្ចកម្ពុជា ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ថវិកា​ពី​ខាងក្រៅ និង​ធ្វើ​ឱ្យកម្ពុជា កាន់តែ​មានលទ្ធភាព​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​ថែម​១កម្រិត​ទៀត​។​

​ លោក​បាន​បញ្ជាក់ថា​៖«​នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ចកម្ពុជា​មិនទាន់​ងើប​ផុត​ទាំងស្រុង​ពី​វិបត្តិ​កូ​វីដ​១៩ និង​វិបត្តិ​សាកល​នានា ប៉ុន្ដែ​ការប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​របស់​ពន្ធដារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅតែមាន​កំណើន​ជា​បន្តបន្ទាប់ ដែល​នេះ​បាន​បង្ហាញថា ទោះបីជា​ស្ថិតនៅក្នុង​វិបត្តិ​ក៏ពិតមែន តែ​ការកៀរគរ​ចំណូល​របស់​រដ្ឋ​តាមរយៈ​ពន្ធដារ​នៅតែ​ធ្វើ​បានល្អ​ ហើយ​វា​ក៏​បង្ហាញ​សកម្មភាព​អាជីវកម្ម​នៅក្នុង​ស្រុក នៅមាន​ភាពល្អប្រសើរ ទើប​អាច​ជំរុញ​កំណើន​ចំណូល​ពន្ធដារ​បែបនេះ​»​។​

​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្មីៗ​នេះ បាន​សាទរ​ចំពោះ​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ដែល​ប្រមូល​ចំណូល​បាន​ដល់ ១២២,៥៤ ភាគរយ​នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២២ ខណៈ​ស្ថាប័ន​នេះ​នឹង​ធ្វើជា​គំរូ​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងទៀត​។ ចំណូល​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​នា​អំឡុងពេល​វិបត្តិ​សុខាភិបាល និង​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​សកល​។​

​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​(GDT ) នៅ​ឆ្នាំ២០២២ GDT ប្រមូល​ចំណូល​បាន​ប្រហែល ៣,៤៥៥ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ១២២,៥៤ ភាគរយ​ឬ​លើស ៦៦៧,៣៤ លាន​ដុល្លារ​នៃ​ចំណូល​ពន្ធដារ​ដែលមាន​ចែង​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០២២ ។ ផែនការ​ថ​វិកាឆ្នាំ​២០២៣​នេះ ពន្ធដារ​ត្រូវ​ប្រមូល​ចំណូល​ឱ្យបាន​ចំនួន​៣,៥៧១ ពាន់​លាន​ដុល្លារ​៕