ភ្នំពេញៈ ឯកសារស្តីពី «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០» ដែលរៀបចំឡើងសំដៅកសាងស្ថាប័ន ដើម្បីអនុវត្តនូវបេសកកម្មរបស់ក្រសួងដោយផ្សារភ្ជាប់ជាមួយនឹងគោលដៅធំៗដែលបានកំណត់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការផ្សព្វផ្សាយ ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងចាត់ទុកឯកសារនេះជាបង្គោលចរសំខាន់ជួយឱ្យកម្ពុជាសម្រេចក្តីប្រាថ្នាក្នុងការក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០» ដែលរៀបចំឡើងកាលពីថ្ងៃទី ១៥ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ឯកសារ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០» គឺជាចក្ខុវិស័យនៃការកសាងស្ថាប័នឱ្យមានសមត្ថភាពពេញលេញដើម្បីបំពេញបេសកកម្មសំដៅរួមចំណែកជួយរាជរដ្ឋាភិបាលឱ្យសម្រេចគោលដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០៣០។ វាជាឯកសារយុទ្ធសាស្ត្ររយៈពេលវែង និងជាសមិទ្ធផលនៃផែនការនីយកម្មយុទ្ធសាស្ត្រថ្មី ប្រកបដោយទស្សនវិស័យវែងឆ្ងាយ ហើយនឹងត្រូវប្រើប្រាស់ជាឯកសារគោលរបស់ក្រសួងផងដែរ។
លោកថ្លែងថា៖ «ចក្ខុវិស័យដែលបានកំណត់ក្នុងឯកសារនេះ គឺការប្រែក្លាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យទៅជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល និងពាក់ព័ន្ធក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរដ្ឋាភិបាល»។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងឯកសារខាងលើ គឺមានគោលបំណងចំនួន ២, គោលដៅ ៧ និងយុទ្ធសាស្ត្រ គន្លឹះ ៣១ ដោយមានកំណត់អង្គភាពជំនាញដើម្បីទទួលបន្ទុករៀបចំ និងអនុវត្តជាមួយនឹងពេលវេលាកំណត់ច្បាស់លាស់។
ខ្លឹមសារឯកសារ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០» លើកឡើងថា រយៈពេល ២ ទសវត្សរ៍មកនេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ក្នុងរង្វង់ ៧ ភាគរយជាមធ្យមក្នុង ១ ឆ្នាំ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់កើនដល់ ១ ៧០០ ដុល្លារ នៅក្នុងឆ្នាំ ២០១៩ និងត្រូវបានទទួលស្គាល់ថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។ ប្រជាជនកម្ពុជារាប់លាននាក់បានរួចផុតពីភាពក្រីក្រពីកម្រិតស្ទើរ ១០០ ភាគរយ នៅថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ មកស្ថិតក្នុងរង្វង់ប្រមាណ ១៧ ភាគរយនៅក្នុងពេលបច្ចុប្បន្ន។
ចំណែកអត្រាអតិផរណានៅកម្ពុជាស្ថិតក្នុងកម្រិតមួយដែលគ្រប់គ្រងបាន រីឯអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងកម្រិតមធ្យម ៤ ០៥៥ រៀលក្នុង ១ ដុល្លារ។ សមិទ្ធផលនេះបាននាំមកនូវឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ក្នុងការស្វែងរកការងារ បង្កើនប្រាក់ចំណូល និងធ្វើឱ្យគម្លាតប្រាក់ចំណូលក្នុងកម្រិតទាប។
លោក មាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកម្រិតបច្ចេកទេសរៀបចំឯកសារ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០» ឱ្យដឹងថា ឯកសារនេះគឺជាការបោះជំហានមួយថ្មីទៀតប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់របស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយត្រូវបានរៀបចំឡើងសំដៅកសាងស្ថាប័ន ដើម្បីអនុវត្តបេសកកម្មរបស់ក្រសួង ផ្សារភ្ជាប់ជាមួយគោលដៅធំៗ ដែលមានកំណត់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់កម្ពុជារយៈពេលវែង។
អភិក្រមនៃការរៀបចំឯកសារនេះ គឺផ្អែកតាមការសិក្សាពីឧត្តមានុវត្តន៍អន្តរជាតិដើម្បីឆ្លុះបញ្ចាំងក្នុងទិដ្ឋភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការប្រើប្រាស់ទិន្នន័យ ព្រមទាំងបទដ្ឋានគតិយុត្ត និងគោលនយោបាយ និងឯកសារពាក់ព័ន្ធនានា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «ឯកសារចក្ខុវិស័យនេះមិនមានចេតនាគិតថាក្រសួងមានឧត្តមភាពដាច់ខាតសម្រាប់យកទៅផ្គូផ្គងជាមួយអង្គភាព ឬស្ថាប័នណាមួយទេ តែឯកសារនេះបានផ្ដល់នូវគុណតម្លៃសម្រាប់តម្រង់ទិសពីការ ផ្លាស់ប្ដូរបន្តិចម្តងៗនៃអភិក្រមរៀនផងធ្វើផង ឆ្ពោះទៅអភិក្រមការងារច្បាស់លាស់ វិជ្ជាជីវៈ និងវិន័យការងារ និងអាចរាប់ថាជាការកសាងមូលដ្ឋានសម្រាប់ឆ្លើយតបនឹងបរិវត្តកម្មសកល របត់ការងារថ្មីនៃគន្លងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលតម្រូវឱ្យយើងផ្លាស់ប្ដូរទាំងការគិត និងប្រតិបត្តិ ដើម្បីអភិវឌ្ឍស្ថាប័នយើង»។
ការព្យាករចុងក្រោយបំផុតរបស់រាជរដ្ឋាភិបាលបង្ហាញថា ក្នុងឆ្នាំ ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងរង្វង់ ៥,៦ ភាគរយ ដោយធ្លាក់ចុះពី ៦,៦ ភាគរយនៃការព្យាករកាលពីខែតុលា ឆ្នាំ ២០២២ ដោយសារភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសកលដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការបន្តអូសបន្លាយពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩៕