ភ្នំពេញៈ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC) បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន PPLC Support and Industrial Co. Ltd សម្រាប់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទិ​ក​ភ្នំពេញ ​(PPLC) ដើម្បីឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ឆ្លាត​វៃ​ថ្មី​នៅ​អាស៊ីអាគ្នេយ៍ ជំរុញ​ពាណិជ្ជកម្ម និង​ការតភ្ជាប់ ព្រមទាំង​កាត់បន្ថយ​ការចំណាយ​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៦ ខែកុម្ភៈ រវាង​ស្ថាប័ន IFC Cambodia Super Port TM​ ឬ មជ្ឈមណ្ឌល​ភ័ស្តុភារ​ភ្នំពេញ​ (PPLC) និង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ PPLC Support and Industrial Co. Ltd. ដែលជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ភ័ស្តុភារ​ឈានមុខ​គេ​នៅ​អាស៊ី YCH Group និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ភ័ស្តុភារ​ធំជាងគេ​នៅ​កម្ពុជា World Bridge Group​។​


​បើ​យោងតាម​ក្រុមហ៊ុន IFC ទីតាំង​យុទ្ធសាស្ត្រ​របស់ PPLC​ នៅ​រាជធានី​ភ្នំពេញ ជា​ចំណុចកណ្តាល​នៃ​ប្រទេស និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយនឹង​ការតភ្ជាប់​ទៅគ្រប់​មធ្យោបាយ​នៃ​ការដឹកជញ្ជូន​នឹង​អាចឱ្យ PPLC ក្លាយជា​កន្លែង​ដឹកជញ្ជូន​ពហុ​ទម្រង់​ពេញលេញ​ដំបូងបង្អស់​របស់​ប្រទេស​កម្ពុជា​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង IFC នឹង​គាំទ្រ YCH Group និង World Bridge Group ដើម្បី​ពង្រឹង​ផ្នែក​បច្ចេកទេស​ពាណិជ្ជកម្ម ច្បាប់ និង​បរិស្ថាន និង​សង្គម​ (E&S)​ នៃ​គម្រោង​ដើម្បី​ធ្វើឱ្យ​វា​ក្លាយជា​ការវិនិយោគ​ដែល​អាច​ដំណើរការបាន និង​អាច​ទាក់ទាញ​ហិរញ្ញប្បទាន​ពី​អ្នកផ្តល់​ប្រាក់កម្ចី​អន្តរជាតិ​។​ «IFC ក៏​នឹង​ផ្តល់ឱ្យ​អ្នក​អភិវឌ្ឍន៍​នូវ​ជំនាញ​ក្នុងការ​ធ្វើការ​ក្នុង​ទីផ្សារ​ស្រដៀង​គ្នា​ទូទាំង​ពិភពលោក ការគាំទ្រ​សម្រាប់​ការកាត់បន្ថយ​ហានិភ័យ​គម្រោង ក៏ដូចជា​ដើម្បី​ពង្រឹង​ស្តង់ដា E&S ស្របតាម​ស្តង់ដា​ការអនុវត្ត​របស់ IFC ដែល​នឹង​ជួយ​កែលម្អ​លទ្ធភាព​ធនាគារ និង​និរន្តរភាព​ទាំងមូល​របស់​គម្រោង​»​។ នេះ​បើ​យោងតាម IFC​។​


​ដោយសារ​កម្ពុជា​ស្ថិតនៅ​ចំ​កណ្តាល​នៃ​មហា​អនុតំបន់​មេគង្គ PPLC អាច​ដើរតួ​ធ្វើជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន និង​ភ័ស្តុភារ​ក្នុង​តំបន់​ដែល​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​ផ្លូវ​ពាណិជ្ជកម្ម​តាម​ប្រទេស​កម្ពុជា​។ ការណ៍​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ផ្នែក​ភ័ស្តុភារ ការកែលម្អ​ប្រសិទ្ធភាព​ចង្វាក់​ផ្គត់ផ្គង់ ដើម្បី​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និង​ជំរុញ​ការប្រកួតប្រជែង​របស់​កម្ពុជា​។​

​លោក Riccardo Puliti អនុប្រធាន ​IFC ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​បានឱ្យដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា ការអភិវឌ្ឍ​កំពង់ផែ​ទំនើប​លំដាប់​ពិភពលោក​តម្លៃ​រាប់លាន​ដុល្លារ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រីក​សេដ្ឋកិច្ចកម្ពុជា និង​ជំរុញ​ការតភ្ជាប់​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ដោយ​ផ្តល់នូវ​ចង្វាក់​ផ្គត់ផ្គង់​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់ ដែល​ចុងក្រោយ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​។​

​លោក​ថ្លែងថា​៖ «​ភ័ស្តុភារ គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ហើយ​កំពង់ផែ​ទំនើប​នេះ​ក៏​នឹង​គាំទ្រ​ដល់​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែរ​។ IFC នឹងធ្វើ​ការ​ជាមួយ​ដៃគូ​របស់ខ្លួន​ដើម្បី​លើកកម្ពស់​ការផលិត​ដែលមាន​តម្លៃ​ខ្ពស់​នៅក្នុង​តំបន់ ខណៈពេលដែល​ការពង្រីក​សមាហរណកម្ម​របស់ខ្លួន​ទៅក្នុង​ចង្វាក់​ផ្គត់ផ្គង់ និង​ពាណិជ្ជកម្ម​ពិភពលោក​»​។​

​លោក Robert Yap ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ YCH Group និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សិង្ហ​បុរី បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ផ្នែក​ភ័ស្តុភារ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។ ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម SG Connect និង​គម្រោង​ទី​២ ​របស់ខ្លួន PPLC នឹង​លើកកម្ពស់​ការប្រកួតប្រជែង និង​ភាព​ទាក់ទាញ​របស់​កម្ពុជា តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ពហុ​គំរូ​លំដាប់​ពិភពលោក ដើម្បី​កំណើនសេដ្ឋកិច្ច​។​

​លោក​ថ្លែងថា​៖«​យើង​មាន​ទំនុកចិត្ត​ថា PPLC នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ការតភ្ជាប់​ភ័ស្តុភារ​សម្រាប់​អាស៊ាន និង​លើសពីនេះ​ជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ដំណើរការ​លំដាប់ថ្នាក់​ល្អ​បំផុត​ដើម្បី​កែលម្អ​ថ្លៃដើម​ភ័ស្តុភារ និង​ពេលវេលា​ក្នុង​ការធ្វើ​ទីផ្សារ ក៏ដូចជា​ការអភិវឌ្ឍ​ទេពកោសល្យ​ក្នុងស្រុក ដើម្បី​លើកកម្ពស់​ស្ដង់ដា​សម្រាប់​ឧស្សាហកម្ម​ភ័ស្តុភារ​ក្នុងប្រទេស​កម្ពុជា​»​។​

​លោក សៀ ឫទ្ធី ប្រធាន​ក្រុមហ៊ុន World​ Bridge Group បាន​និយាយថា​៖ «​យើង​មាន​សេចក្តី​រីករាយ​ដែល IFC ជ្រើសរើស​គាំទ្រ PPLC​។ គ្រឿង​បរិក្ខារ​នេះ​នឹង​ក្លាយទៅជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​រីកចម្រើន​រប​ស់​កម្ពុជា តាមរយៈ​ការផ្តល់​គ្រឿង​បរិក្ខារ​សម្រាប់​ការផលិត​ជំនាន់​ក្រោយ​។ ជាមួយនឹង​ក្រុមហ៊ុន YCH Group ដឹកនាំ​គម្រោង​នេះ យើង​មាន​ទំនុកចិត្ត​ថា សមត្ថភាព​របស់ PPLC ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដែលមាន​តម្លៃបន្ថែម​ផ្នែក​ដឹកជញ្ជូន​នឹង​លើកកម្ពស់​ជំហរ​របស់​កម្ពុជា​ក្នុង​តំបន់ ហើយនឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​សេដ្ឋកិច្ចកម្ពុជា​»​។​

​ភ័ស្តុភារ​ជា​វិស័យ​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ក្នុងការ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើត​ផែនការមេ​សម្រាប់​ការតភ្ជាប់​ពហុ​មធ្យោបាយ និង​ភ័ស្តុភារ​។ គម្រោង​នេះ​នឹង​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ក្នុង​តំបន់ និង​លើកកម្ពស់​ការតភ្ជាប់​ប​ណ្តា​ញ​ភ័ស្តុភារ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ប្រទេស​៕