​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១៤ រហូតដល់​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣ នៅ​ខេត្តសៀមរាប ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​នៃ​ប្រទេស​អឺរ៉ុប (OLAF) បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម បើក​កិច្ចប្រជុំ និង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រតិបត្តិការ​គយ​រួមគ្នា រវាង​រដ្ឋបាល​គយ​នៃ​ប្រទេស​សមាជិក​អាស៊ី​-​អឺរ៉ុប (ASEM) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​ប្រទេស​សមាជិក​អាស៊ី​-​អឺរ៉ុប លើ​បញ្ហា​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​។​

​លោក Ernesto BIANCHI អគ្គនាយក​នៃ​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​នៃ​ប្រទេស​អឺរ៉ុប បាន​លើកឡើងថា គោលបំណង​នៃ​កិច្ចប្រជុំ និង​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​ប្រទេស​សមាជិក​អាស៊ី​-​អឺរ៉ុប លើ​បញ្ហា​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ ដូចជា សារធាតុ​គ្រោះថ្នាក់ កាកសំណល់​ប្លា​ស្ទិ​ក ថ្នាំ​សម្លាប់​សត្វល្អិត​ក្លែងក្លាយ និង​ការរត់ពន្ធ​បារី​ក្លែងក្លាយ​និង​ថ្នាំជក់ តាមរយៈ​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ ព្រមទាំង​បន្ត​ពង្រឹង​ការអនុវត្ត​ប្រតិបត្តិកា​រ​គយ​រួមគ្នា​រវាង​ប្រទេស​សមាជិក​អាស៊ី​-​អឺរ៉ុប តាមរយៈ​ការអនុវត្ត​ប្រតិបត្តិកា​រ​រួមគ្នា (NOXIA)​។


​លោក ផា អេង​វ៉េង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងថា នៅក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​អង្គ​ប្រជុំបាន​ឯកភាព​ចាប់ផ្តើម អនុវត្ត​ប្រតិបត្តិការ​គយ​រួមគ្នា​រវាង​ប្រទេស​សមាជិក​អាស៊ី​-​អឺរ៉ុប​ដើម្បី​ប្រយុទ្ធប្រឆាំង​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ លើ​សារធាតុ​គ្រោះថ្នាក់ ទទួលបាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​។

​លោក​បាន​បញ្ជាក់ថា​៖«​ក្រោម​ការគាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​បែលហ្ស៊ិក ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​នៃ​ប្រទេស​អឺរ៉ុប (OLAF) ត្រូវបានចាត់តាំង​ជា​អ្នកសម្របសម្រួល​ការអនុវត្ត​ប្រតិបត្តិការ​គយ​រួមគ្នា​រវាង​ប្រទេស​សមាជិក​អាស៊ី​-​អឺរ៉ុប ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​គយ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ជា​ប្រទេស​សម្របសម្រួល​»​។


​លោក​អគ្គនាយករង ក៏បាន​សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋបាល​គយ​នៃ​ប្រទេស​សមាជិក​អាស៊ី​-​អឺរ៉ុប ទាំង​កម្រិត​ទ្វេភាគី និង​តំបន់ មាន​សារៈសំខាន់​ណាស់ ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដើម្បី​ចូលរួមចំណែក​ការពារ​សង្គម បរិស្ថាន និង​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ី​-​អឺរ៉ុប ដូចជា ការចូលរួម​ទប់ស្កាត់​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ រួមមាន​៖ សារធាតុ​គ្រោះថ្នាក់​, កាកសំណល់​ប្លា​ស្ទិ​ក​, ថ្នាំ​សម្លាប់​សត្វល្អិត​ក្លែងក្លាយ និង​ការរត់ពន្ធ​បារី​ក្លែងក្លាយ និង​ថ្នាំជក់ ជាដើម​។

​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រៅពី​កិច្ចប្រជុំ​នេះហើយ តំណាង​រដ្ឋបាល​គយ​ក​ម្ពុ​ជា​ក៏បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​អូស្ត្រាលី និង រដ្ឋបាល​គយ​នូ​វែ​ល​សេ​ឡង់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​ទាំងពីរ និង​ពិភាក្សា​លើ​ការស្នើសុំ​ជំនួយ​បច្ចេកទេស និង​ពិនិត្យ​លទ្ធភាព​រៀបចំ​អនុស្សរណៈ​យោគយល់​គ្នា លើ​ការងារ​គយ​រវាង​រដ្ឋ​បាល​គយ​កម្ពុជា និង​រដ្ឋបាល​គយ​អូស្ត្រាលី និង​រៀបចំ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការងារ​គយ​រវាង​រដ្ឋ​បាល​គយ​កម្ពុជា និង​រដ្ឋបាល​គយ​នូ​វែ​ល​សេ​ឡង់​ផងដែរ​។​

​សូមជម្រាបថា កិច្ចប្រជុំ និង​វគ្គ​បណ្តុះបណ្តាល ក្នុង​រយៈពេល ០៣​ថ្ងៃនេះ បាន​ផ្តោត​សំខាន់​លើ ១.​កិច្ចសហប្រតិបត្តិការ​គយ​រួមគ្នា​ក្រោម​ក្របខ័ណ្ឌ ASEM, ២.​ការវាយតម្លៃ​ពី​ការ​ប្រឈម​នានា​,៣.​ការរៀបចំ​សេចក្តីព្រាង​ផែនការ​ប្រតិបត្តិការ​គ​យ​រួមគ្នា និង​ការចែករំលែក​បទពិសោធ​ន៍​រវាង​រដ្ឋបាល​គយ​នៃ​ប្រទេស​សមាជិក ASEM៕​