នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ឧបនាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានលើកឡើងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា រដ្ឋាភិបាលតាលីបង់នឹងដាក់ចេញនូវផែនការប្រែក្លាយតំបន់មូលដ្ឋានយោធាបរទេសទៅជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សកម្ម ភាពអាជីវកម្មផ្សេងៗ។
កាលពីខែធ្នូកន្លងទៅ រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទីបានប្រាប់ព័ត៌មានរ៉យទ័រ (Reuters) ថា ក្រសួងពាណិជ្ជកម្មកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើ ផែនការថ្មីនេះក្នុងតំបន់អតីតមូលដ្ឋានទ័ពអាមេរិក ហើយនឹងរៀបចំឯកសារពាក់ព័ន្ធ ផ្សេងៗដើម្បីដាក់ជូនទៅកាន់គណៈកម្មាធិការសេដ្ឋកិច្ចទាំង ២ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីស្តីទីលោក Mullah Abdul Ghani Baradar និងបន្តដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុ ម័ត។
លោកឧបនាយករដ្ឋមន្ត្រីស្តីទីរូបនេះ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីការពិភាក្សាយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយរួចមក គម្រោងនេះត្រូវបានសម្រេចថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តមើលការខុសត្រូវទៅលើមូល ដ្ឋានយោធាបរទេសទាំងអស់ដែលនៅទំនេរ ដើម្បីបំប្លែងតំបន់ទាំងនោះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស»។
លោកបានបន្ថែមថា៖ «ផែនការសាកល្បង នឹងចាប់ផ្តើមផ្លាស់ប្តូរមូលដ្ឋានយោធាដែលស្ថិតនៅរដ្ឋធានីកាប៊ុល និង នៅភាគខាងជើងខេត្តបាល់(Balkh)»។
នៅពេលដែលបានសាកសួរអំពីស្ថានភាពនៃអតីតទីតាំងយោធាដ៏ធំមួយរបស់សហរដ្ឋអាមេរិក លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមតាលីបង់បានប្រាប់អ្នកសារព័ត៌មាន VOA ថា«ពិតមែនហើយ មូលដ្ឋានយោធាបាហ្រ្គាម (Bagram) ស្ថិតក្នុងចំណោមមូលដ្ឋានយោធាដែលកំពុងត្រូវបានបំប្លែងទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោម ផែនការដែលបានបង្ហាញនៅថ្ងៃនេះ»។
សូមជម្រាបដែរថា មូលដ្ឋានទ័ពប្រាហ្គាម ស្ថិតនៅចម្ងាយប្រមាណជា ៧០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងកាប៊ុល (Kabul)។
អស់រយៈពេលជិត ២០ ឆ្នាំហើយដែលទីតាំងនេះ ត្រូវបានបម្រើការជាមជ្ឈមណ្ឌលសរ សៃប្រសាទនៃបេសកកម្មប្រឆាំង ភេរវកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រតិបត្តិការអាល់កៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម តាលីបង់ដែលបះបោរនៅពេលនោះ។
គួររំឭកដែរថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន បានជួបជាមួយនឹងបញ្ហាប្រឈមជាច្រើនមិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារផ្តល់ជំនួយ កំពុងព្រមានអំពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរចាប់តាំងពីក្រុមតាលីបង់ បានចូលកាន់កាប់ក្នុងឆ្នាំ ២០២១ ខណៈដែលកងទ័ពបរទេសបានដកខ្លួនចេញក្រោយពីសង្គ្រាមរយៈពេល ២០ ឆ្នាំ។
ការចូលកាន់កាប់របស់ក្រុមតាលីបង់នេះ បានជំរុញឱ្យមានការកាត់ផ្ដាច់មូលនិធិអភិវឌ្ឍន៍ជាច្រើន ការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលដែលគ្រប់គ្រងដោយបរទេស និងការដាក់ទណ្ឌកម្មលើវិស័យធនាគារទៀតផង។
ម្យ៉ាងវិញទៀត កាលពីឆ្នាំមុន ការសម្រេចចិត្តរបស់រដ្ឋបាលតាលីបង់ក្នុងការរារាំងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីភាគច្រើនមិនឱ្យចូលបម្រើការងារបានជំរុញឱ្យភ្នាក់ងារជំនួយជាច្រើនផ្អាកប្រតិបត្តិការមួយផ្នែកធំរបស់ពួកគេ ខណៈដែលមនុស្សនៅក្នុងប្រទេសរាប់លាននាក់នៅតែពឹងផ្អែកលើជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានលើកឡើងថា ពួកគេកំពុងផ្តោតលើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយខ្លួនឯង តាមរយៈពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ។
វិនិយោគិនបរទេសមួយ ចំនួនបានសម្តែងការព្រួយបារម្ភចំពោះការវាយប្រហារជាបន្តបន្ទាប់ រួមទាំងនៅក្នុងសណ្ឋាគារដ៏ពេញនិយមមួយ ដែលពោរពេញទៅដោយពាណិជ្ជករចិន។
ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកក៏បានកត់សម្គាល់ផងដែរថា ការនាំចេញបានកើនឡើង ហើយរដ្ឋបាលរបស់តាលីបង់បានគ្រប់គ្រងកំណើននេះបានល្អ ដោយរក្សាប្រាក់ចំណូលបានយ៉ាងច្រើនកាលពីឆ្នាំ ២០២២៕