​ភ្នំពេញៈ សាធារណរដ្ឋ​កូរ៉េ​សន្យាថា​នឹង​បង្កើន​កូតា​ទទួល​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​កូរ៉េ​ឱ្យបាន​លើស​ ​១​​ ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ​ ២០២៣​។​នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​លោក​ UHSOOBONG អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ពីថ្ងៃ​ទី ​២០ ខែកុម្ភៈ​។​

​លោក UH SOOBONG បាន​បញ្ជាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថា ភាគី​កូរ៉េ​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​បរទេស​ដែល​ចប់​អាណត្តិ​ការងារ​នៅ​កូរ៉េ​ដែលជា​ការជួយ​ពួកគេ​បន្ថែម​នៅពេល​ត្រឡប់មក​ស្រុកកំណើត​វិញ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​អាច​នឹង​ក្លាយជា​ប្រទេស​អាទិភាព​ដែល​ទទួលបាន​ពី​គម្រោង​ថ្មី​នេះ​ដោយ​គម្រោង​នេះ​មាន​គោលដៅ​ផ្តល់​ប្រាក់កម្ចី​ជួយ​ដល់​ពលករ​ដើម្បី​អាច​បើក​អាជីវកម្ម​មួយ​បាន​សមរម្យ និង​មាន​ប្រាក់ចំណូល​បាន​យ៉ាង​ប្រសើរ​។ ភាគី​កូរ៉េ​សន្យា​ផ្តល់​កូតា​ជូន​ពលករ​កម្ពុ​ជាជាង​១​ម៉ឺន​នាក់​ទៀតហើយ​តាមរយៈ​ការវាយតម្លៃ​ពី​ភាគី​កូរ៉េ​ឃើញថា ពលករ​កម្ពុ​ជាមាន​ភា​ព​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម​»​។​

​នៅក្នុង​ជំនួប​នោះ លោក អ៊ិ​ត ​សំហេង បាន​លើកឡើងថា បើ​ទោះ​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​​ ១៩​ ក្តី ក៏​សាធារណរដ្ឋ​កូរ៉េ​នៅតែ​បន្ត​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ ព្រមទាំង​មើលថែទាំ និង​គាំពារ​ពលករ​កម្ពុជា​បាន​យ៉ាង​ល្អ​ទៀតផង​។ ម្យ៉ាងវិញទៀត នៅពេល​ពលករ​កម្ពុជា​វិលត្រឡប់​ពី​កូរ៉េ​វិញ ពួកគាត់​មាន​វឌ្ឍនភាព និង​មានការ​ប្រែប្រួល​សេដ្ឋកិច្ច ជីវភាព​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​ក្លាយជា​សហគ្រិន និង​ជា​អ្នកវិនិយោគ​ដ៏​ល្បីល្បាញ​។


​លោក​ថា​៖ «​កម្ពុជា​ពិតជា​អរគុណ​ដល់​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​យកចិត្តទុកដាក់​ផ្តល់​ការងារ​ជូន​ពលករ​កម្ពុជា​បានល្អ​ដោយនៅ​ឆ្នាំ​ ២០២៣​ នេះ​ភាគី​កូរ៉េ​សន្យា​ផ្តល់​កូតា​ជូន​ពលករ​កម្ពុ​ជាជាង​១​ម៉ឺន​នាក់​ទៀត តាមរយៈ​គណៈកម្មាធិកា​រ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស ​(MTOSB)​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​នឹង​ជ្រើសរើស​ពលករ​កម្ពុជា​ដែលមាន​សមត្ថភាព​និង​ឧស្សាហ៍​ព្យាយាម ក្នុងការ​បំពេញការងា​រ​ជូន​និយោជក​កូរ៉េ​ឱ្យ​កាន់​តែមាន​ផលិតភាព​ខ្ពស់​»​។​

​ចំពោះ​គម្រោង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​បរទេស​ដែល​ចប់​អាណត្តិ​ការងារ​ដែល​ភាគី​កូរ៉េ​សន្យា​ជួយ​បន្ថែម​នោះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយទៀត​សម្រាប់​ពលករ​កម្ពុជា​ដែល​ពួកគាត់​អាច​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​ដ៏​ជាក់លាក់​មួយ ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​។

​លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា បាន​ថ្លែងថា ជាការ​គួរឱ្យ​សាទរ​ដែល​ភាគី​កូរ៉េ​សម្រេច​បង្កើន​កូតា​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​កូរ៉េ ដោយសារតែ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុងការ​ធ្វើការ​នៅ​ប្រទេស​នោះ ក្នុងនាម​ជា​ប្រទេស​ដែល​ផ្តល់ប្រាក់​បៀវត្សរ៍​ច្រើនជាង​ប្រទេស​ដទៃ​ដល់​ពលករ​បរទេស​។​

​លោក​បាន​បន្ថែមថា ពលរដ្ឋ​កម្ពុជា​ទៅធ្វើ​ការ​នៅ​កូរ៉េ​ទទួលបាន​ប្រាក់ចំណូល​ច្រើន និង​ទទួលបាន​បទពិសោធន៍​ការងារ​ពី​ប្រទេសមួយ​ដោយ​កន្លងទៅ​មាន​ពលករ​មកពី​កូរ៉េ​ជាច្រើន​មាន​ជីវភាព​ធូរធារ និង​មាន​ដើមទុន​ដើម្បី​ធ្វើ​អាជីវកម្ម​ខ្លួនឯងបាន​នៅពេល​ត្រឡប់​មកពី​កម្ពុជា​វិញ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃើញ​បងប្អូន​ពលករ​យើង​ជាច្រើន​ដែល​គាត់​បានចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​ក្រោយពី​ត្រឡប់​មកពី​កូរ៉េ​វិញ ជាពិសេស​អ្នក​នៅ​ផ្នែក​កសិកម្ម​ដូចជា​ការដាំដុះ​បន្លែ​តាម​ទំនើប និង​ធម្មជាតិ​ជាដើម​។ ពួកគាត់​បាន​ប្រើ​ចំណេះ​ជំនាញ និង​បទពិសោធន៍ ដែល​បាន​ពី​ការធ្វើការ និង​យល់ដឹង​នៅ​ប្រទេស​កូរ៉េ មក​អនុវត្ត​នៅ​ស្រុកកំណើត​។ ម្យ៉ាងវិញទៀត ប្រាក់ចំណូល​របស់​ពល​ករ​កម្ពុជា​យើង​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ផងដែរ​»​។​

​លោក ថៃ វិមាន ជា​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​ផ្នែក​ឧស្សាហកម្ម​នៅ​ខេត្ត​ឃ្យ​ង់​គី​ដូ​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែងថា លោក​ទើបតែ​បានបញ្ចប់​ការសិក្សា​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បន្ថែម​ពី​មជ្ឈមណ្ឌល​សិក្សា​វិជ្ជាជីវៈ​របស់​កូរ៉េ​ដោយ​ការរៀន​នេះ​មានការ​ឧបត្ថម្ភ​ដោយផ្ទាល់​ពី​រដ្ឋាភិបាល​កូរ៉េ​។​

​លោក​បាន​ប្រាប់ថា ជំនាញ​ដែល​លោក​រៀន​បន្ថែម​នោះ​គឺ​ផ្នែក​ចម្អិន​អាហារ​ដែល​ត្រូវការ​បណ្តុះបណ្តាល​រយៈពេល​ ១០​ សប្តាហ៍ ហើយ រាល់​ការចំណាយ​ផ្សេងៗ​របស់​ពលករ​ដែល​ទៅ​រៀន​រៀងរាល់​ចុង​សប្តាហ៍ ដូចជា ថ្លៃ​ធ្វើដំណើរ និង​ប្រាក់ឧបត្ថម្ភ​បន្ថែម ជា​បន្ទុក​របស់​រដ្ឋាភិបាល​កូរ៉េ​។ លុះ​ដល់ពេល​បញ្ចប់ មជ្ឈមណ្ឌល​សិក្សា​វិជ្ជាជីវៈ​របស់​កូរ៉េ​នឹងមាន​ចេញ​វិញ្ញាបនបត្រ​ជូន​ដល់​អ្នក​ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​នោះ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ការផ្តល់​ជំនាញ​វិជ្ជាជីវៈ​បន្ថែម​ដល់​ពលករ​កម្ពុជា ក៏ដូចជា​ពលករ​ប្រទេស​ដទៃទៀត​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះថា ពេល​យើង​ចប់​អាណត្តិ​ទៅ ត្រឡប់​ទៅ​ខ្មែរ​វិញ យើង​នឹងមាន​ជំនាញ​មួយ​ជាប់​ខ្លួន ដោយ​យើង​អាច​ប្រើប្រាស់​ដើមទុន​ផ្ទាល់ខ្លួន​ទៅ​បើក​មុខរបរ​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ​ទោះជា​មានការ​ប្រឹងប្រែង​ជួយ​ពី​ភាគី​ពាក់ព័ន្ធ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​វា​អាស្រ័យទៅលើ​ការព្យាយាម​របស់​ពលក​រ​យើង​ម្នាក់ៗ​ផងដែរ​ថា តើ​យើង​ចង់​មានការ​រីកចម្រើន​ជាង​នេះ​ឬ​អត់​?»៕​