ភ្នំពេញៈ កម្ពុជាបាននាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ក្នុងតម្លៃសរុប ២៣២,៨២៤ លានដុល្លារ នាខែមករា ឆ្នាំ ២០២៣ កើនឡើង ១១៤,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ១០៨,៤៩៥ លានដុល្លារ។ ទោះបីយ៉ាងណាចំនួននេះបានធ្លាក់ចុះ ២១,៩៩ ភាគរយពី ២៩៨,៤៦៥ លានដុល្លារកាលពីខែធ្នូ ឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់ GDCE គឺប្រភេទទំនិញខាងលើស្ថិតក្នុងជំពូកទី ៨៥ នៃប្រព័ន្ធ HS នៃបញ្ជីឈ្មោះពន្ធរបស់ GDCE ដោយស្មើនឹង ១៤,៨៥ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងខែមករា ឆ្នាំ ២០២៣ ដែលមានចំនួន ១ ៥៦៧,៨៦៧ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ទីផ្សារនាំចេញផលិតផលរបស់កម្ពុជាកំពុងមានការប្រែប្រួល ដោយប្រភេទទំនិញដែលកម្ពុជាធ្លាប់នាំចេញច្រើន (វាយនភណ្ឌ) គឺគ្មានសញ្ញាវិជ្ជមានឡើយរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កំណើននៃការនាំចេញផលិតផលគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ព្រមទាំងគ្រឿងបង្គុំអេឡិចត្រូនិក កើនឡើងបន្តបន្ទាប់។ លោកបន្តថា កំណើនការនាំចេញផលិតផលខាងលើ បង្ហាញថា មូលដ្ឋានគ្រឹះនៃការវិនិយោគលើប្រភេទឧស្សាហកម្មធុនមធ្យម និងធំ នៅកម្ពុជាមានដំណើរការកាន់តែល្អ។
លោកថ្លែងថា៖ «ការកើនឡើងចំនួនទឹកប្រាក់នាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី អេឡិចត្រូនិក និងគ្រឿងបង្គុំ មានន័យថា កម្ពុជាកំពុងទទួលការវិនិយោគលើវិស័យឧស្សាហកម្មកាន់តែច្រើន។ នៅពេលមានការវិនិយោគបែបនេះកាន់តែច្រើន វាក៏អាចជួយទាក់ទាញក្រុមហ៊ុនផលិត ឬដំឡើងយានយន្តឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជាផងដែរ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការទទួលបានភាពអនុគ្រោះពន្ធពីប្រទេសធំៗធ្វើឱ្យចំនួនក្រុមហ៊ុនមកបណ្តាក់ទុននៅកម្ពុជាកើនឡើងជាបន្តបន្ទាប់។ អ្វីគួរឱ្យកត់សម្គាល់នៅពេលនេះ គឺប្រភេទនៃការបណ្តាក់ទុនមានលក្ខណៈចម្រុះកាន់តែច្រើន។ ភាពចម្រុះនេះ គឺមានភាពចាំបាច់ណាស់សម្រាប់ផែនការនាំចេញទៅទីផ្សារអន្តរជាតិ ព្រោះបើផលិតផលណាមានបញ្ហាក្នុងការបញ្ជាទិញ គឺនៅមានផលិត ផលចម្រុះជាច្រើនទៀតមកជំនួស។
លោកបញ្ជាក់ថា៖ «តាមរយៈកំណើននេះ ខ្ញុំរំពឹងថានៅពេលអនាគតនឹងមានរោងចក្រផលិតផលិតផលសម្រេចជាច្រើនចូលមកវិនិយោគនៅកម្ពុជា»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជាប្រមូលបានប្រាក់ ១ ៩៩៨,១៩៦ លានដុល្លារពីការនាំចេញផលិតផលខាងលើទៅទីផ្សារអន្តរជាតិ កើនឡើង ៨៤,៨ ភាគរយបើធៀបនឹងឆ្នាំ ២០២១៕