មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិកម្ពុជា បាន​បង្ហាញ​ក្តី​រំពឹង​ថា វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ចិន​ដែល​ត្រូវបាន​រៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា នឹងរួម​ចំណែក ដើម្បី​បើក​ច្រក​ទីផ្សារ និង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង២ (កម្ពុជា-ចិន ) កាន់តែ​ទូលំទូលាយ។

លោក សុខ សុភ័ក្រ្ត រដ្ឋ​លេខាធិការ​ក្រសួង ពាណិជ្ជកម្ម​ថ្លែងក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ចិន (ហៃណាន)កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ឱ្យដឹង​ថា តាមរយៈ​វេទិកានេះ​ប្រទេស​ទាំង២​នឹង​បន្តកិច្ច​សហប្រតិ​បត្តិការ​ល្អជា​បន្តបន្ទាប់ ដែល​នាពេល​ខាងមុខ​ដ៏ខ្លី​នេះ នឹង​មាន​អនុស្សរណៈ​នៃការ​យោគយល់គ្នា​រវាង​កម្ពុជា (ក្រសួង​ពាណិជ្ជកម្ម) និង​ចិន (ខេត្ត​ហៃណាន) ជា​ជំហាន​ដំបូង លើ​កិច្ច​សហប្រតិបត្តិការ​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដើម្បី​បើក​ច្រក​ទីផ្សារ និង​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ។


លោក​បន្ត​ថា ជាមួយគ្នា​នេះ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង២​ជាមួយ​កិច្ច​ព្រមព្រៀង RCEP និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន នឹង​បន្ត​ការសហការ​ជួយគ្នា​ដើម្បី​ជំរុញ​សម្រេច​ទិសដៅ​តែមួយ ក្នុងការ​តភ្ជាប់​ទំនាក់ទំនង ក៏ដូចជា​បើក​ទីផ្សារ​ចូល​ទៅកាន់​តំបន់​អាស៊ាន និង​ពិភពលោក​ផងដែរ។

លោក​បន្ថែម​ថា មួយវិញ​ទៀត សក្តានុពល​នៃ​គម្រោង​បង្កើត​កំពង់ផែ​តំបន់​សេដ្ឋកិច្ច​ពហុបំណង​ខេត្ត​ព្រះសីហនុ ដែល​ស្របគ្នា​នឹង​ខេត្ត​ហៃណាន កំពុងតែ​សាងសង់​នូវ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី នឹង​ជំរុញ​និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២​នាពេល​អនាគត លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច កិច្ច​សម្រួល​ពាណិជ្ជកម្ម ការស្រូប​យក​ការវិនិយោគ​ពី​បរទេស និង​ជំរុញ​វិស័យ​ឧស្សាហកម្ម។


លោក SHEN Danyang អភិបាល​រង​ខេត្ត​ហៃណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឱ្យ​ដឹង​ថា សក្តានុពល​នៃ​ខេត្ត​ហៃណាន មាន​នូវ​ប្រវត្តិ​ដ៏ស្រស់​ត្រកាល​ជាមួយ​ភាព​យុត្តិធម៌ និង​សមភាព ព្រមទាំង​មាន​ទីតាំង​ភូមិ​សាស្រ្ត និង​មានភាព​អំណោយផល​ផ្នែក​ទេសចរណ៍ កសិកម្ម និង​បច្ចេកទេស​ឧស្សាហកម្ម។

លោក​បន្ត​ថា បើក្រឡេកមើល​ពី​កាលានុវត្តភាព​នៅ​ខេត្ត​ហៃណាន នាពេល​បច្ចុប្បន្ន​នេះ ក្រោម​ការដឹកនាំ​របស់ លោក ស៊ី ជីនភីង ប្រធានា​ធិបតី​ចិន បាន​ធ្វើ​ការកែសម្រួល​គោលនយោបាយ​អនុគ្រោះពន្ធ ការវិនិយោគ ជាពិសេស​ការកសាង​នូវ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត​ហៃណាន ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២៥។

លោក​ថ្លែង​ថា៖ «អ្វីដែល​ពិសេស ការពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុជា បន្ទាប់​ពី​បើក​ប្រទេស​ឡើងវិញ​នាពេលថ្មីៗ​នេះ នឹង​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​សម្រាប់​ការនាំ​ចេញ-នាំចូល​រវាង​ប្រទេស​ទាំង២​មាន​ការកើន​ឡើង​ជាបន្ត​បន្ទាប់ ជាក់ស្តែង​បច្ចុប្បន្ន​ខេត្ត​ហៃណាន កំពុង​នាំចូល​ផ្លែ​ចេក​ស្រស់ និង​ម្រេច​ពី​កម្ពុជា»។

លោក គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ចិន ដែល​ត្រូវបាន​ធ្វើ​នៅ​ពេល​នេះ គឺ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ជំនួញ​ទាំងអស់ និង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង២​បាន​ជួបគ្នា និង​បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​នូវ​ព័ត៌មាន​នានា​ផងដែរ។

លោក​បន្ត​ថា មួយវិញទៀត វេទិកា​នេះ ក៏នឹង​ជួយ​ឱ្យ​អ្នក​នយោបាយ ឬ​អ្នក​កំណត់​គោលនយោបាយ​ទាំងអស់​លើកឡើង​នូវ​បញ្ហា​របស់​ប្រទេស​ខ្លួន​រៀងៗ​ខ្លួន ដើម្បី​រក​ដំដោះស្រាយ​ ជាពិសេស លើកឡើង​នូវ​បញ្ហា​ប្រឈម​លើ​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ឱ្យ​ភាគី​ទាំង២​រក​ដំណោះស្រាយ​បែប​ណា ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ឱ្យ​មានការ​រីកចម្រើន។

លោក​ថ្លែង​ថា៖ «ខ្ញុំយល់ថា វេទិកា​នេះ នៅតែ​មាន​សារៈ​សំខាន់ និង​ជាវេទិកា​មួយ​ជំរុញ​ពាណិជ្ជកម្ម​របស់​ប្រទេស​យើង​ឱ្យ​រឹងម៉ាំ​ឡើង​ជាង​មុន»។

សូម​បញ្ជាក់​ថា ដើម្បី​ធ្វើ​ឱ្យ​កិច្ចសហ​ប្រតិបត្តិការ​ជំរុញ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច វេទិកានេះ​ក៏រៀបចំ​ឱ្យ​មានការចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃ​ការយោគយល់គ្នា​ចំនួន ២ រួម​មាន ១ រវាង​ក្រុម​ប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ចិន នៃ​ក្រុម​ប្រឹក្សា​ខេត្ត​ហៃណាន (CCPIT Hainan) និង​សភា​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ចិន ហៃណាន (CCOIC Hainan) ជាមួយ​ក្រុមហ៊ុន​ឯកជន​កម្ពុជា​នៅតំបន់​សេដ្ឋកិច្ច​ពិសេស ស្តី​ពី​កិច្ច​ជំរុញ​សហប្រតិបត្តិការ​ឧស្សាហកម្ម និង ២ រវាង​ក្រុមហ៊ុន​ឯកជន​កម្ពុជា និង​ក្រុមហ៊ុន​ខេត្ត ហៃណាន ស្តី​ពី​កិច្ចសហ​ប្រតិបត្តិការ​លើ​ការដាំដុះ​ម្រេច៕​​