ធនាគារជាតិនៃកម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ចំនួន ២ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​ជាមួយ​ធនាគារ​កណ្តាល​នៃ​កោះ សូឡូម៉ូន និង ធនាគារ​កណ្ដាល ហ្វីជី។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ​ធ្វើឡើង កាល​ពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ​លោក Luke Forau ទេសាភិបាល ធនាគារ​កណ្តាល​នៃ​កោះ សូឡូម៉ូន និង​លោក Esala Masitabua ទេសាភិបាលរង​នៃ​ធនាគារ​កណ្ដាល ហ្វីជី។


លោក ជា ចាន់តូ បាន​លើក​ឡើង​ថា ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ គឺជា ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ធនាគារកណ្តាល​ទាំង ៣ ដើម្បី​សម្រេច​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ​ឱ្យ​បាន​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត តាម​រយៈការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​ប្រទេស​នីមួយៗ។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖ «គោល​បំណង​សំខាន់​នៃ​អនុស្សរណៈ​យោគយល់​នេះ​ គឺ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​លើ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់ ព្រម​ទាំង​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ពាក់ព័ន្ធ​ស្តីអំពី​នវានុវត្តន៍ និង ការ​ទូទាត់​តាម​បែប​ឌីជីថល​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ។ អនុស្សរណៈ​យោគយល់​នេះនឹង​ផ្តល់​ជា​ក្របខ័ណ្ឌ​ជំរុញ​កិច្ច​សហប្រតិបត្តិការ តាម​រយៈការ​ផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍ ដល់​គ្នា​ទៅវិញទៅមក»។


លោក Luke Forau ទេសាភិបាល​ធនាគារ​កណ្តាល​​កោះសូឡូម៉ូន បាន​សម្ដែង​នូវ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​សិក្សា​អំពី​បទពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន កោះសូឡូម៉ូន។

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​លោក Luke Forau ទេសាភិបាល ធនាគារ​កណ្តាល​នៃ​កោះ សូឡូម៉ូន​ ក្នុងពេល​​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​​កាល​ពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នៅ​រាជធានី​ភ្នំពេញ។ រូបថត ធនាគារជាតិ​

លោក Luke Forau បាន​បញ្ជាក់​បន្ថែម​ថា ៖«ប្រទេស​កម្ពុជា បាន​ផ្តល់​ឱកាស​ឱ្យ​យើង​ស្វែង​យល់​ពី​ការ​ដឹកនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ព្រម​ទាំង​បាន​ផ្តល់​ការ​គាំទ្រ​បន្ថែម តាម​រយៈការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ក្នុង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ដែល​អាច​ឱ្យ​សាធារណជន​ធ្វើការ​ទូទាត់ និង​ទទួល​បាន​មូលនិធិ​ងាយស្រួល​និង​ភ្លាមៗ»។

ជាមួយ​គ្នានេះ​ដែរ លោក Esala Masitabua ទេសាភិបាល​រង ធនាគារ​កណ្ដាល ហ្វីជី បាន​ថ្លែង​ថា ធនាគារ​កណ្ដាល​ហ្វីជី ពិត​ជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ចំពោះ​ទឹកចិត្ត​ក្នុង​ការ​ចែក​រំលែក​បទពិសោធន៍ និង​ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់។

លោក Esala បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖« អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​បាន​ផ្តល់​នូវ​ក្របខ័ណ្ឌ​សម្រាប់​ការ​ចែក​រំលែក​ព័ត៌មាន និង​កិច្ច​សហប្រតិបត្តិការ​ដោយ​បើក​ចំហ ដែល​នឹង​ជួយ​ដល់​ប្រទេស ហ្វីជី ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឌីជីថល ដែល​ទំនើប មានប្រសិទ្ធភាព និង​អាច​ទុក​ចិត្ត​បាន សម្រាប់​គាំទ្រ​ដល់​តម្រូវ​ការ​របស់​ប្រជាជន ហ្វីជី។ កិច្ច​សហប្រតិបត្តិការនេះ ក៏​នឹង​គាំទ្រ​បន្ថែម​ទៀត​ដល់ការ​កែ​ទម្រង់​ប្រព័ន្ធ​ទូទាត់​ជាតិ​ដែល​កំពុង​ដំណើរការ និង​អនុញ្ញាត​ឱ្យ​ ហ្វីជី អាច​រីក​ចម្រើន​បាន​លឿន​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ»។

គូសបញ្ជាក់ថា ប្រព័ន្ធបាគង របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺជា គម្រោង​ដែល​បាន​ប្រើប្រាស់​ផ្លេតហ្វម​បច្ចេកវិទ្យា​ ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់ និង​ការ​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ប្រព័ន្ធ​ទូទាត់ និង​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ការប្រើប្រាស់ប្រាក់​រៀល។

បច្ចុប្បន្ន ប្រព័ន្ធបាគង​មាន​គ្រឹះស្ថាន​ជា​សមាជិក​ចំនួន ៧០៕