​ពាណិជ្ជកម្ម​ដ៏​សំខាន់​បាន​បន្ត​នៅ​ច្រកព្រំដែន​សំខាន់​រវាង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សៅរ៍​ខណៈដែល​ច្រក​ផ្លូវ​ពាណិជ្ជ​កម្ម​ដ៏​មមាញឹក​បំផុត​របស់​ពួកគេ បាន​បើក​ឡើងវិញ ជិត ១ ​សប្តាហ៍ បន្ទាប់ពី​ត្រូវបាន​បិទ ដោយ​អាជ្ញាធរ​តា​លី​បង់​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ បាន​ផ្ទុះឡើង​ចាប់​តាំងពី​ក្រុម​តា​លី​បង់​បាន​ឡើងកាន់​អំណាច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ទីក្រុង​អ៊ីស្លា​ម៉ា​បាដ​បាន​ចោទ​ប្រកាន់​ប្រទេសជិតខាង​របស់ខ្លួន​ពីបទ​ផ្តល់​ជម្រក​ឱ្យ​ក្រុម​សកម្មប្រយុទ្ធ​ដែល​បានធ្វើការ​វាយប្រហារ​លើ​ដី​របស់ខ្លួន ជាការ​ចោទប្រកាន់​ដែលទីក្រុង​កា​ប៊ុល បដិសេធ​។​


​មាន​ការបិទ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជា​ញឹកញាប់ និង​ការ​ផ្ទុះឡើង​នៃ​អំពើ​ហឹ​ង្សា​នៅតាម​ខ្សែ​បន្ទាត់​ដែល​ភាគច្រើន​ភ្នំ ខណ្ឌ​ចែក​ប្រទេស​ទាំង​ ២ ដែល​មិនមាន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្លាប់​ទទួលស្គាល់​នោះទេ​។​

​ច្រក​ឆ្លងកាត់​ព្រំដែន Torkham ត្រូវបាន​បើក​ឡើងវិញ​នៅ​ម៉ោង​ ៦​ ព្រឹក​ (​ម៉ោង​ ១០:​​៣០ ម៉ោង​សកល​) កាលពី​ថ្ងៃ​សៅរ៍ មន្ត្រី​គយ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Muslim Khaksar បាន​និយាយថា នៅ​ទីតាំង​នេះ​ក្នុង​ខេត្ត​ Nangarhar ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន​។


​លោក​បាន​ថ្លែងថា​៖ «​ព្រំដែន​ឥឡូវនេះ បើក​ពី​ភាគី​ទាំង​​សងខាង​សម្រាប់​ជន​ស៊ីវិល ក៏ដូចជា​អ្នកជំនួញ​ដែរ​»​។​

​មន្ត្រី​គយ​ប៉ា​គី​ស្ថាន បាន​និយាយថា​៖ «​រថយន្ត​ដឹក​អង្ករ ស៊ីម៉ងត៍ សម្ភារ​សំណង់ ថ្នាំ​ពេទ្យ និង​របស់របរ​ប្រើប្រាស់​ផ្សេងទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​បន្ថែមថា រថយន្ត​ដឹកទំនិញ​ដែល​ផ្ទុក​ដោយ ធ្យូងថ្ម បន្លែ និង​ផ្លែឈើ បានធ្វើ​ដំណើរ​តាមផ្លូវ​ផ្សេង​។​

​លោក​បាន​បន្ថែមថា ប៉ុន្តែ​រថយន្ត​ដឹកទំនិញ​ប្រហែល ១ ៤០០ គ្រឿង​នៅ​ខាង​ប៉ា​គី​ស្ថាន នៅតែ​រង់ចាំ​ឆ្លង​ចូល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ខណៈដែល​កិច្ចការ​ដឹកជញ្ជូនដែល​ជាប់គាំង ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​៕​