ភ្នំពេញៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​ ១ ​នឹង​ទិញ​កសិផល​បន្លែ​ពី​កសិករ​ក្នុង​ ១ ថ្ងៃ​ ប្រមាណ ​​៥០០ ​តោន​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​រាជធានី​ភ្នំពេញ ​ខណៈ​ក៏មាន​ការ​សាទរ​ផងដែរ​ពី​សហគមន៍​កសិកម្ម​ ១​ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។​

លោក ផាន សុភ័ក្ត្រ ​ស្ថាបនិក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កសិកម្ម​ដែលមាន​ទីតាំងនៅ​សង្កាត់​កា​កាប​ទី​១ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១ មីនា​ថា មជ្ឈមណ្ឌល​របស់លោក​មាន​ឈ្មោះថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុ​ជា ​ហើយ​មាន​ទិសដៅ​ប្រមូល​ទទួល​ទិញ​ភោគផល​បន្លែ​កសិកម្ម​ពី​កសិករ ​​ប៉ុន្តែ​ត្រូវធ្វើ​ការ​វេច​ខ្ចប់​ទៅតាម​លក្ខណៈ​បច្ចេកទេស​អនាម័យ​ឱ្យ​រួចរាល់​នៅ​កសិដ្ឋាន​នោះ​តែម្តង ​ហើយ​ទើប​ដឹកជញ្ជូន​មក​មជ្ឈមណ្ឌល​។​


លោក​បន្តថា នៅពេលដែល​កសិផល​ចូលដល់​មជ្ឈមណ្ឌល​គឺ​នឹងត្រូវ​ធ្វើការ​បែងចែក​ល​ក់​បន្ត​ទៅឱ្យ​អតិថិជន​ដែលជា​អាជីវករ​។​ ចំពោះ​បន្លែ​ដែល​លោក​ត្រូវ​ប្រមូល​ទិញ​ពី​ប្រជាកសិករ​នោះ​មាន​២​ប្រភេទ​គឺ​ទី​១-​ជា​បន្លែ​ទូទៅ​ឬ​អាចនិយាយបាន​ថា​ បន្លែ​នៅតាម​ផ្សារ ​និង​ទី​២-​មាន​បន្លែ​សរី​រា​ង្គ​តែ​ស្ថិតនៅក្នុង​ទំហំ​ប្រហែលជា​១៥​ទៅ​២០ភាគរយ​នៃ​បន្លែ​ចម្រុះ​ប៉ុណ្ណោះ​។ ​បើតាម​លោក​ប៉ាន់ស្មាន​គឺ​សម្រាប់​រាជធានី​ភ្នំពេញ​អាច​ត្រូវការ​ផល​កសិកម្ម​មក​ផ្គត់ផ្គង់​ប្រហែលជា​៥០០​តោន​ក្នុង​១​ថ្ងៃ​។​

លោក​ថ្លែងថា​៖«​ជា​ផែន​ការ​របស់ខ្ញុំ​សម្រាប់​ពេល​អ​នា​គតគឺ​ខ្ញុំ​ទទួល​ទិញ​តែ​ភោគផល​ណា​ដែល​ដាំ​តាម​ស្តង់ដា​បច្ចេកទេស​កសិក​ម្ម​ទេ​។​អ៊ីចឹង​សម្រាប់​ថ្ងៃ​អ​នាគ​ត់ទៅ​ខ្ញុំ​សង្ឃឹមថា​ពលរដ្ឋ​កម្ពុជា​យើង​នឹង​ទទួលបាន​ផាសុខភាព​តាមរយៈ​ការទទួល​ទាន​កសិផល​សរី​រា​ង្គ​»​។​


បើតាម​លោក សុភ័ក្ត្រ ចំពោះ​ការងារ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​នេះ​គឺ​លោក​បាន​គិតគូរ​តាំងពី​១០​ឆ្នាំមុន​មកម្ល៉េះ​។​សម្រាប់​តំបន់​គោលដៅ​ដែល​លោក​ត្រូវ​ប្រមូល​ទិញ​កសិផល​កសិកម្ម​នៅ​តំបន់​ណាមួយ​នោះ​គឺ​លោក​បាន​គិត​រួចហើយ​ប៉ុន្តែ​លោក​មិនទាន់បាន​ទៅ​ជួប​សហគមន៍​កសិកម្ម​ក្នុងស្រុក​ឬ​ខេត្ត​ណាមួយ​នៅឡើយ​ទេ​។​មជ្ឈមណ្ឌល​កសិកម្ម​សាងសង់​លើ​ផ្ទៃដី​ទំហំ​១៧០០០​ម៉ែត្រការ៉េ​ស្មើ​ជាង​១​ហិកតា​ហើយ​គ្រោង​នឹង​ដំណើរការ​ក្នុង​ខែមេសា​ឆ្នាំ​២០២៣​នេះ​។​

ដោយឡែក​លោក ឈឹម គឹម​សាន ប្រធាន​អង្គការ​ជំរុញ​ការ​អភិវឌ្ឃន៍​សេដ្ឋកិច្ចកម្ពុជា​ដែលជា​ដៃគូ​សហការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១ មីនា​ថា ​អង្គការ​របស់លោក​បាន​ធ្វើការ​សហការ​ជាមួយ​ខាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​នេះ​គឺជា​អ្នកសម្របសម្រួល​ក្នុង​ការរត់​លិខិតស្នាម​ផ្សេង​តាមផ្លូវ​ច្បាប់​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​ ប៉ុន្តែ​អង្គការ​ក៏មាន​តួនាទី​បណ្តុះបណ្តាល​បង្ហាត់​បង្រៀន​ពីបច្ចេកទេស​ដាំ​ដុះ​ដល់​ប្រជាកសិករ​បន្ថែម​ពីលើ​ចំណេះដឹង​ផ្នែក​កសិកម្ម​ដែល​ពួកគាត់​មាន​ស្រាប់​។​

លោក​បញ្ជាក់ថា បច្ចុប្បន្ន​ប្រជាកសិករ និង​ជាពិសេស​សិស្ស​និស្សិត​កម្ពុជា​បាន​សិក្សា​ជំនាញ​កសិកម្ម​ចេះ​ច្រើន​ទៅហើយ​ក៏ប៉ុន្តែ​គ្រាន់តែ​ថា​មុខរបរ​កសិកម្ម​របស់​គាត់​នៅ​ជួប​បញ្ហា​ទីផ្សារ​។​ការប្រកួតប្រជែង​នឹង​ទីផ្សារ​នេះ​ក៏ដោយ​សារ​មានការ​នាំចូល​ពី​បរទេស​ច្រើន តែ​យ៉ាងណា​ទីផ្សារសេរី​គឺ​លោក​មិន​ជំទាស់​នៃ​ការ​នាំចូល​ទេ​។​«​យើង​សុខចិត្ត​បញ្ចេញស្នាដៃ​តាមរយៈ​ការងារ​វិញ​ដើម្បី​ទប់​ការ​នាំចូល​។​ការនាំ​ចូល​គេ​មិន​ហាមឃាត់​ទេ​តែ​នៅ​ថ្ងៃក្រោយ​ប្រជាកសិករ​គាត់​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​ជាមួយ​អង្គការ​បាន​យល់ចិត្ត​គ្នា​ទៅ​គឺ​គាត់​នឹង​ជួយ​ចូលរួម​ក្នុង​ការងារ​នេះ​កាន់តែខ្លាំង​»​។​

​ ពាក់ព័ន្ធ​ការដាំដុះ​វិញ​ត្រូវបាន​អ្នកស្រី ទូច ជិ​ច ប្រធាន​សហគមន៍​កសិក​ម្ម​ស្វាយ​ប្រទាល​ក្នុង​ក្តីសង្ឃឹម ស្ថិតនៅ​ស្រុក​ស្អាង ខេត្តកណ្តាល​បានឱ្យដឹងថា បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក​ចំនួន​១៧០​គ្រួសារ ​ហើយ​ដំណាំ​ដែល​កំពុង​ដាំ​ដុះ​មាន សាលាដ​ខ្មែរ ស្ពៃក្តោប ស្ពៃ​ក្រ​ញាញ់ ស្ពៃ​តឿ​ខៀវ ស្ពៃ​ពណ៌​លឿង ស្ពៃចង្កឹះ ផ្កា ស្ពៃ​ខ្មៅ ខាត់ណា ខាត់ណា​ដើម ស្ពៃ​ផ្កា​លឿង ស្ពៃ​ផ្កាស​។ បន្លែ​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន​ឈ្មោះ AIC បាន​ចុះកុងត្រា​ជាមួយ​សហគមន៍​ដើម្បី​ទិញ​ជា​រៀងរាល់​រដូវ​។​

អ្នកស្រី​បន្តថា ក្នុង​១​ថ្ងៃ​សហគមន៍​បាន​ប្រមូល​ផល​ពី​ប្រជាកសិករ​បាន​ជាង​៣០០​គីឡូក្រាម​ដែល​ការប្រមូល​នេះ​ជាការ​កុម្ម៉ង់ពី​ខាង​ក្រុមហ៊ុន​។​តែបើ​លើស​តម្រូវការ​របស់​ក្រុមហ៊ុន​គឺ​កសិករ​គាត់​យកទៅលក់​នៅតាម​ទីផ្សារ​ដោយ​ខ្លួន​គាត់​បាន​។​ចំពោះ​តម្លៃ​វិញ​គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​បន្លែ​ជា​មធ្យម​១​គីឡូក្រាម​ថ្លៃ​ចន្លោះ​ពី​ជាង​២​ពាន់​ទៅជា​ង​៤​ពាន់​រៀល​។​ប៉ុន្តែ​ខែ​នេះ​កសិករ​ជួប​បញ្ហា​ដោយសារ​អាកាសធាតុ​ប្រែប្រួល​ ដាំ​បន្លែ​មិនសូវ​បាន តែ​បន្លែ​ក៏​ឡើងថ្លៃ​ដែរ​។

​អ្នកស្រី​សង្កត់ធ្ងន់ថា​៖«​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​កោតសរសើរ​ថា​ បន្លែ​សហគមន៍​ប្រើ​ជី​សរី​រា​ង្គ ជីធម្មជាតិ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​កាត់បន្ថយ​ជីគីមី ​ហើយ​ខ្ញុំ​សង្ឃឹមថា ​ក្រោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​ដំណើរការ​គឺ​បន្លែ​ក្នុង​សហគមន៍​ឬ​ខ្ញុំ​កាន់​តែមាន​ទីផ្សារ​»៕