ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹង​ថា ការសិក្សា​សមិទ្ធិលទ្ធភាព​គម្រោង​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេ​បាសាក់ ទៅកាន់​កំពង់ផែ​សមុទ្រ​នៃ​ខេត្ត​កំពត បាន​បង្ហាញ​ថា​គ្មាន​បញ្ហា​ចោទ​ឡើយ ទាំង​បច្ចេកទេស បរិស្ថាន និង​ច្បាប់​ទម្លាប់ ខណៈ​ដែល​គម្រោងនេះ​ត្រូវបាន​ព្យាករណ៍​ថា នឹងក្លាយជា​កម្លាំង​ចលករ កែប្រែ​មុខមាត់​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជា លើ​ឆាក​អន្តរ​ជាតិ និង​ផ្តល់​ផល​ចំណេញ​ខ្ពស់​ដល់​សេដ្ឋកិច្ច​ជាតិ។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា រវាង​អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និងថ្នល់​ចិន​(CRBC) អំពី​លទ្ធផល​នៃការសិក្សា​សមិទ្ធិលទ្ធភាព​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេ​បាសាក់ ដែលបាន​សិក្សា​លម្អិត​ដោយ​ក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានថ្លែង​ថា មកដល់​ពេលនេះ​ការសិក្សា​សមិទ្ធិលទ្ធភាព​នៃ​គម្រោង​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេ​បាសាក់ ស្ទើរតែ​រួចរាល់ និង​គ្រប់​ជ្រុងជ្រោយ​ទាំងស្រុង ទៅតាម​បទដ្ឋាន​បច្ចេកទេស និងអនុសញ្ញា​អន្តរ​ជាតិ ដែល​ពាក់ព័ន្ធ​នឹងការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក។


លោក​បានបន្ថែម​ថា នៅក្នុង​ការសិក្សា​នេះ គ្រប់​ភាគី​ពាក់ព័ន្ធ​បានធ្វើ​ការជាក់ស្តែង​នៅនឹង​ទីតាំង​មូលដ្ឋាន ដោយ​បាន​សហការគ្នា​ពិនិត្យ​ពិភាក្សា​ដោយយកចិត្ត​ទុកដាក់​លើការងារ​បច្ចេកទេស​សំខាន់ៗ រួមទាំង​បានពិនិត្យ​យ៉ាង​ល្អិតល្អន់ ចំពោះ​លទ្ធផល​នៃការវិភាគ និង​ការវាយ​តម្លៃ​ផលប៉ះពាល់​នានា លើ​គ្រប់ប្រភេទ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ដែល​អាចរង​ផលប៉ះពាល់​ដោយសារ​ការអភិវឌ្ឍ​នៃ​គម្រោង។ ជាមួយគ្នា​នេះ លទ្ធផល​នៃការសិក្សា​ផ្នែក​ជលសាស្រ្ត ក៏ដូចជា​ផ្នែក​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន​បញ្ចប់​សព្វគ្រប់ និង​លើក​យក​មកបង្ហាញ​ជូន​អង្គប្រជុំ​នាឱកាស​នេះ​ផងដែរ។

លោក​បាន​បញ្ជាក់​ថា៖«គម្រោង​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេ​បាសាក់ ត្រូវបាន​សិក្សា​ឡើង​ក្នុងគោលបំណង​ដើម្បី​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជា ឱ្យមាន​សន្ទុះ​កើន​ឡើង មានប្រសិទ្ធភាព​ខ្ពស់ថែម​មួយកម្រិត​ទៀត។ ទន្ទឹមគ្នា​នេះ​ដែរ គម្រោងនេះ​ត្រូវបាន​រំពឹងទុក​ថា នឹងអាច​ជួយកាត់​បន្ថយ​ការចំណាយ​លើ​ថ្លៃ​ដើម​នៃការ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​របស់​កម្ពុជា​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​ជាងមុន»។


លោក​បាន​បន្ត​ថា ប្រព័ន្ធ​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេ​បាសាក់ នឹងជួយ​កាត់បន្ថយ​សម្ពាធ​ជាអតិបរមា​នៃការ​ដឹកជញ្ជូន​ធុនធ្ងន់​តាម​ផ្លូវ​ថ្នល់ ព្រមទាំង​ផ្តល់ភាព​ងាយស្រួល​ធ្វើ​សមាហរណកម្ម​ផ្ទៃ​ក្នុង​ប្រទេស ជួយ​ពង្រឹង និងពង្រីក​ការតភ្ជាប់​ជាមួយ​តំបន់ និង​អន្តរ​ជាតិ​តាមរយៈ​ការដឹកជញ្ជូន​តាម​ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែ​ងាយស្រួល មាន​ភាព​រលូន និង​មាន​ប្រសិទ្ធភាព​ជាងមុន​ផងដែរ។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាននិយាយ​ថា នៅក្នុង​ករណី​ដែល​ក្រសួង​សាធារណការជោគជ័យ​លើ​ផែនការ​ពង្រីក​កំពង់ផែ ដែលឈាន​ដល់ការ​ជីកព្រែក​ភ្ជាប់​ទៅកាន់​ខេត្ត​កែប​នេះ គឺរឿង​ដ៏ល្អ​បំផុត និងជាសមិទ្ធផល​ដ៏ធំធេងមួយ​នៅក្នុងប្រវត្តិសាស្ត្រ​វិស័យ​ដឹកជញ្ជូន​កម្ពុជា។

លោកបាន​បញ្ជាក់​ថា៖« នេះ​គឺជាការ​បើក​ច្រក​ដ៏ទូលំទូលាយ​មួយ​សម្រាប់ការ​ដឹកជញ្ជូន​របស់​យើង ដោយសារ​តែសព្វថ្ងៃ​នេះ​យើងមាន​ទំនិញមួយ​ចំនួន​មកពីខាងក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ចិន ដែល​លំហូរ​ទៅខាង​ផែ​ខាត់ឡៃ និង​ខៃមេប ប្រទេស​វៀតណាម​ហើយ ទើប​ដឹកជញ្ជូន​តាម​រថយន្ត​មក​កម្ពុជា។ដូចនេះ​បើសិនជា​យើងមាន​ផែ​ខ្លួនឯង ពី​ទន្លេ​បាសាក់​ទៅដល់​កែប ឬ​កំពតនោះ​ ច្បាស់ណាស់​យើង​នាំចេញ​ទៅដោយ​មិនចាំបាច់​ឆ្លងកាត់​ផែ​វៀតណាមទៀតទេ»។

សូម​ជម្រាប​ថា គម្រោង​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​នេះ មាន​ប្រវែងសរុប​ប្រមាណ ១៨០ គីឡូម៉ែត្រ តភ្ជាប់​ពី​ទន្លេ​បាសាក់ ទៅកាន់​កំពង់ផែ​សមុទ្រ នៃ​ខេត្ត​កំពត បើតាម​លទ្ធផល​សិក្សា​សមិទ្ធិលទ្ធភាព​ទាំង​ដំណាក់កាល​ទី១ និងទី២ បានបង្ហាញ​ឱ្យឃើញ​ថា មិនមាន​ចោទជា​បញ្ហា​ឡើយ ទាំង​ផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់​ទម្លាប់។ ទន្ទឹមនឹង​នេះ​ដែរ គម្រោង​ត្រូវបាន​អ្នកជំនាញ​ព្យាករណ៍​ថា នឹងផ្តល់​ផលចំណេញ​សម្រាប់​សេដ្ឋកិច្ច​ជាតិ ជាពិសេសចំពោះ អត្រាចំណេញ​ត្រឡប់​មកវិញ​ផ្នែក​ហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រា​ចំណេញ​ត្រឡប់​មកវិញ​ផ្នែក​សេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថា​មាន​កម្រិត​ខ្ពស់​ជាងគម្រោង​អភិវឌ្ឍន៍​ការដឹកជញ្ជូន​ផ្សេងៗ តាមរយៈ​ផ្លូវគោក និង​ផ្លូវដែក៕