ភ្នំពេញៈ ​ក្រោយពី​ការចុះ​អនុស្សរណៈ​យោគយល់​រវាង សមាគម​ស្វាយចន្ទី​កម្ពុជា (​ស​សក​) និង​សមាគម​ស្វាយចន្ទី​វៀតណាម Vinacas ​ក្នុង​ការទិញ​លក់​គ្រាប់​ឆៅ​ត្រង់​ទៅ​ក្រុមហ៊ុន​កែច្នៃ​របស់​វៀតណាម ដើម្បី​កាត់បន្ថយ​ឈ្មួញកណ្តាល​ សមាគម​ស្វាយចន្ទី​កម្ពុជា​រួចមក ស​សក​ រំពឹងថា គ្រាប់ស្វាយចន្ទី​ឆៅ ដែល​កសិករ​ផលិត​បាន​នឹងមាន​តម្លៃ​សមរម្យ មាន​ស្ថិរភាព ខណៈដែល​កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​តិច ត្រូវការ​ការបញ្ជា​រទិញ​គ្រាប់​ឆៅ ពី​វៀតណាម​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា (​ស​សក​)​បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​ចូលរួម​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​នៅ​ប្រទេស​អារ៉ាប់​រួម​កាលពីពេល​ថ្មីៗ​នេះ លោក​​ក៏បាន​បន្ត​ដឹកនាំ​ប្រ​ទិ​ភូ​ចូលរួម​ក្នុង​ពិធីបុណ្យស្វាយ​ចន្ទី​ប្រចាំឆ្នាំ​នៅ​វៀតណាម​លើក​ទី​១២ (Golden Cashew Randevous) នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ទៀត ដោយ​នៅក្នុង​ពិធីបុណ្យ​នោះដែរ សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់ ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម Vinacas​ក្នុង​ការទិញ​លក់​គ្រាប់​ឆៅ​ត្រង់​ទៅ​ក្រុមហ៊ុន​កែច្នៃ​របស់​វៀតណាម ដើម្បី​កាត់បន្ថយ​ឈ្មួញកណ្តាល ដែល​ធ្វើឱ្យ​កសិករ​លក់បាន​ក្នុងតម្លៃ​ខ្ពស់​។​


​ លោក​បាន​បន្ថែមថា ក្រោយ​ការចុះ​MoU​នេះ ស​សក បានទទួល​ក្រុមហ៊ុន​ទិញ​គ្រាប់ស្វាយចន្ទី​ឆៅ​ស្ងួត​ចំនួន​២​បន្ថែមទៀត​ពី​វៀតណាម ខណៈដែល​កន្លងទៅ មាន​ក្រុមហ៊ុន​ឯក​ជនរបស់​វៀតណាម​ចំនួន​៥​រួចហើយ ដែល​បាន​ទាក់ទង​មក​សមាគម​ដោយផ្ទាល់ និង​បានចាប់ផ្តើម​អនុវត្ត​ការទិញ​ដោយផ្ទាល់​ពី​ឆ្នាំ​២០២៣​នេះ​ទៅ​។​

​លោក អួន ស៊ី​ឡុ​ត បានបញ្ជាក់​ដូច្នេះ​ថា ៖«​មកទល់ពេលនេះ ស​សក បានទទួល​ក្រុមហ៊ុន​ទិញ​គ្រាប់​ស្វាយចន្ទីឆៅ​ស្ងួត ចំនួន​៩ ដោយ​ក្នុងនោះ​ក្រុមហ៊ុន​វៀតណាម ៧ និង​ក្រុមហ៊ុន​ឥណ្ឌា​២​។ ស​សក បាន​ជំរុញ​ឱ្យ​ឃ្លាំង​ទិញ​គ្រាប់​ស្វាយចន្ទីឆៅ​កម្ពុជា​ចំនួន​៣ ដែលមាន​ការទទួលខុសត្រូវ​សង្គម ចូលរួម​ដើម្បី​ចរចា​លក្ខខណ្ឌ​ផ្សេងៗ និង​ចុះកិច្ចសន្យា​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ​។ អ្វីដែល​ខ្ញុំ ​ស​សក ចង់បាន​បំផុត គឺ​តម្លៃ​សមរម្យ​មួយ​ដែលមាន​ស្ថិរភាព ដែលជា​ហេតុ​ធ្វើឱ្យ​ ស​សក ទាក់ទង​ក្រុមហ៊ុន​ឯកជន​មកពី​គ្រប់​ប្រទេស​ទាំងអស់ មក​ទិញ គ្រាប់ស្វាយចន្ទី​ឆៅ​របស់​យើង ដោយសារ​យើង​មាន​រោងចក្រ​កែច្នៃ​តិច ដូចនេះ​អ្វីដែល​យើង​ធ្វើបាន គឺ​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​សិន​»​។​


​ បើតាម​ប្រធាន ស​សក រូបនេះ នៅ​ឆ្នាំ​២០២៣​នេះ ដោយសារ​គុណភាព​គ្រាប់ស្វាយចន្ទី​ល្អ និង​គោលនយោបាយ​របស់​សមា​គម ស្វាយចន្ទី​កម្ពុជា​ស្រប​នឹង គោលនយោបាយ​ជាតិ​ស្វាយចន្ទី​របស់​រាជរដ្ឋាភិបាល​ផង បានឱ្យ​តម្លៃ​គ្រាប់ស្វាយចន្ទី​មានតម្លៃ​ល្អ និង​មាន​ស្ថិរភាព នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​

​ពាក់ព័ន្ធ​នឹងការបញ្ជា​ទិញ​គ្រាប់ស្វាយចន្ទី ពី​ខាង​ក្រុមហ៊ុន​ឥណ្ឌា​វិញ លោក ស៊ី​ឡុ​ត បាន​ប្រាប់ថា នៅ​ក្នង​សន្និសីទ​ស្វាយចន្ទី​ពិភពលោក World Cashew Conference កាលពីពេល​ថ្មីៗ​នេះ​ឈ្មួញ​ឥណ្ឌា បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា ដោយសារ​តែមាន​គ្រាប់​ធំ​ល្អ និង​មាន​រសជាតិ​ឆ្ងាញ់ ដូចនេះ​បច្ចុប្បន្ន ពួកគេ​កំពុង​សិក្សា​ឱកាស​និង​ឧ​ប​សគ្គ ក្នុង​ការនាំ​គ្រាប់​ឆៅ​ចេញពី​កម្ពុជា​ទៅ​ឥណ្ឌា​។​

លោក​បាន​គូសបញ្ជាក់ថា​៖«​ការណ៍​ដែល​ខាង​ឥណ្ឌា ត្រូវ​សិក្សា​ឱកាស​និង​ឧបសគ្គ មុននឹង​នាំ​គ្រាប់​ឆៅ​ចេញពី​កម្ពុជា​ទៅនេះ ដោយសារតែ​គេ​បារម្ភ​ពី​ការដឹកជញ្ជូន និង​ឧបសគ្គ​ផ្សេងៗ​ដែល​កើត​មាននៅ​ស្រុក​ខ្មែរ​។​ការពិត​ឥណ្ឌា​បាន​ទិញ​គ្រាប់ស្វាយចន្ទី​យើង​មួយចំនួន​ហើយ គឺ​ក្រុមហ៊ុន​ណាហ្គា​ប៊ូ​រ៉ា ប៉ុន្តែ​ទិញ​ក្នុង​ចំនួន​ទ្រង់ទ្រាយ​តូច​។​ឥឡូវនេះ​គាត់​ចង់​ទិញ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​គាត់​តែ​ចង់​សិក្សា​ព្រោះ​កម្ពុ​ជាមាន​ចន្ទី​ច្រើន​ប្រភេទ​។​បើ​យើង​សម្រួល​ពាណិជ្ជកម្ម​ឱ្យបាន​លឿន ខ្ញុំ​សង្ឃឹមថា ឥណ្ឌា​អាច​បញ្ជា​ទិញពី​យើង​ឆាប់ៗ​នេះ​»​។​

​ជុំវិញ​ការជំរុញ​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​នេះដែរ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បច្ចេកវិទ្យា និង​គរុ​និស្សិត​បច្ចេកទេស ជយលាភី​នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ​កន្លងមកនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ថ្លែងថា នាពេលខាងមុខ បើ​មានលទ្ធភាព កម្ពុជា​អាច​ក្លាយជា​ប្រទេស​ដែល​ចែកចាយ​គ្រាប់ស្វាយចន្ទី​ដ៏​ធំ​មួយ ក្នុងចំណោម​ប្រ​ទស​ចែកចាយ​ធំៗ​ដទៃទៀត នៅលើ​ពិភពលោក ដែល​ហៅថា​អ្នកខ្លាំង​ក្នុងចំណោម​អ្នកខ្លាំង ព្រោះ​ក្នុង​១ឆ្នាំ​កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ដែល​មិនទាន់​កែច្នៃ​១​លាន​តោន ខណៈដែល​កម្ពុជា កែច្នៃ​ខ្លួនឯងបាន​តិចតួច​ណាស់ ដែល​បាន​យកមក​តាំងពិព័រណ៍​លក់​នាពេល​កន្លងមក​។​

​លោកនាយក​រដ្ឋមន្ត្រី​ បានថ្លែង​ថា​៖«​គោលនយោបាយ​ស្វាយចន្ទី ដែល​យើ​ងបានដាក់​ចេញ​កាលពី​ប៉ុន្មាន​ខែ​មុន​នោះ គឺ​សំដៅ​ទាក់ទាញ​ការកែច្នៃ​នៅក្នុង​ស្រុក​។​វៀតណាម​និង​ឥណ្ឌា គឺជា​ប្រទេស​ដែល​ចែកចាយ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ច្រើន​កន្លែង នៅលើ​ពិភពលោក ប៉ុន្តែ​វៀតណាម​គាត់​ទៅ​ដឹក​គ្រាប់ស្វាយចន្ទី​មួយចំនួន​ពី​ប្រទេស​អាហ្វ្រិក​មួយចំនួន​យកមក​កែច្នៃ ហើយ​ក៏មាន​មួយផ្នែក ដែល​កម្ពុជា​យើង​ពឹង​ផ្អែកលើ​ទីផ្សារ​វៀតណាម ដើម្បី​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីនោះ​។​ឥណ្ឌា​ក៏​ដូចគ្នា ១ផ្នែក ដាំ​ដុះ​នៅក្នុង​ស្រុក តែមួយ​ផ្នែក​ទៀត​ក៏​គាត់​នាំចូល​ដែរ​។ គ្រាប់ស្វាយចន្ទី​នេះ វា​នាំចេញ​ទៅកាន់​គោលដៅ​ទេសចរណ៍ នៅតាម​ទីផ្សារ​នានា​នៅលើ​ពិភពលោក​»​។​

​ របាយការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា ស្វាយចន្ទី ជា​ប្រភេទ​ដំណាំ​ស្ថិតនៅក្នុង​អនុវិស័យ​កសិកម្ម ដែល​បាន​នាំ​ចំណូល​ចាក់​ចូល​ចរន្ត​សេដ្ឋកិច្ច​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០២២ ដោយ​ស្ថិតនៅក្នុង​លំដាប់​ទី​២ បន្ទាប់​ពីស្រូវ​អង្ករ​។ ទោះជា​យ៉ាងណា ចំណូល​នេះ​មានការ​ធ្លាក់ចុះ ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ប្រមាណ​១ ៦០០​លាន​ដុល្លារ​៕