​ភ្នំពេញៈ ក្រុមហ៊ុន Angkor Resources Corp និង​ក្រុមហ៊ុន​កាណាដា CANbodia Copper Corp (CCC) ដែលជា​ដៃគូ​របស់ខ្លួន​បាន​ចាប់​​ផ្តើម​ការរុករក និង​អភិវឌ្ឍ លើ​អាជ្ញាប័ណ្ណ​អណ្តូង​បរ (Andong Bor) ដែល​គ្របដណ្តប់​ចាប់ពី​ភាគ​ខាងលិច​នៃ​ខេត្ត​រតន​​គិរី ដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Angkor Resource នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ ជាមួយនឹង​ភាពជា​ដៃគូ​នេះ ក្រុមហ៊ុន​បានប្រកាស​ពី​ការ​រុករក​រ៉ែ​មាស​ទង់ដែង នៅលើ​គម្រោង​ថ្មី​ខាងជើង ដែល​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែកញ្ញា ឆ្នាំ ​២០២២​។ លោក Terry Lyon អគ្គនាយក​ស្ដីទី​ក្រុមហ៊ុន CCC បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ទង់ដែង និង​មាស​នៅតែ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​នៃ​តម្រូវការ​ពិភពលោក​។​


​លោក​បញ្ជាក់ថា​៖ «​យើង​ពិតជា​រំភើប​ណាស់​ដែល​បាន ធ្វើការ​ជាមួយ​ក្រុមហ៊ុន Angkor និង​ជំរុញ​គម្រោង​នេះ​ឆ្ពោះទៅរក​អ្វីដែល​យើង​ជឿថា​អាចជា​ការ​រកឃើញ​មុន​កាលកំណត់​សម្រាប់​មាស ទង់ដែង​នៅ​កម្ពុជា​»​។​

​លោក Dennis Ouellette អនុប្រធាន​ផ្នែក​រុក​រកបាន​និយាយថា​៖ «​ការបន្ត​រុករក​នេះ​គឺ​ដើម្បី​តាមដាន​ចន្លោះពេល​ខួង​រ៉ែ​ទង់ដែង​កម្រិត​ខ្ពស់​ដែល​បាន ប្រកាស​ពីមុន ហើយ​នាំ​យើង​ឱ្យ​កសាង​តម្លៃ​រឹងមាំ កំណត់​ធនធាន និង​បង្ហាញ​ពី​គម្រោង​លំដាប់​ពិភពលោក​នៅក្នុង​ប្រទេស​កម្ពុជា​»​។​


​កាលពី​ថ្ងៃទី ​៦ ខែកញ្ញា ឆ្នាំ ​២០២២ ក្រុមហ៊ុន Angkor បានទទួល​អាជ្ញាប័ណ្ណ​ទង់ដែង​/​មាស​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា​ពី​ក្រសួង​រ៉ែ និង​ថាមពល​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន CCC បាន​សហការ​ជាមួយ​ក្រុមហ៊ុន Angkor ដើម្បី​ផ្ដល់​មូលនិធិ និង​អភិវឌ្ឍ​អាជ្ញា​ប័ណ្ណ​អណ្តូង​បរ​នេះ​។​

​អាជ្ញាប័ណ្ណ​អណ្តូង​បរ ដែល មាន​ផ្ទៃដី ១០០ គីឡូម៉ែត្រ​ការ៉េ មានការ​ខួង​យក​រ៉ែ​ជាបឋម​បាន បញ្ចប់​ជាច្រើន​ឆ្នាំកន្លងមក ក្រោម​អាជ្ញាប័ណ្ណ​ផ្សេងៗ​គ្នា ជាមួយនឹង​លទ្ធផល​ទង់ដែង និង​មាស​។ អាជ្ញាប័ណ្ណ​នេះ​ត្រូវ​កំណត់​នៅ​ភាគ​ខាងលិច​ខេត្តរតនគិរី ហើយ​លាតសន្ធឹង​ដល់​ខេត្ត​ចំនួន​ ២ គឺ​ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។​

​លោក Delayne Weeks អគ្គនាយក​ក្រុមហ៊ុន Angkor បានឱ្យដឹងថា ជាមួយនឹង​សម្ព័ន្ធ​ភាព​ជាមួយ​អ្នកជំនាញ​សកល​នៅក្នុង​ទីផ្សារ​ទង់ដែង​នាំមក​នូវ​ភាព​ស៊ីជម្រៅ និង​ភាពខ្លាំង មិន​ត្រឹមតែ​ចំពោះ​អាជ្ញាប័ណ្ណ​អណ្តូង​បរ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​វិស័យ​រ៉ែ​ទាំង​មូល​របស់​កម្ពុជា​។

​លោក​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​បាន​បង្កើត​ច្បាប់​រុករក​រ៉ែ​ដ៏​រឹងមាំ និង​ដំណើរ​ការផលិត​កម្ម ហើយ​មាន​ភាព​ទាក់ទាញ​ចំពោះ​ការវិនិយោគ​ពី​បរទេស ព្រោះ​វា​មាន​សុវត្ថិភាព មាន​ផលិតផល​ក្នុងស្រុក​សរុប​ដែលមាន​ភាពល្អប្រសើរ និង​កម្លាំង​ពលកម្ម​វ័យក្មេង​គួរ​ចាប់អារម្មណ៍​។ អ្នកជំនាញ​ប្រទេស​លោកខាងលិច​ក្នុង​វិស័យ​រ៉ែ អាចជួយ​ព​ន្លឿ​ន​ការអនុវត្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទំនើប ដែល​បាន​វិ​វ​ឌ្ឍ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៅ​កន្លែង​ផ្សេងទៀត ប៉ុន្តែ​អាច​ត្រូវបាន​អនុវត្ត​ភ្លាមៗ​នៅក្នុង​ប្រទេស​កម្ពុជា​»៕