ភ្នំពេញៈ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ ដែលមាន​អានុភាព ៨០​ មេ​ហ្គា​វ៉ា​ត់ (MW) ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ SPHP (Cambodia) Co Ltd ជាមួយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ២៣១ ​លាន​ដុល្លារ​ ដែល​កំពុង​សាងសង់ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២៦ ដោយ​ថាមពល​ ដែល​បានមកពី​វា​រី​អគ្គិសនី​នេះ​នឹង​ជួយ​ផ្ត​ត់​ផ្គង់​ដល់​ខ្សែចង្វាក់​ផលិតកម្ម​ក្នុងស្រុក និង​ថាមពល​ប្រក​ដោយ​សុវត្ថិភាព​។​

​យោងតាម​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ភាពជោគជ័យ​រយៈពេល​​ ៥ ​ឆ្នាំ របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៣​ បានឱ្យដឹងថា វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ ដែលមាន​អានុភាព ៨០​ មេ​ហ្គា​វ៉ា​ត់ (MW) ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២៦ នាពេលខាងមុខ​នេះ​ដោយ​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុងដំណើរការ​សាងសង់​ទំនប់​។​


​លោ​កថា ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ គឺជា​គម្រោង​វា​រី​អគ្គិសនី​ទី​២ របស់​ខេត្តពោធិ៍សាត់ បន្ទាប់ពី​គម្រោង​វា​រី​អគ្គិសនី​ទី​១ គឺ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង មាន​អានុភាព ១២០ ​មេ​ហ្គា​វ៉ា​ត់ ​(MW) កំពុងដំណើរការ​។​

​លោក​បន្តថា «​វា​រី​អគ្គិសនី​នេះ គឺមាន​ថាមពល​ជា​រៀងរាល់ថ្ងៃ អត់​មាន​រដូវវស្សា និង​រដូវប្រាំង​ទេ គឺមាន​ជាប់​រហូត ដោយសារតែ​ទឹកស្ទឹង​ពោធិ៍សាត់​មានទឹក​គ្រប់​រដូវ​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​អគ្គនាយក​ក្រុមហ៊ុន​។ ម៉េច​បាន​គេ​ដាក់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ បើ​មាន ​១​ ប្រាកដ​ជាមាន ​២​ ហើយ ដែល​អាច​ប្រហែល​នឹងមាន​គម្រោង ១ ​ទៀត​នៅ​ខាងលើ ហើយ​ខាងមុខ​ទៀត​នឹងមាន​គម្រោង​១​ទៀត នៅជាប់​ជាមួយ​ព្រំប្រទល់​ខេត្តកោះកុង​»​។​


​លោក វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​ថា ក្រសួង​រ៉ែ ​និង​ថាមពល ​បានផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​នេះ ​សិក្សា​លទ្ធ​ភាព​នៅលើ​ទីតាំង​នេះ​ ចាប់តាំងពី​ឆ្នាំ​២០១២​។

លោក​បន្តថា ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​ជាមួយ​អគ្គិសនី​កម្ពុជា ​(EDC) សម្រាប់​ការលក់​ថាមពល​ទាំងអស់​ដែល​ខ្លួន​ផលិត​បាន​ដើម្បី​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​ជាមួយនឹង​តម្លៃ ០,៧ ​សេន ​ដុល្លារ​ក្នុង​ ១​ គីឡូវ៉ាត់ម៉ោង​។​

​លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​កំពុងដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ដោះមីន ហើយ​គម្រោង​នេះ ​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៣»​។​

​បើតាម លោក ហ្សូ​នា នេះ​គឺជា​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ទី​២ ក្នុង​ខេត្តពោធិ៍សាត់ ខណៈ​បច្ចុប្បន្ន​ទំ​បន់​វា​រី​អគ្គិសនី​តា​តៃ ​ដែលមាន​អានុភាព ១២០​ មេ​ហ្គា​វ៉ា​ត់​ បាន​ដំណើរការ​រួចហើយ​។ ខេត្ត​នេះ​ ក៏បាន​ទទួល​គម្រោង​ថាមពល​សូ​ឡា ចំនួន​ ២​ ទៀត ដែលមាន​សមត្ថភាព​ផលិត ៦០ មេ​ហ្គា​វ៉ា​ត់​ក្នុង​គម្រោង​នីមួយៗ​។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​កាលពី​ខែតុលា ឆ្នាំមុន​ថា បច្ចុប្បន្ន​អគ្គិសនី​កើនឡើង​ដល់ ៩៨,៥​ ភាគរយ​នៃ​ភូមិ​ជាង ១៤០០០​របស់​ប្រទេស​កម្ពុជា​។ ដោយ​មានតែ ១ ​ភាគ​តូច​នៃ​គ្រួសារ​ដែល​ដាច់ដោយឡែក ដែល​នៅ​សេសសល់​ក្រៅ​បណ្តាញ​ជាតិ​។​

​លោក​បន្តថា កម្ពុជា​កំពុង​ប្រែក្លាយ​ពី​ប្រទេសមួយ ដែល​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់ មកជា​ប្រទេសមួយ​ដែលមាន​អតិរេក​អគ្គិសនី​លើស​តម្រូវការ​។ លោក​បញ្ជាក់ថា ថាមពល​សរុប​ដែល​ផលិត​​​ក្នុងស្រុក ឬ​នាំចូល​ពី​ប្រទេសជិតខាង​មាន​ជាង ៤០០០ ​មេ​ហ្គា​វ៉ា​ត់ ខណៈ​តម្រូវការ​ជាក់ស្តែង​មានតែ​ជាង ២០០០ ​មេ​ហ្គា​វ៉ា​ត់​ ប៉ុណ្ណោះ​៕