​ភ្នំពេញៈ ទោះបី​ការធ្វើ​ពា​ណិ​​ជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​ជា​មួយ​ប្រទេស​ជាច្រើន​លើ​ពិភព​​លោក​បាន​ធ្លាក់ចុះ​ក្នុង​ខែមករា ឆ្នាំ ​២០២៣ ក៏​ចំនួន​ទឹកប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី មិនបាន​ធ្លាក់ចុះ​ទេ​ គឺមាន​ជាង ៨៨ ​លាន​ដុល្លារ​ កើន​ជិត​ទ្វេដង​បើ​ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​របស់​​អគ្គនាយកដ្ឋាន​គយឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី មាន​ចំនួន​សរុប ៨៨,០៤៥​ លាន​ដុល្លារ កើន ៩៥,៩ ​ភាគរយ ​បើ​ធៀបខែមករា ឆ្នាំ​ ២០២២​។ ក្នុងនោះ​ទំនិញ​នាំចូល​ពី​ឥណ្ឌូនេស៊ី មានចំនួន ៨៣,៨១៦ ​លាន​ដុល្លារ កើន ១០០​ ភាគរយ និង​ទំនិញ​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី មាន​ទឹកប្រាក់ ២,១១៤​ លាន​ដុល្លារ កើនឡើង ៦,១ ​ភាគរយ​។ តាម​ទិន្នន័យ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ ៨៣,៨១៦​ លាន​ដុល្លារ​។​


​ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ខែមករា ឆ្នាំ ​២០២៣ ធៀប​ខែធ្នូ ឆ្នាំ ​២០២២ ដែល​ប្រ​​មាណ ១១៨,២៩៣​ លាន​ដុ​ល្លារ គឺ​ក្នុង​ខែមករា ឆ្នាំ ​២០២៣ ធ្លាក់ចុះ ២៥,៥៧​ ភាគរយ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៧ ខែមីនាថា ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ គឺ​ដោយសារ​លក្ខខណ្ឌ​ភូមិសាស្ត្រ​នៅ​ជិតគ្នា ហើយ​ប្រ​ទេស​ទាំង ២ ក៏​ជា​សមាជិក​អា​ស៊ាន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ​ជាមួយគ្នា​ដែរ​។


លោក​បន្តថា ទោះយ៉ាងណា​បើ​ផ្អែកលើ​តួលេខ គឺ​ការនាំចេញ​របស់​កម្ពុជា​មាន​គម្លាត​ឆ្ងាយ​ពី​ឥណ្ឌូនេស៊ី ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវខិតខំ​ទាក់ទាញ​អ្នក​​វិនិយោគ​ឥណ្ឌូនេស៊ី​ឱ្យ​ចូលមក​បណ្តាក់ទុន ក៏ដូចជា​ខំ​ស្វែងរក​ផលិតផល​មាន​សក្តានុពល​សម្រាប់​នាំទៅ​ឥណ្ឌូនេស៊ី​។​

​លោក​ថ្លែងថា​៖ «​ចំនួន​ប្រាក់​ដែល​ឥណ្ឌូនេស៊ី​នាំមក​កម្ពុជា​ច្រើន​នេះ គឺអាច​ដោយសារតែ​ផលិតផល​នាំចូល​មួយចំនួន គឺ​សម្រាប់​ប្រើ​ជា​វត្ថុធាតុដើម ឬ​គ្រឿងផ្សំ​សម្រាប់​បំពេញ​ឱ្យ​ការ​​ផលិត ឬ​កែច្នៃ​ដើម្បី​នាំចេញ និង​ម្យ៉ាងទៀត​អាច​ដោយសារ​ឥណ្ឌូនេស៊ី​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ២០ (G20) ដូច្នេះ​សមត្ថ​ភាព​នាំចេញ​របស់​ប្រទេស​នេះ​ ក៏មាន​វិសាល​ភាពខ្លាំង​ដែរ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​ឱ្យដឹងថា ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច្នេះ​ការ​នាំចូល​វត្ថុធាតុដើម និង​ឧ​ប​ករ​ណ៍​បរិក្ខារ​ជាច្រើន គឺ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​សម្រាប់​ផលិត​​កែច្នៃ​នាំចេញ​។ លោក​បន្ថែមថា ការចូល​ជាធរ​​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​សេរី​កម្ពុជា​-​ចិន​, កម្ពុជា​-​កូរ៉េ និង RCEP កំពុង​ក្លាយជា​កម្លាំង​ស្រូប​ដ៏​ខ្លាំង​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ឱ្យមក​បណ្តាក់ទុន​។​

​លោក​ថ្លែងថា​៖ «​ទោះ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ខ្លាំង​ជាមួយ​ឥណ្ឌូនេស៊ី ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវ​មើល​ទីផ្សារ​នាំចេញ​វិញ ព្រោះ​លទ្ធ​​ភាព​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏មាន​ចំនួន​កាន់តែច្រើន​ដែរ​»៕