ភ្នំពេញៈ ចំនួនដើមទុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា បានកើនដល់ ៦,៤ ពាន់លានដុល្លារ ក្នុងនោះវិស័យអចលនទ្រព្យ និងសំណង់ មានដើមទុនចុះបញ្ជីជិត ១,៧៧ ពាន់លានដុល្លារ ឬស្មើជាង ១/៤ នៃចំណែកទីផ្សារសរុប។ នេះបើយោងតាមសេវាកម្ម Online Business Registration Service នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា សម្រាប់វឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ គិតត្រឹមថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២ រសៀល គឺចំនួនក្រុមហ៊ុនដែលចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal សរុប មានចំនួន ២២ ៧១៣ ក្រុមហ៊ុន ចំណែកក្រុមហ៊ុនទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក ចំនួន ១៣ ៩៤៧ ខណៈការស្នើសុំនាមករណ៍បម្រុងទុកចំនួន ២ ត្រូវបានបដិសេធ។ ជាសរុបចំនួនដើមទុនចុះបញ្ជីមានតម្លៃ ៦,៤ ពាន់លានដុល្លារ។
យោងតាមក្រសួងសេដ្ឋកិច្ច សម្រាប់សកម្មភាពនៃអាជីវកម្មទាំង ៥ ដែលមានដើមទុនចុះបញ្ជីច្រើនជាងគេ គឺផ្នែកសាងសង់ មានដើមទុន ១,០៣ ពាន់លានដុល្លារ ស្មើ ១៦ ភាគរយ នៃចំនួនដើមទុនសរុបប្រមាណ ៦,៤០ ពាន់លានដុល្លារ, ផ្នែកអចលនទ្រព្យ (អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មាន ៧៣៩ លានដុល្លារ ស្មើនឹង ១២ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៣៥៤ លានដុល្លារ ស្មើ ៦ ភាគរយ, សកម្មភាពអន្តរការីរូបិយវត្ថុមានដើមទុន ៣៣២ លានដុល្លារ ស្មើ ៥ ភាគរយ, ផ្នែកកម្មន្តសាលសម្លៀកបំពាក់ (លើកលែងតែសម្លៀកបំពាក់ធ្វើពីរោមសត្វ) មានទុន ៣០៩ លានដុល្លារ ស្មើ ៥ ភាគរយ, និងផ្នែកផ្សេងៗមានដើមទុន ៣,៦៣ ពាន់លានដុល្លារ ស្មើ ៥៧ ភាគរយ។
បន្ទាប់ពីបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់លើនីតិវិធីចុះបញ្ជីក្រុមហ៊ុនឱ្យកាន់តែងាយស្រួលស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ បានប្រកាសដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» ដោយបានដាក់ក្រសួងស្ថាប័នរដ្ឋ ចំនួន ៦ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែមីនាថា តាមរយៈកំណែទម្រង់របស់រដ្ឋាភិបាលលើការចុះបញ្ជីក្រុមហ៊ុនអាជីវកម្មដោយប្រើប្រព័ន្ធបច្ចេកវិទ្យា ដែលមានភាពងាយស្រួលក្នុងរយៈពេលជិត ៣ ឆ្នាំមកនេះ គេសង្កេតឃើញចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មបានកើនឡើងជាលំដាប់។ ការចុះបញ្ជីក្រុមហ៊ុនតាមច្បាប់ គឺមិនត្រឹមតែជួយឱ្យរដ្ឋាភិបាលមានភាពងាយស្រួលគ្រប់គ្រង ការប្រមូលពន្ធ និងជួយធ្វើឱ្យការប្រកួតប្រជែងក្នុងមុខជំនួញកាន់តែមានតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យរដ្ឋាភិបាលដឹងច្បាស់ពីប្រភេទអាជីវកម្មដែលកំពុងមានប្រតិបត្តិការល្អប្រសើរ ឬមានបញ្ហាប្រឈម ដើម្បីដាក់ចេញនូវគោលនយោបាយ ឬវិធានការជួយគាំទ្រនានា។
លោកបន្តថា ទន្ទឹមនឹងនោះផ្នែកឯកជន ក៏អាចដំណើរការអាជីវកម្មដោយពេញមុខមាត់ និងមានច្បាប់ការពារផងដែរ។
លោកប្រាប់ថា៖ «ការសម្រួលនីតិវិធីចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា គឺមិនត្រឹមតែអាចជួយឱ្យរដ្ឋាភិបាលប្រមូលព័ត៌មានពីសកម្មភាពអាជីវកម្មបានកាន់តែសុក្រឹតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កភាពងាយស្រួលឱ្យម្ចាស់អាជីវកម្មមានភាពងាយស្រួលចុះបញ្ជីអាជីវកម្មរបស់ខ្លួនឱ្យស្របច្បាប់ និងជួយកាត់បន្ថយការចំណាយក្រៅផ្លូវការផងដែរ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីខែមិថុនា ឆ្នាំ ២០២០ ឱ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាផ្នែកមួយនៃការដ្ឋានកែទម្រង់ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល ដោយការបង្កើតប្រព័ន្ធនេះឈរលើគោលការណ៍ចំនួន ៣ រួមមាន ការកាត់បន្ថយនីតិវិធីស្មុគស្មាញ, កាត់បន្ថយចំណាយ, និងកាត់បន្ថយពេលវេលាត្រួតពិនិត្យ។
លោកនិយាយថា៖ «ខ្ញុំជឿថា ជាមួយនឹងការចូលរួមសហការស្អិតល្មួតពីក្រសួង-ស្ថាប័នទាំងអស់ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននឹងក្លាយជាចំណុចចាប់ផ្តើមដ៏មានសក្តានុពលលើការផ្តល់សេវាសាធារណៈឌីជីថល និងកាលានុវត្តភាពចំពោះសេដ្ឋកិច្ចជាតិ តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលជាស្នូល»៕