ព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០ គីឡូម៉ែត្រ ក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ប្រព្រឹត្តិឡើងដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា បានដំណើរការនិងបញ្ចប់ប្រកបដោយភាពរីករាយ នៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានកីឡាករ កីឡាការិនីចូលរួមប្រមាណជាង ១ ៥០០ នាក់ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា NOCC បានសហការមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រនៅក្នុងឆ្នាំ ២០២៣ នេះ ប្រកបដោយភាពជោគជ័យ ដែលមានអ្នកចូលរួមរត់ប្រមាណជាង ១ ៥០០ នាក់ ទាំងកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិប្រកបដោយភាពរីករាយ។
ឯកឧត្តមបានបន្ថែមថា យើងពិតជាមានក្តីសោមនស្សរីករាយក្រៃលែងក្នុងការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីនេះឡើងវិញ ក្រោយខកខាន ២ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ១៩។
ឯកឧត្តមក៏បានបញ្ជាក់ជូនថា ប្រជាពលរដ្ឋចូលរួមទិវារត់ប្រណាំងស្ត្រីក្នុងឆ្នាំនេះ គឺពិតជាច្រើនកុះករ ដែលការចូលរួមនេះអាច ជួយលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងការចូលរួមសកម្មភាពកីឡា។ ទិវារត់ប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរដល់ដំណើរឆ្ពោះទៅរបស់កម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ ២០២៣ ផងដែរ។
លោកជំទាវ កុយ ពិសី គូសបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា គឺជាថ្ងៃរម្លឹកខួប ១១២ ឆ្នាំ ពីសិទ្ធិសេរីភាពស្មើគ្នារវាងបុរស និងស្ត្រី ហើយទិវារត់ប្រណាំងនេះមានការចូលរួមយ៉ាងច្រើនកុះករពីបុរស និងនារី ដោយក្នុងសង្គមជាតិមួយត្រូវមានការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីបង្កើតឡើងនូវសុខដុមរម្យនា។
លោកជំទាវបន្ដថា តាមរយៈព្រឹត្តិការណ៍កីឡានេះ នឹងជួយជំរុញដល់សុខមាលភាព ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយលោកជំទាវក៏បានអំពាវនាវដល់កីឡាករ កីឡាការិនី ជាពិសេសស្ត្រីចូលរួមក្នុង សកម្មភាព កីឡាឱ្យបានច្រើនបន្ថែមទៀតនាឆ្នាំបន្តបន្ទាប់ ដើម្បីលើកកម្ពស់ប្រជាពលរដ្ឋឱ្យទទួលបាននូវសុខភាពល្អ ដោយកាលណាមនុស្សមានសុខភាពល្អ នោះសង្គម គ្រួសារក៏មានការរីកចម្រើនទៅតាមនោះដែរ។
លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានលើកឡើងដែរថា យើងមានសេចក្តី រីករាយក្នុងការសហការណ៍ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍នេះឡើង។ លោកបន្ដថា ក្រៅពីនេះ ប្រជាពលរដ្ឋបានចូលរួមរត់កម្សាន្តសប្បាយជាលក្ខណៈគ្រួសារ និងរត់ជាមួយមិត្តភក្ដិសម្រាប់រយៈចម្ងាយ ៤ គីឡូម៉ែត្រយ៉ាងច្រើនកុះករផងដែរ។
លោកអគ្គនាយកបានបន្ថែមទៀតថា ក្រុមហ៊ុនធានារ៉ាប់រងអាយុវីជិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងនេះ គឺមានមោទនភាពក្នុងការគាំទ្រនិងលើកកម្ពស់ឱកាសស្មើភាពគ្នានៅក្នុងសង្គមកម្ពុជា ដែលស្ត្រីនិងបុរសអាចទទួលបានភាពជោគជ័យស្មើគ្នាក្នុងអាជីពរបស់ពួកគេ និងពង្រីកសក្តានុពលរបស់ពួកគេឱ្យបានពេញលេញ។
លោក Loke Kah Meng គូសបញ្ជាក់ទៀតថា សុវណ្ណាភូមិ ឡាយហ្វ៍ នឹងចូលរួមវិភាគទានចំនួន ៤ ០០០ រៀល សម្រាប់ការចុះឈ្មោះចូលរួមរត់ម្នាក់ ដើម្បីផ្តល់មូលនិធិដល់សកម្មភាពសង្គមរបស់ខ្លួនតាមរយៈអង្គការ NGO, Women Entrepreneurs Act និងក្រុមសន្សំប្រាក់នារី (Lady Saving Group)។
ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងសហការជាមួយអង្គការ ក្រុមសន្សំប្រាក់នារី (LSG) លើវិធីសាស្ត្រប្រកបដោយនិរន្តរភាព ដល់សកម្មភាពសង្គមរបស់ខ្លួនសម្រាប់មូលនិធិដែលបានពីទិវារត់ប្រណាំងស្ត្រី ដែលភាគច្រើននៃមូលនិធិនេះនឹងត្រូវបានផ្តល់ជូនដល់សហគ្រិនស្ត្រីចំនួន ៥ នាក់ តាមរយៈក្រុមសន្សំប្រាក់នារី ជាកម្ចីអាជីវកម្មខ្នាតតូចដោយមិនមានការប្រាក់ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ពួកគេ ហើយផ្នែកមួយទៀតនៃមូលនិធិនឹងផ្តល់ជូនដល់អង្គការ ក្រុមសន្សំប្រាក់នារី ដើម្បីគាំទ្រសកម្មភាពបណ្តុះបណ្តាលនានារបស់អង្គការស្តីពីភាពជាអ្នកដឹកនាំសហគ្រិននិងកម្មវិធីជជែកពិភាក្សាផ្សេងៗ។
កញ្ញា យ៉ាន ចរិយា កីឡាការិនីដែលទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់វិញ្ញាសាររត់រយៈចម្ងាយ ៤ គ.ម បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរត់ «ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គ.ម» ថា ការរត់ប្រណាំង និងការរត់បែបលក្ខណៈគ្រួសារ ឬមិត្តភក្តិ គឺពិតជាមានភាពសប្បាយរីករាយក្រៃលែង និងក៏ជាបទពិសោធន៍មួយដែលបានចូលរួមក្នុងចំណោមការរត់ដែលមានកីឡាករ និងកីឡាការិនីយ៉ាងច្រើនកុះករផងដែរ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំសម្រាប់ព្រឹតត្តិការណ៍នាឆ្នាំបន្ទាប់ និងជឿជាក់ថា ខ្លួននឹងចូលរូមរត់ប្រណាំង វិញ្ញាសាររត់រយៈចម្ងាយ ១០ គ.ម ម្តង ដើម្បីទទួលបានបទពិសោធន៍ថ្មី និងការប្រកួតប្រជែងរត់ប្រណាំងដែលមានរយៈចម្ងាយរហូតដល់ ១០ គ.ម៕