ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី​ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ការប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​ក្លែងក្លាយ ឧបករណ៍​ដែលជា​ផល​ចោរកម្ម និង​ឧបករណ៍​ដែល​នាំចូល​ខុសច្បាប់ ជាពិសេស​ការពារ​សុខភាព សុវត្ថិភាព និង​សិទ្ធិ​អ្នកប្រើប្រាស់​។

​យោងតាម​អនុក្រឹត្យ​លេខ ១ អនក្រ​.​បក ចុះ​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ស្តីពី​ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​បានកំណត់​ពី​ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​។


​ការចុះបញ្ជី​នេះ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ការប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​ក្លែងក្លាយ​, ឧបករណ៍​ដែលជា​ផល​ចោរកម្ម និង​ឧបករណ៍​ដែល​នាំចូល​ខុសច្បាប់​, ការពារ​សុខភាព សុវត្ថិភាព និង​សិទ្ធិ​អ្នកប្រើប្រាស់​, ធ្វើឱ្យ​ប្រសើរឡើង​គុណភាព​សវា​ទូរគមនាគមន៍​, ជំរុញ​និង​លើកកម្ពស់​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​និង​តម្លាភាព និង​ចូលរួម​កៀរគរ​ចំណូល​ថវិកាជាតិ​។​

​ អនុក្រឹត្យ​បាន​បន្តថា ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម ត្រូវគោរព​គោលការណ៍​មួយចំនួន ក្នុងនោះ​រួមមាន ភាពត្រឹមត្រូវ​នៃ​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម ​ការចុះបញ្ជី​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​ជា​កាតព្វកិច្ច លើកលែងតែ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​របស់​ទេសចរ ឬ​អ្នកដំណើរ​ពី​ក្រៅប្រទេស ដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​មិន​លើស រយៈពេល ៦០ ថ្ងៃ​។​


​ ដោយឡែក ប្រភេទ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម ដែល​តម្រូវឱ្យ​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍ ទូរគមនាគមន៍​ប្រើ​ស៊ីម មាន​ជាអាទិ៍​ទូរ​ស័ព្ទ​ឆ្លាត​ដែល​ប្រើ​ស៊ីម ឬ​ស៊ី​ស៊ីម​, ទូរ​ស័ព្ទ​ធម្មតា​ដែល​ប្រើ​ស៊ីម​, ទូរ​ស័ព្ទ​អចល័ត​ឥត​ខ្សែ​ដែល​ប្រើ​ស៊ីម​, កុំព្យូទ័រ​បន្ទះ​ដែល​ប្រើ​ស៊ីម​,​កុំព្យូទ័រ​ប្រភេទ​ភី​ឌី​អេ​, កុំព្យូទ័រ និង​កុំព្យូទ័រ​យួរដៃ​ដែល​ប្រើ​ស៊ីម​, ឧបករណ៍​ដង​ហ្គោល​ដែល​ប្រើ​ស៊ីម​, ម៉ូដឹម​ដែល​ប្រើ​ស៊ីម​, ឧបករណ៍​រ៉ា​ទ័​រដែ​ល​ប្រើ​ស៊ីម​, សៀវភៅ​អេឡិចត្រូនិក​ដែល​ប្រើ​ស៊ីម​និង​សម្ភារ ឬ​ឧបករណ៍​ផ្សេងទៀត ដែល​កំណត់ដោយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​(​ក​.​ប​.​ទ​.)​។​

​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា៖ «​ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​អាចធ្វើ​បន្ទាប់ពី​ការទទួលបាន​វិ​ញ្ញាប​នប​ត្រ ទទួលស្គាល់​យ​ថា ប្រភេទ​និង​តែម​ប្រតិវេទន៍​បច្ចេកទេស​។​ម្ចាស់​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​អាច​រាយការណ៍ និង​ស្នើសុំ​ប្រតិបត្តិ​ករ​ទូរ​ស័ព្ទ​ចល័ត​ឱ្យ​ផ្អាក​ដំណើរការ ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម ក្នុងករណី​មាន​ការបាត់​ដោយហេតុ​ណាមួយ ជាអាទិ៍ អំពើចោរកម្ម​ឬ​ការបាត់ ដោយ​ខ្លួនឯង​»​។

​ក្នុងករណី​រកឃើញ​ឬ​យកបាន​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​នោះមក​វិញ ម្ចាស់​ឧបករណ៍ ទូរគមនាគមន៍​ប្រើ​ស៊ីម​មាន​សិទ្ធិ​ស្នើសុំ​ប្រតិបត្តិ​ករ​ទូរ​ស័ព្ទ​ចល័ត​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​នោះ​។ លក្ខខណ្ឌ​និង​នីតិវិធី​នៃ​ការរាយការណ៍​ពី​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ីម​ដែល​បាត់ និង​រកឃើញ​ឬ​យកបាន​មកវិញ ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី ក​.​ប​.​ទ​.​។​

​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់​ត្រា​ល់ បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​អនុក្រឹត្យ​នេះ​ឡើង បើ​ក្នុងន័យ​ការពារ​សុវត្ថិភាព និង​សិទ្ធិ​អ្នកប្រើប្រាស់ ដើម្បី​កុំឱ្យ​មាន​គេ​តេ​គំរាមកំហែង គឺ​ពិតជា​ល្អ ប៉ុន្តែ​បើ​ក្នុងន័យ​ការ​រឹត​ត្បិត ឬ ការគ្រប់គ្រង​លើ​ព័ត៌មាន​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​គឺ​មិនល្អ​នោះទេ។​

​លោក​បន្តថា ក្នុងន័យនេះ កាលពី​កន្លងមក ក៏មាន​ករណី​លួចស្តាប់ ការសន្ទនា​តាម​ទូរ​ស័ព្ទ ដែល​នេះ​ជា​អំពើ​ខុសច្បាប់​មួយ​។ ម្យ៉ាងទៀត កាលពី​កន្លងមកនេះ ក៏មាន​ការ​តេ​គំរាមកំហែង និង​ការផ្ញើ​សារ​គំរាមកំហែង​ទៅដល់​សកម្មជន​សិទ្ធិមនុស្ស ប៉ុន្តែ​នៅពេល​ដាក់​បណ្តឹង​ទៅ​ក្រសួង​ប្រៃសណីយ៍ មិនមាន​ឃើញ​ចំណាត់ការ​ណាមួយ​សមស្រប​នោះដែរ​។

​លោក មឿ​ន តុលា បាន​ថ្លែងថា​៖«​កន្លងមកនេះ សូម្បីតែ​ក្រុមហ៊ុនទូរស័ព្ទ​មួយចំនួន អនុញ្ញាតឱ្យ​លក់​ស៊ីម​កាត ប៉ុន្តែ អត់​មាន​ចុះ​លិខិតស្នាម​ត្រឹមត្រូវ តែ​យ៉ាងណា​ក៏​គេ​អា​ចចាប់​បានដែរ បើ​ចង់​។ ដូចខ្ញុំ​និយាយ​អុីចឹង បើ​បង្កើត​មក​ដើម្បី​គ្រប់គ្រង​ការពារ​ប្រជាពលរដ្ឋ យើង​ស្វាគមន៍ តែ​ខ្ញុំ​ខ្លាច​តែ​យក​ធ្វើ​គោលបំណង​ផ្សេង​ទេ​»​។​

​លោក ជុន វ៉ាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បដិសេធ​មិន​ឆ្លើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​នោះទេ ដោយ​លោក​មិនមាន​ព័ត៌មាន និង​មិនបាន​ចូលរួម​ធ្វើ​អនុក្រឹត្យ​នេះ ហើយ​លោក​បង្វែ​រឱ្យ​ធ្វើទំនាក់ទំនង​ទៅ​លោក ខូវ មករា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​។​

សូមបញ្ជាក់​ផងដែរ​ថា អនុក្រឹត្យ​ស្តីពី​ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ប្រើ​ស៊ីម​នេះ មាន​១៥ ជំពូក និង​៤៣​មាត្រា​៕