ភ្នំពេញៈ ក្រុមហ៊ុន China Railway Group Limited (CREC) ដែល​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​តំបន់ នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ណែនាំ​អំពី​សេវាកម្ម​ផ្សេងៗ​របស់ខ្លួន​ក្នុងការ​រចនា សាងសង់​សំណង់ អភិវឌ្ឍន៍​អចលនទ្រព្យ វិនិយោគ​ហិរញ្ញវត្ថុ និង​ការចូលរួម​ការងារ​ដែល​ខ្លួន​ធ្លាប់បាន​អនុវត្ត​កន្លង​មកលើ​វិស័យ​ដឹកជញ្ជូន ព្រមទាំង​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ​លើ​គម្រោង​ដឹកជញ្ជូន​សាធារណៈ​របស់​កម្ពុជា ពិសេស​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន (High-Speed Train)។

​ការបង្ហាញ​ការចាប់​អារ​ម្មរណ៍​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក​តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​តំណាង​ក្រុមហ៊ុន CREC កាលពី​ថ្ងៃទី ៩ មីនា។​


​ឆ្លើយតប​នឹង​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន លោក​រដ្ឋលេខាធិការ​ប្រចាំការ បានបង្ហាញ​នូវ​គម្រោង​សិក្សា​មួយចំនួន ដែល​ក្រសួង​កំពុង​ស្ថិត​ក្នុងការ​សិក្សា ព្រមទាំង​កំពុង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ឬ​ដៃគូ​អភិវឌ្ឍន៍​នានា​ចូលរួម​ក្នុងការ​វិនិយោគ។​

​ក្នុងនោះ​រួមមាន គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន (High-Speed Train) ពិសេស​លើ​ប្រព័ន្ធ​ខ្សែ​ផ្លូវ​រថភ្លើង​ដែលមាន​ស្រាប់​ភ្នំពេញ- ប៉ោយប៉ែត និង​ភ្នំពេញ-ក្រុងព្រះសីហនុ និង​គម្រោង​ខ្សែ​ផ្លូវ​រថភ្លើង​ថ្មី​ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ​ជាដើម។​


​ជាពិសេស​ទៅទៀត​នោះ គឺ​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​ទីក្រុង (Phnom Penh Urban Light Rail) គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) និង​ការសិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុនស្រាល (Monorail) ជាដើម។​

​ជំនួប​ពិភាក្សា​ការងារ​នាឱកាស​នេះ ត្រូវបាន​រៀបចំឡើង ដើម្បីឱ្យ​ក្រុមហ៊ុន​អាច​ស្វែងយល់​អំពី​គម្រោង​ការសិក្សា​នានា ដែលជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ និង​ជំរុញ​កាត់បន្ថយ​ការចំណាយ​លើការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន៕​