កំពង់ធំៈ ក្នុង​កម្មវិធី​បិទ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ រាត្រី​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ​ ២០២៣ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា ការរៀបចំ​ឱ្យមាន​ពិធីបុណ្យ​ទន្លេ បុណ្យ​សមុទ្រ ពិព័រណ៍​ទេសចរណ៍ ក៏ដូចជា​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ត្រូវបាន​ចាត់ទុកថា​បានរួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​កសិកម្ម ផ្សព្វផ្សាយ​ពី​វិស័យ​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ ក៏ដូចជា​ជួយ​អប់រំ​ណែនាំ​ពី​វិស័យ​បរិស្ថាន​ផងដែរ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានកត់សម្គាល់​ពី​សក​ម្ម​ភាព​ចូលរួម​ទស្សនា​របស់​ប្រជាពលរដ្ឋ​យ៉ាង​កុះករ សកម្មភាព​ទិញ​លក់​ផលិតផល​ក្នុងស្រុក​នៅ​ស្ដង់​ពិព័រណ៍​ក៏​មមាញឹក អមដោយ​ការសម្ដែង​សិល្បៈ របាំ ចម្រៀង តន្ត្រីសម័យ ការប្រកួត​និង​លេង​កីឡា ព្រមជាមួយ​ទស្សនីយភាព​ជាច្រើន​ទៀត​សម្រាប់​ផ្ដល់ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​នាឱកាស​ពិធីបុណ្យ​នេះ​។​


​លោក​បញ្ជាក់ថា ទេសចរណ៍​គឺជា​ការនាំចេញ​នៅនឹងកន្លែង ពីព្រោះ​កាលណា​មានការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា គឺមាន​ការចូលរួម​ផ្សព្វផ្សាយ​ពី​សឹង​គ្រប់​វិស័យ ដូចជា វិស័យ​កសិកម្ម សិប្បកម្ម និង​សហគ្រាស​, វិស័យ​បរិស្ថាន សហគមន៍​, វិស័យ​វប្បធម៌ សិល្បៈ​, វិស័យ​កីឡា ព្រមទាំង​ការអប់រំ ណែនាំ ផ្សព្វផ្សាយ​ជាច្រើន​ទៀត​។​

​លោក​ថ្លែងថា​៖«​វិស័យ​ទេសចរណ៍​ជា​អ្នកលក់​, វិស័យ​កសិកម្ម គឺជា​អ្នក​ផលិត​, វិស័យ​បរិស្ថាន គឺជា​អ្នក​ផលិត​ផង និង​ការពារ​ផង​, រីឯ​វិស័យ​វប្បធម៌ គឺជា​ការពារ​ផង និង​ផ្សព្វផ្សាយ​ផង ដូច្នេះ​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនោះ​គឺ​តាមរយៈ​ព្រឹត្តិការណ៍​ទេសចរណ៍​នេះឯង​»​។​


​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បន្តថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ការរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​ទេសចរណ៍​នានា គឺ​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ការអភិវឌ្ឍ​កសិកម្ម វិស័យ​បរិស្ថាន វិស័យ​វប្បធម៌​។ លោក​ថា​៖«​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តែងមាន​ប្រសាសន៍​រាល់ពេល​ថា ទេសចរណ៍​គឺជា​ការនាំចេញ​នៅនឹងកន្លែង ផលិតផល​ទាំងអស់​គឺ​យកមក​ដាក់តាំង​លក់​ក្នុង​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ដើម្បីឱ្យ​ប្រជាជន​ទិញ​ប្រើប្រាស់​បាន​»​។​

​លោក​បន្តថា វិស័យ​វប្បធម៌ គឺ​ពង្រឹង​ការគ្រប់គ្រង​តំបន់​បេតិកភណ្ឌ សហគមន៍​របស់​ប្រជាពលរដ្ឋ របស់របរ​ប្រើប្រាស់​ជា​ប្រពៃណី ពង្រឹងសមត្ថភាព​ការសម្ដែង​របស់​ក្រុម​សិល្បៈ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​តាមរយៈ​ព្រឹត្តិការណ៍​ទេសចរណ៍​។​

​ប្រភព​ដដែល​បន្ថែម​ដែរ​ថា ប្រទេស​កម្ពុ​ជាមាន​សក្ដា​នុព​ល​វប្បធម៌​យ៉ាងច្រើន ទាំង​វប្បធម៌​រូបី​-​អរូបី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និង​ភាព​សម្បូរបែប​ផ្សេងទៀត​នៃ​វិស័យ​វប្បធម៌​ខ្មែរ​។ កម្ពុជា​គឺមាន​បណ្ដាញ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​នៅជាប់ៗ​គ្នា ដែល​មិនមាន​ប្រទេស​ណា​ងាយ​មាន​ដូច​នោះទេ​។​

​ដោយឡែក វិស័យ​បរិស្ថាន​ក៏​ដូច្នេះ​ដែរ កាលណា​មានការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា គឺជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​របស់​សហគម​ន៍​ព្រៃឈើ សហគមន៍​អេកូ​ទេសចរណ៍ និង​សហគមន៍​ផ្សេងទៀត​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងបរិស្ថាន និង​អង្គការ​នានា​។

​លោក​ថ្លែងថា​៖«​ព្រឹត្តិការណ៍​ទេសចរណ៍​ក៏​ជា​ឱកាស​សម្រាប់​អប់រំ ណែនាំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ យុវជន និស្សិត សិស្សានុសិស្ស​ឱ្យចូល​រួម​ថែរក្សា​ការពារ​ព្រៃឈើ បរិស្ថាន អនាម័យ ភាព​បៃតង ការ​ទុកដាក់​សំរាម​និង​កាកសំណល់ ពីព្រោះ​ភាព​ស្អាត​ជា​ភាព​ទាក់ទាញ​មួយ​»​។​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ មាន​ផលិតផល​ខ្មែរ​ជាង​៥០០​មុខ ត្រូវបាន​នាំមក​បង្ហាញ ផ្សព្វផ្សាយ និង​ដាក់លក់​នៅតាម​ស្ដង់​ពិព័រណ៍​ដែល​ផលិត​បាន​ក្នុងស្រុក និង​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ​៕​