ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន ឡុងម៉េត លោក ហ៊ុន ឡាក់ បានឱ្យដឹងថា នៅដើមឆ្នាំ ២០២៣ នេះ ការនាំចេញចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់មានភាពប្រសើរឡើងវិញ បើធៀបនឹងឆ្នាំ ២០២២ ដោយសារតែប្រទេសចិន ដែលជាទីផ្សារធំ លែងមានការបិទខ្ទប់ មានតម្រូវការច្រើន និងការដឹកជញ្ជូនចាប់ផ្តើមធ្លាក់ថ្លៃបន្តិចមកវិញ។
លោកថា នៅក្នុងខែមករា ឆ្នាំ ២០២៣ ការនាំចេញផ្លែចេកស្រស់ មានចំនួន ២៨ ៦០០ តោន ខណៈខែកុម្ភៈការនាំចេញបានកើនឡើងទ្វេដង បើធៀបនឹងខែមករា ឆ្នាំ ២០២៣ ពោលគឺមាន ៥៩ ២០០ តោន។ ការថយចុះនៃចំនួនចេក ដែលនាំចេញក្នុងឆ្នាំ ២០២២ ដោយសារតែការបិទខ្ទប់ របស់ប្រទេសចិន និងបញ្ហាដឹកជញ្ជូន ខណៈចិនជាទីផ្សារដ៏ធំរបស់កម្ពុជា។ ទោះយ៉ាងណា ការនាំចេញចេកនៅតែអាចដំណើរការបានជាធម្មតា និងបានចាប់ផ្តើមស្ទុះងើបឡើងវិញក្នុងឆ្នាំ ២០២៣ ដោយសារតែផ្លែចេក ត្រូវបានប្រជាជនចិននិយមទទួលទានជាប្រចាំថ្ងៃ។
នៅក្នុងពេលអមដំណើរទស្សនកិច្ចជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ទៅកាន់ប្រទេសបារាំង កាលពីពេលថ្មីៗនេះ លោក ហ៊ុន ឡាក់ ឱ្យដឹងថា ការនាំចេញផ្លែកចេកស្រស់របស់កម្ពុជា មានត្រឹមកម្រិតតំបន់នៅឡើយ មិនទាន់បានចូលទៅក្នុងទីផ្សារអឺរ៉ុបនៅឡើយដោយបាននាំចេញទៅកាន់ទីផ្សារចិន វៀតណាម ជប៉ុន ។ ដូចនេះ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសបារាំងនាពេលថ្មីៗនេះ ក្រសួងកសិកម្ម និងវិស័យឯកជនផ្នែកដំណាំសាកវប្បកម្ម ក្រៅពីទៅសិក្សាស្វែងយល់ពីតម្រូវការទីផ្សារបារាំងហើយក៏មានគោលបំណងទៅស្វែងយល់ពីទីផ្សារថ្មីនៅប្រទេសនេះផងដែរ។
លោកថា៖ «ការធ្វើដំណើរទៅនេះ គឺយើងចង់សិក្សា ថាតើផ្លែចេកស្រស់យើងអាចនាំចេញទៅទីផ្សារបារាំងបានឬអត់? ហើយបារាំងមាននាំចូលចេកពីប្រទេសណាខ្លះហើយបារាំងខ្លួនឯងផលិតចេកបានឬអត់? មានគុណភាពយ៉ាងណាខ្លះដែរ? មានតម្លៃបែបណា? បើយើងនាំទៅមានការដឹកជញ្ជូនដូចម្តេចខ្លះ? ក៏ដូចជាមានលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យយ៉ាងដូចម្តេចខ្លះ? ទាំងនេះជាអ្វី ដែលយើងត្រូវសិក្សាឱ្យបានល្អិតល្អន់ មុននឹងសម្រេចនាំចេញចេកទៅកាន់ទីផ្សារប្រទេសបារាំង»។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកំពត កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អាជ្ញាធរខេត្តក៏ដូចជា មន្ទីរជំនាញរបស់ខេត្តកំពត មានការគាំទ្រណាស់ទៅលើការដាំដុះដំណាំចេករបស់ក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានពីរដ្ឋ។
លោកថា៖ «ឥឡូវនេះក្រុមហ៊ុន កំពុងមានការជំរុញបន្ថែម ទៅលើការដាំដុះ។ ខ្ញុំសង្ឃឹមថា បើសិនជាការដាំដុះនេះល្អនឹងអាចពង្រីកបានលើផ្ទៃដីមួយចំនួន ដែលពាក់ព័ន្ធនៅទីនោះថែមទៀតដោយមានការចូលរួមពីសហគមន៍ ពីបងប្អូនប្រជាពលរដ្ឋជុំវិញនោះ»។
លោកអភិបាលខេត្តបន្តថា ការពង្រីកផ្ទៃដីដាំដុះចេកនៅខេត្តកំពតនឹងទទួលបានប្រាក់ចំណូលព្រមទាំងជួយលើកកម្ពស់ ជីវភាពប្រចាំថ្ងៃ ប្រចាំខែរបស់ប្រជាពលរដ្ឋផងដែរ ថែមទាំងទទួលបានទីផ្សារពលកម្មនៅនឹងកន្លែងបន្ថែមទៀត។
កម្ពុជាបាននាំចេញចេកស្រស់ ចំនួន ៣៦៧ ៤០០ តោន នៅក្នុងឆ្នាំ ២០២២ មានការថយចុះ ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះនាំចេញទៅប្រទេសចិនប្រមាណ ៣៣០ ០០០ តោន វៀតណាមជាង ៣៦ ០០០ តោន និងជប៉ុនជាង ២ ៨០០ តោន។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនឡុងម៉េត៕