​ភ្នំពេញៈ សាជីវកម្ម​ធានា​​ឥណទាន​កម្ពុជា​ (CGCC) បានផ្តល់​ការធានា​ឥណទាន​ជូន​ដល់ ១១៥៥ ក្រុមហ៊ុន​/​អាជីវ​កម្ម ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួនជិត​ ១០៥ លាន​ដុល្លារ គិត​ត្រឹម​ចុងខែ​កុម្ភ​: ឆ្នាំ​ ២០២៣ ក្នុង​ការផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​ ដើម្បី​បន្ត​និរន្តរភាព​និង​ពង្រីក​អាជីវកម្ម​ដែល​បាន​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​។​

​យោងតាម​របាយការណ៍​របស់ CGCC ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែមីនា​នេះ គិត​ត្រឹម​ចុងខែ​កុម្ភ​: ឆ្នាំ​ ២០២៣ CGCC បានផ្តល់​ការធានា​ឥណទាន​ជូន​ដល់ ១១៥៥ ​ក្រុមហ៊ុន​/​អាជីវកម្ម ក្នុង​ទំហំ​ទឹក​ប្រាក់កម្ចី​ប្រហាក់ប្រហែល ១០៤,៩ លាន​ដុល្លារ​។ បើ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមករា សន្និធិ​ឥណទាន​ដែលមាន​ការធានា​មាន​ចំនួន ៨១,៦ លាន​ដុល្លារ និង​សន្និធិ​ទំហំ​ការធានា​ឥណទាន​មាន​ចំនួន ៥៨,៩ លាន​ដុល្លារ​។


​លោក សុខ វឿ​ង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែមីនា​ថា គម្រោង​ធានា​ឥណទាន​នេះ​បាន​ដើរ តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​លទ្ធភាព​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ទទួលបាន​នូវ​កម្ចី​ដោយ​ពុំ​បាច់​មានទ្រព្យ​ធានា​ដើម្បី​យកទៅ​បន្ត​និរន្តរភាព​និង​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​ក្រោយពី​ទទួលរង​ពី​ផល​​ប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩​ ជាង​ ២ ​ឆ្នាំ​មកនេះ​។​

​លោក​បាន​ថ្លែងថា ជាមួយនឹង​កំណើន​នៃ​ការធានា​ចំនួន ១ ១៥៥​ នេះ ក្នុងនោះ ​៨០​ ភាគរយ​គឺ​ផ្តល់​ដោយ​ធនាគារពាណិជ្ជ និង​ចំណែក​ដែល​នៅសល់​គឺ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​​វត្ថុ ដែលជា​ដៃគូ​ចូលរួម​ជាមួយ​គម្រោង​ធានា​ឥណទាន​នេះ​។


​ប៉ុន្តែ​សម្រាប់​ទឹកប្រាក់​នៃ​ទំហំ​ឥណទាន​ដែលមាន​ជិត​ ១០៥ ​លាន​ដុល្លារ​នោះ​គឺ ប្រមាណ ​៩៥​ ភាគរយ​ត្រូវ​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​។​

​លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ទំហំ​ឥណទាន​ដែល​បានផ្តល់​នោះ​គឺ​យើង​បានផ្តល់​ភាគច្រើន​ទៅលើ​វិស័យ​អាទិភាព​ដូចជា​វិស័យ​សេវាកម្ម កសិកម្ម និង​ផលិតកម្ម ដែល​បណ្តា​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ទាំង​នោះ​អាច​ទទួលបាន​កម្ចី​ដើម្បី​យកទៅ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយ​ពុំ​ចាំបាច់​មានទ្រព្យ​ធានា​»​។

​លោក​បាន​ថ្លែង​បញ្ជាក់ទៀតថា​៖ «​យើង​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ CGCC ដោយសារតែ​ហានិភ័យ​ត្រូវបាន​ធានា​។ យើង​សង្កេតឃើញថា​ចាប់តាំងពី​គម្រោង​នេះ​ចាប់ផ្តើម​អនុវត្ត​គឺ​អត្រា​ឥណទាន​ដែល​ខូច នោះ​មាន​អត្រា​តិចតួច​បំផុត ដោយ​សារ​តែ​អាជីវកម្ម​ទាំងនោះ​គឺ​សុទ្ធសឹង​តែមាន​សក្តានុពល​ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ប៉ុន្តែ​ពួកគេ​ពុំមាន​ទ្រព្យ​ធានា ហេតុដូច្នេះ​ហើយ​ការ​អនុវត្ត​គម្រោង​ធានា​ឥណទាន​នេះ​គឺ​បាន​ជួយ​ពួកគាត់​ច្រើន​ក្នុងការ​ពង្រីក​អាជីវកម្ម​។​

​លោក សុខ វឿ​ង ​ដែលជា​អគ្គនាយក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC ផងដែរ​នោះបាន​ថ្លែងថា ស្ថាប័ន​របស់លោក​ក៏បានផ្តល់​កម្ចី​ប្រមាណ​ជា​ ២ ​លាន​ដុល្លារ​ផងដែរ ហើយ​លោក​នឹងធ្វើ​ការពង្រីក​ឱ្យបាន​ពី​ ៤ ​ទៅ ​៥ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ​២០២៣ ​នេះ​ដើម្បី​ចូលរួមចំណែក​ផ្តល់​មូលនិធិ បន្ថែម​ដល់​ SMEs​។

​លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែមីនា​ថា ធនាគារ​របស់លោក​ចូលរួម​ជាមួយ​គម្រោង​ធានា​ឥណ​ទាន​នេះ​មាន​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​រួចទៅហើយ​គិត​ត្រឹម​ដំណាច់ ឆ្នាំ ២០២២​។ លោក​បន្ថែមថា ធនា​គា​រលោក​នឹងមាន​គម្រោង​ក្នុងការ​ពង្រីក​ឱ្យបាន​ប្រមាណ​ពី​ ៥ ​ទៅ​ ១០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ជាការ​ពិត ណាស់ តាមរយៈ​គម្រោង CGCC នេះ​គឺជា​គម្រោង​មួយ​ល្អ​សម្រាប់ SMEs ទាំងឡាយ​ដែល​ពួកគាត់​គ្មាន​ទ្រព្យ​ដាក់​ធានា​គឺអាច​ស្នើសុំ​ឥណទាន​តាម​គម្រោង​នេះ​គឺ​ពួកគាត់​មានឱកាស​ក្នុងការ​ស្តារ និង​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​ដោយ​មិន​តម្រូវឱ្យ​មានទ្រព្យ​ធានា​ទេ​»​។​

«​សម្រាប់​ឆ្នាំ​ ២០២៣ នេះ​យើង​ចង់​ពង្រីក​ឱ្យ​ធំ​ដោយ​យើង​ចង់​ពង្រីក​ទៅ​អាជីវកម្ម​ផ្សេងៗ​ឱ្យបាន​ច្រើន​ដោយ​កាលពីមុន​យើង​ផ្តោត​តែ​ទៅលើ SMEs ធំៗ​ដែលមាន​ទ្រព្យ​ធានា​ដើម្បី​ពង្រីក​អាជីវកម្ម​របស់គាត់ ហើយ​ឥឡូវនេះ​សម្រាប់ SMEs តូចៗ​ដែល​ត្រូវការ​សាច់ប្រាក់​ដើម្បី​ពង្រីក​អាជីវ​កម្ម​របស់​ពួកគាត់​ប៉ុន្តែ​មិនមាន​ទ្រព្យ​ធានា​ក៏បាន​ដែរ​ដោយ​យកតាម CGCC ហេតុ​ដូច្នេះហើយ​បានជា​ធនាគារ​របស់ខ្ញុំ​នឹងធ្វើ​ការពង្រីក​ការផ្តល់​កម្ចី​របស់​យើង​តាមរយៈ​គម្រោង CGCC នេះ​ពី​ ១​ លាន​ដុល្លារ​ ទៅ​ចន្លោះ​ពី​ ៥​ ទៅ​ ១០​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣ ​នេះ​» នេះ​បើតាម​លោក ចៅ​ចេក​៕