ពោធិ៍សាត់់ៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ការយោគយល់​ពី​ប្រជា​ពលរដ្ឋ​ទាំង​ជាង ​៣៤០ ​គ្រួសារ​ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការសាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ ដោយសារ​តម្រូវការ​អគ្គិសនី​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​លោក​ថ្លែង​ដូច្នេះ ក្នុងឱកាស​លោក​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ និង​សំណេះ​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង នា​ថ្ងៃទី ​១៤ ​មីនា​។ លោក ហ៊ុន សែន សុំ​ការ យោគយល់​ពី​ប្រជាពលរដ្ឋ​ដែលមាន​ផលប៉ះពាល់​ពី​ការសាងសង់​វា​រី​អគ្គិសនី​នេះ​។ «​អ៊ីចឹង​ទេ ពេលដែល​យើង​ធ្វើ​អគ្គិ​ស​នី​នេះ​តិច​ឬ​ច្រើន​វា​មាន​ផលប៉ះពាល់​ហើយ ប៉ុន្តែ​យើង​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​ហ្នឹង​របៀប​ម៉េច​។ ការជួបជុំ​ថ្ងៃ​​នេះ ក៏​បញ្ជាក់​អំពី​របៀប​ដែល​យើង​ដោះ​ស្រាយ​»​។


​លោក​ថ្លែងថា​៖ «​ការចាប់ផ្តើម​មក​ធ្វើ​នៅទីនេះ ខ្ញុំ​នៅចាំ​បាន​ច្បាស់​នូវ​ការបញ្ជា​ឱ្យ​ដោះស្រាយ​នូវ​ផលប៉ះពាល់​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ផល​ប៉ះ​ពាល់​ដោយ​យក​ស្តង់ដា​ប្រហាក់ប្រហែលគ្នា ដូចជា​នៅ​ស្ទឹង​សេសា​ន​ ២ នៅ​ខេត្ត​ស្ទឹងត្រែង ហើយ​និង​នៅ​កន្លែង​នេះ ដូច​​ជាការ​ផ្តល់​ផ្ទះ ការផ្តល់​ដី​ហើយ​ដី​នេះ​ទៀតសោត គឺ​សុទ្ធតែ​ផ្តល់​ហើយ​ត្រូវតែ​ឈូសឆាយ​ភ្ជួរ​ឱ្យ​រួច​ព្រោះ​បើ​កម្លាំង​បង​ប្អូន​គឺ​ពិបាក​នៅក្នុង​ការ​ភ្ជួរ​សម្រាប់​សម្អាត​ដី​មក​បង្កបង្កើនផល​»​។​

​លោកនាយក​រដ្ឋមន្ត្រីលើកឡើងថា ឥឡូវនេះ នៅ​ទូទាំងប្រទេស ភូមិ​ដែល​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​ជាតិ​រួចហើយ​គឺមាន​ដល់​ ៩៩​ ភាគរយ​នៃ​ភូមិ ឯ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត​ភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី​ជាតិ​រួចហើយ​មាន​ទៅដល់​ ៩០ ​ភាគរយ​នៃ​ចំនួន​ផ្ទះ​។ វា​ជា​សម័យ​ប្រើ​អគ្គិសនី​មិនមែនជា​សម័យ​ប្រើ​ចន្លុះ​ដុត ប្រើ​ភ្លើងទៀន​ឬ​ប្រើ​ចង្កៀង​ទៀត​នោះទេ​។ សម័យនេះ​គឺជា​សម័យ​ដែល​ប្រជាជន​ប្រើប្រាស់​អគ្គិសនី​។ ដូច្នេះ រាជរដ្ឋាភិបាល​មាន​តម្រូវការ​ដោះ​​ស្រាយ​វា ដែល​ក្នុងនោះ​ការដោះស្រាយ​អគ្គិសនី​បច្ចុប្បន្ន​ក៏​ទាមទារ​ឱ្យ​ដោះស្រាយ​តាមរបៀប​ដែល​មិន​បំពុលបរិស្ថាន​។​


​លោក​លើកឡើងថា​៖ «​ដូច្នេះ​វា​រី​អគ្គិ​ស​នី​គឺ​ចាត់ទុកជា​ប្រភេទ​នៃ​វា​រី​អគ្គិសនី​នៃ​ប្រភព​កកើតឡើង​វិញ​ដែល​វា​មិន​ប៉ះ​ពាល់​ទៅដល់​ការប្រែប្រួល​អាកាសធាតុ​ពិតមែនតែ​វា​ប៉ះពាល់​ជាមួយនឹង​ផ្ទៃដី​នៅនឹងកន្លែង​ដែល​យើង​ត្រូវយក​ប្រជា​​ពលរដ្ឋ​ចេញ នៅពេលដែល​យើង​ផ្ទុក​អាង​ទៅ ប៉ុន្តែ​បើ​និយាយ​ពី​ភាព​បំពុលបរិស្ថាន​ដែល​ធ្វើឱ្យមាន​ការប្រែប្រួល​អា​កាស​ធាតុ​រហូត​ទៅដល់​ប្រទេស​នានា​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​មិន​ប្រើ​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម​តទៅទៀត​នោះ​ក៏​ឃើញថា វា​រី​អគ្គិសនី​នៅតែ​ជា​ជម្រើស​ដ៏​ល្អ​។​

​លោក ​ហ៊ុន សែន លើកឡើងថា រហូតដល់​ពេលនេះ អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា​បានចេញ​មកពី​ប្រភព​កកើត​ឡើងវិញ​រហូត​ទៅដល់​ជាង​ ៦២​ ភាគរយ ហើយ​នៅសល់​ប្រមាណ​ ៤០​ ភាគរយ​ទៀត រដ្ឋាភិបាល​កំពុងតែ​ខិតខំ ហើយ​បញ្ហា​នេះ​មិនមែនជា​រឿង​ងាយស្រួល​ទេ​។

​ពាក់ព័ន្ធ​ការប្រើប្រាស់​ពន្លឺ​ព្រះ​​អាទិត្យ​ក្នុង​ការផលិត​ថាមពល លោក ហ៊ុន សែន លើកឡើងថា​៖ «​ពន្លឺព្រះអាទិត្យ​នេះ​វា​មិន​គ្រប់គ្រាន់​ទេ អានេះ​ទាល់​តែមាន​ថ្ងៃ​ទើប​ចាប់ផ្តើម​បញ្ចេញ​ថាមពល​ឱ្យ​យើង​ហើយ​បើ​មេឃ​ស្រទុំ​បន្តិច​អានេះ​ធ្លាក់ចុះ​ភ្លាម​។ ពេលយប់​អានេះ​អត់ឱ្យ​ភ្លើង​បន្តិច​សោះ​។ អ៊ីចឹង យើង​ត្រូវ​គួបផ្សំ​រវាង​ផ្នែក​វា​រី​អគ្គិសនី ផ្នែក​ដទៃទៀត បូក​ជាមួយ​ផ្នែក​ទាក់ទិន​ជាមួយនឹង​ប្រភព​ដែល​បានមកពី​ពន្លឺព្រះអាទិត្យ​។ អ៊ីចឹង​យើង​ត្រូវ​រក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​អគ្គិសនី​»​។

​លោក​បានធ្វើ​ការប្រៀបធៀប​ថា កាលពី​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ប្រទេស​កម្ពុជា​ប្រើ​អគ្គិសនី​ត្រឹមតែ​ ៣០ ​មេ​ហ្គា​វ៉ា​ត់​ទេ នៅ​ទីក្រុង​ភ្នំពេញ ហើយ​នៅតាម​ខេត្ត​នានា​ក៏​ប្រើ​តិចតួច​ទេ ប៉ុន្តែ​ឥឡូវ កម្រិត​នៃ​ការប្រើប្រាស់​អគ្គិសនី​ឡើងដល់​ជាង​ ២ ២០០ ​មេ​ហ្គា​វ៉ា​ត់ ប៉ុន្តែ​ការ​ព្យាករ​នៃ​តម្រូវការ​អគ្គិសនី​ទៅមុខទៀត​គឺមាន​កាន់តែច្រើន ដែល​រាជ​រដ្ឋា​ភិ​បាល​ត្រូវ​រក​ប្រភព​ដើម្បី​បង្កើតឱ្យមាន​អគ្គិសនី​សម្រាប់​ប្រជាជន​ប្រើប្រាស់​។​

​លោក​ ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍​សាត់ ថ្លែង​ក្នុង​ពិធី​នេះ​ថា ទំនប់​វា​រី​អគ្គិ​ស​នី​ស្ទឹង​ពោធិ៍សាត់​ ១ ​ដែល​កំពុងតែ​សាងសង់​នេះ​មាន​អានុភាព​ផលិត​អគ្គិ​​ស​នី​បាន​ ៨០ ​មេ​ហ្គា​វ៉ា​ត់ ហើយ​ប្រជា​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ពី​គម្រោង​នេះ​មាន​ចំនួន​ ៣៤៧ ​គ្រួសារ​។ បច្ចុប្បន្ន​ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង និង​ក្រុមហ៊ុន​បាន​ដោះស្រាយ​គោ​លន​យោ​បាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​រួចរាល់​ចំនួន​ ៣៤២ ​គ្រួសារ ស្មើនឹង​ ៩៨ ​ភាគរយ​។

​លោក​បន្តថា សម្រាប់​គ្រួសារ​ដែលមាន​ផ្ទះ និង​ដី​ស្ថិតនៅក្នុង​តំបន់​គម្រោង​គឺមាន ​២១​ គ្រួសារ ដោយ​ក្នុង​ ១ ​គ្រួសារ​ទទួលបាន​ផ្ទះ​ទំហំ​ ៨០ ​ម៉ែត្រការ៉េ សាងសង់​លើ​ទំហំ​ដី ​៥០​ ម៉ែត្រ​គុណ​នឹង ​៥០​ ម៉ែត្រ និង​ដី​កសិកម្ម​ដែល​បាន​ឈូសឆាយ​រួចរាល់​មាន​ទំហំ​ ៥​ហិកតា ដែល​ក្នុងនោះ​ទីតាំង​សំណង់​ទី​ ១ ​ទំហំ​ ១១០ ​ហិកតា​។ សម្រាប់​គ្រួសារ​ដែល​ប៉ះពាល់​តែ​ដី​កសិកម្ម និង​ពុំ​មានផ្ទះ​នៅក្នុង​តំបន់​គម្រោង​គឺមាន​ចំនួន​ ៦០ ​គ្រួសារ ដោយ​ក្នុង ​១​ គ្រួសារ​ទទួល​​បាន​ដី​កសិកម្ម​ដែល​បាន​ឈូសឆាយ​រួចរាល់​ទំហំ​ ៥ ហិកតា​នៅក្នុង​ទីតាំង​សំណង់​ទី​ ២​ ទំហំ​ ៣០០​ ហិកតា​។​

​លោក ខូ​យ រី​ដា ថ្លែងថា​៖ «​សម្រាប់​គ្រួសារ​ដែលមាន​តែ​ខ្ទម និង​ដី​ក្នុង​តំបន់​គម្រោង​មាន​ចំនួន​ ២១៨​ គ្រួសារ​ដោយ​ពួកគាត់​ទទួល​សំណង​ជា​ប្រាក់សុទ្ធ​។ ចំពោះ​ថ្លៃ​សំណង​គឺ​ដោះស្រាយ​តាម​ការ​សិក្សា​ដែល​ត្រូវបាន​កំណត់​តម្លៃ​ទៅតាម​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

​លោក​បន្ថែមថា មាន​ប្រជាពលរដ្ឋ​ ៤៣ ​គ្រួសារ បន្ទាប់ពី​សិក្សា​ជាក់​ស្តែង​គឺមាន​ ៣៧​ គ្រួសារ​មិន​រង​ផល​ប៉ះ​ពាល់ និង​មាន​ ៦ គ្រួសារ​បាត់​ដំណឹង​រក​ម្ចាស់​មិនឃើញ​។ ចំពោះ​ករណី​ ៦ ​គ្រួសារ​នេះ​ក្រុមការងារ​ចាត់ទុកជា​ប្រភេទ​ដោះ​ស្រាយ​រួច ព្រោះ​ក្រុមហ៊ុន​នឹង​ដោះស្រាយ​សំណង​ជូន​នៅពេលដែល​ពួកគាត់​បង្ហាញខ្លួន​ដោយ​ក្រុមការងារ​បាន​ត្រៀម​ឯកសារ​សម្រាប់​ដោះស្រាយ រួចជាស្រេច​។​

​ហ្វេ​ស​ប៊ុ​កលោក​ ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃទី​ ១៤ ខែមីនា​ថា រាជរដ្ឋាភិបាល បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់​វា​រី​អគ្គិសនី​កាលពី​ឆ្នាំ ​២០១៩​។ គម្រោង​នេះ​បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២២​ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ព្រមទាំង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៦​ ខាងមុខ​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា​៖ «​បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ក្នុងការ​សាងសង់ និង​វិនិយោគ​រួចមក ក្រុមហ៊ុន​បាន​ខិតខំ​ស្វែងរក​ប្រភព​ទុនវិនិយោគ និង​ក្រុមហ៊ុន​ដៃគូ​សាងសង់​ដែលមាន​បទពិសោធន៍​ខ្ពស់ ដោយបាន​ជ្រើស​យក​ក្រុមហ៊ុន Power China មកពី​ប្រទេស​ចិន ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​សាងសង់​គម្រោង​វា​រី​អគ្គិសនី​នៅ​កម្ពុជា​នាពេល​កន្លងមក​»៕​

វីដេអូ៖