​ភ្នំពេញៈ កម្ពុជា​នឹង​ដាក់ឱ្យអនុវត្ត​ច្បាប់​ពន្ធដារ​ថ្មី​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ខណៈដែល​មន្ត្រី និង​អ្នកជំនាញ​អះអាងថា​ច្បាប់​ពន្ធដារ​ថ្មី​នេះ​នឹង​ផ្តល់​ការលើកទឹកចិត្ត និង​ទាក់ទាញ​វិនិយោគ​កាន់តែច្រើន​មក​កម្ពុជា និង​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​នៃ​បរិបទ​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​

​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​ច្បាប់​ពន្ធដារ​ចាប់តាំងពី​ឆ្នាំ​ ១៩៩៧ មក​ម្ល៉េះ ដែល​ទាមទារ​ឱ្យមាន​ការបង្កើត​ច្បាប់​ថ្មី​នេះ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការវិវឌ្ឍ​នៃ​របប​ពន្ធដារ​ជាស​កល​។


​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​មួយ​កាលពី​សប្តាហ៍​មុន​ថា ក្រោយពី​ចំណាយពេល​ធ្វើការ​តាក់តែង និង​ឆ្លងកាត់​ការពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ពិសេស​ជាមួយ​ក្រសួងយុត្តិធម៌ ជាច្រើន​ឆ្នាំ ច្បាប់​ពន្ធដារ​ថ្មី​ត្រូវបាន​រំពឹងថា​អាច​នឹងត្រូវ​អនុម័ត និង​ដាកឱ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ ប្រហែលជា ២​ ឬ​ ៣​ ខែ​ខាងមុខនេះ​។​


​លោក​បាន​ថ្លែង​បញ្ជាក់ថា បន្ទាប់ពី​បាន​ឯកភាព​ស្រុះស្រួល​គ្នា​ជាមួយ​ក្រសួងយុត្តិធម៌​ហើយ បច្ចុប្បន្ន​ច្បាប់​នេះ​បាន​ចេញពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​គណៈរដ្ឋមន្ដ្រី ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​លោក ហ៊ុន សែន ដាក់​ប្រជុំ​នៅ​គណៈរដ្ឋមន្ដ្រី បន្ទាប់​ពីនេះ​នឹងដាក់​បញ្ជូន​ទៅកាន់​រដ្ឋ​សភា​ពិភាក្សា និង​សម្រេច​អនុម័ត​បាន​។​


​លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​ច្បាប់​នេះ​អាច​នឹង​ចេញ​បាន​ក្នុង​រយៈ​​ពេល​ឆាប់ៗ​ខាងមុខនេះ តាម​ការប្ដេជ្ញាចិត្ត​រប​ស់អគ្គ​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ច្បាប់​នេះ​អាច​នឹង​ចេញ​មុន​នីតិកាល​ទី​ ៧​ ខាងមុខនេះ​គឺអាច​អំឡុងពេល​ប្រមាណ ២​ ឬ​ ៣ ខែ​ខាងមុខ​»​។​


​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ច្បាប់​ពន្ធដារ​ថ្មី​នេះ ធ្វើឱ្យ​ស្រប​ជាមួយ​ច្បាប់​វិនិយោគ​ថ្មី ដែលមាន​ការផ្តល់​ការលើកទឹកចិត្ត​ជា​ហូរហែ ព្រោះ​ច្បាប់​វិនិយោគ​ចេញ​ហើយ តែ​ច្បាប់​ពន្ធដារ​មិនទាន់​អនុញ្ញាតឱ្យ​លើកទឹកចិត្ត ក៏​អត់​ទៅរួច​ដែរ ដូច្នេះ​ទើប​យើង​ធ្វើយ៉ាងណា​ឱ្យ​ស្មើគ្នា​ជាមួយ​ច្បាប់​ពាក់ព័ន្ធ​ដទៃទៀត ដូចជា​ច្បាប់ព្រហ្មទណ្ឌ​ជាដើម​។​


​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែមីនា​ថា ច្បាប់​ថ្មី​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​កែតម្រូវ​ទៅតាម​ទិដ្ឋភាព​ជាក់ស្តែង​នៃ​សេដ្ឋ​កិច្ច​កម្ពុជា ក្នុង​តំបន់ និង​សកល​លោក ជាពិសេស​គឺ​ការផ្តល់​ការលើកទឹកចិត្ត​នៃ​វិស័យ​ពន្ធដារ​ក្នុងការ​ទាក់ទាញ​លំហូរ​វិនិយោគ​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​ជំរុញ​វិស័យ​ផលិតកម្ម​ក្នុងស្រុក​និង​ការនាំចេញ​។​

​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ដឹង​ហើយ​ថា​សេដ្ឋកិច្ច​របស់​យើង​មានការ​រីកចម្រើន​ជា​រៀងរាល់ឆ្នាំ ដែលជា​បច្ច័យ​វិជ្ជមាន​មួយ​ដែល​យើង​មើល​ឃើញថា​រដ្ឋាភិបាល​តែងតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​នានា និង​តាក់តែង​ច្បាប់​ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​ទិដ្ឋភាព ឬ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន តាមរយៈ​ការលើកទឹកចិត្ត​ពន្ធ និង​ការផ្តល់​ការអនុគ្រោះ​នានា​សំដៅ​ធ្វើ យ៉ាងណា​ផ្តល់​សេចក្តីទុកចិត្ត​ដល់​វិនិយោគិន និង​ការ​ទាក់​ទាញ​វិនិយោគ​ថ្មី​ចូល​ប្រទេស​​កម្ពុជា​យើង​»​។​

​លោក Anthony Galliano ប្រធាន AmCham បាន​និយាយ​នៅក្នុង​កម្មវិធី​នេះដែរ​ថា GTD បាននិងកំពុង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ជាពិសេស​ការធ្វើ​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​បង់​ពន្ធ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ឆ្លៀតឱកាស​នេះ​សាទរ និង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ដ៏​អស្ចារ្យ​ដែល​សម្រេចបាន​ដោយ GDT ហើយ​អបអរសាទរ ចំពោះ​ការ​ងារ​ដ៏​អស្ចារ្យ​»​។​

​នៅ​ឆ្នាំ​ ២០២២ GDT បាន​ប្រមូល​ចំណូល​បាន​ប្រហែល ៣,៤៥៥ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ ១២២,៥៤ ​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២២ ដែល​ស្មើនឹង​ ២៣,៩៦​ ភាគរយ​។ សម្រាប់​ផែនការ​កំណត់​ការ​ប្រមូល​ចំណូល​ក្នុង​ឆ្នាំ​ ២០២៣ មាន​ចំនួន ៣,៥៧១​ ពាន់​លាន​ដុល្លារ​៕