​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រ​សួង​ពាណិជ្ជកម្ម​បានលើកឡើង​ថា ដំឡូង​មី​របស់​កម្ពុជា​នឹងមាន​ទីផ្សារ​កាន់តែ​ធំ​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​នៅក្នុង​តំបន់​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នានា​ជាពិសេស​ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង ស្រប​ពេលដែល​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥​។​

​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​មួយ​នៅ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២៣ ថ្លែងថា ក្នុងពេល​ថ្មីៗ​នេះ ក្រសួង​បាន​ដឹកនាំ​ចូលរួម​ចរចា និង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដោយ​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​ ២០២២ រួមមាន កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​​សិប​) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​។


​លោក​បាន​ថ្លែងថា តាមរយៈ​កិច្ចព្រមព្រៀង​ទាំងនេះ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ការ​​នាំចេញ​ដំឡូង​មី​កម្ពុជា​ទៅកាន់​ទីផ្សារ​ទាំងអស់នេះ​ឱ្យបាន​កាន់​តែ​ច្រើន និង​ក៏​បើក​លទ្ធភាព​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្នុង​វិស័យនេះ​ផងដែរ​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​ក្នុង​រយៈពេល​ ១០ ​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ​ ២០២២ កន្លងទៅ កម្ពុជា​នាំចេញ​ដំឡូង​មី​ស្រស់ ក្រៀម ម្សៅដំឡូង​មី និង​កាកសំណល់​ដំឡូង​មី​បាន​ជិត ៣​ លាន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ជា​​ពិសេស ថៃ និង​វៀតណាម​»​។​


​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​​ប៉ៃលិន លោក សាយ សុផាត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា ផ្ទៃដី​ដាំដំឡូង​មី ក្នុង​ខេត្ត​ប៉ៃលិន​រដូវ​កាល​ឆ្នាំ​ ២០២២-២០២៣ នេះ​មាន​ប្រមាណ ៤,៤​ ម៉ឺន​ហិកតា កើនឡើង​ពី​ជាង ៤,២​ ម៉ឺន​ហិកតា​កាលពី​ឆ្នាំ ២០២១-២០២២ ដោយ​ប្រមូល​ផល​បាន​ក្នុង​រង្វង់​ជិត ៨​ ម៉ឺន​តោន​។ ផល​ដំឡូង​មី​ប្រហែល ២០-៣០​ ភាគរយ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​កែច្នៃ​ជា​ចំណី​សត្វ​ក្នុង​ខេត្ត​ប៉ៃលិន និង​នៅ​ក្រុមហ៊ុន​នានា​ក្នុង ប្រទេស ចំណែក ៧០-៨០​ ភាគរយ​ទៀត ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​យកទៅលក់​នៅ​ប្រទេស​ថៃ​។​

​លោក​ថ្លែងថា​៖ «​ផល​ដំឡូង​មី​ដើរតួនាទី​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ប្រជាជន​នៅ​ខេត្ត​ប៉ៃលិន ដោយមាន​ដាំ​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​។ ប្រសិនបើ​មិនមាន​គ្រោះទឹកជំនន់​កាលពី​ចុងឆ្នាំ​ ២០២២»​។​

​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រយៈ​ពេល​ ១១ ​ខែ​ឆ្នាំមុន កម្ពុជា​បាន​នាំ​​ចេញ​ដំឡូង​មី និង​ផលិតផល​ពី​ដំឡូង​មី​សរុប​ជាង ៣​ លាន​តោន ក្នុងនោះ ចំណិត​ដំឡូង​មី​ក្រៀម​ជាង​ ១,៨​ លាន​តោន​,​ដំឡូង​មី​ស្រស់​ជាង ១,៣​ លាន​តោន​, ម្សៅដំឡូង​មី ៥៧ ០៦៧​ តោន និង​កាកសំណល់​ដំឡូង​មី ២៤ ១០០ ​តោន​៕