ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បានធ្វើការ​អំពាវនាវ​ដ​ល់​សា​ធា​រណ​ជន​កុំ​មាន​ក្តីបារម្ភ​ក្នុងការ​ទៅ​ដក​ប្រាក់​ចេញពី​ធនាគារ​របស់ ខ្លួន​ជុំវិញ​បញ្ហា​ក្ស័យធន​របស់​ធនាគារ​ធំៗ​ ២ ​របស់​សហរដ្ឋ​អាមេរិក​កាលពីពេល​ថ្មីៗ​កន្លង​ទៅនេះ​។​

​យោងតាម​សារព័ត៌មាន Reuters បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែមីនា អំពី​ការប្រកាស​ក្ស័យធន​របស់​ធនាគារ Signature Bank (SBNY.O)​ និង​ធនាគារ Silicon Valley Bank​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក​ប្រធានាធិបតី Joe Biden បានប្រកាស​ជា​សាធារណៈ​ថា ​ប្រព័ន្ធ​ធនាគា​របស់​សហរដ្ឋ​អាមេរិក ​គឺមាន​សុវត្ថិភាព​ដោយ​សារ​អាជ្ញាធរ​បាន​ចាត់​វិធា​នា​ការ​នានា​ក្នុងការ​បង្ការ​កុំឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​សម្រុក​ទៅ​ដក​ប្រាក់​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​ប​ត្រ​នៅ​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ទី​ ១៦​ មីនា​ថា ករណី​ដួលរលំ​ធនាគារ​ទាំង​ ២ ​របស់​សហរដ្ឋអាមេរិក​ កាលពីពេល​ថ្មីៗ​នេះ​នឹងមិន​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ច​សកល និង​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា​នោះឡើយ​។


​លោក​បានលើកឡើង​នូវ​បញ្ហា​ទាំង​នេះ​ថា ធ្លាប់​បានកើត​លើក​ទី​១ ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​ ១៩៩៧ ពេលនោះ​ពិតជា​ច្របូកច្របល់​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅតាម​បណ្តា​ប្រទេស​នានា រាប់ទាំង​ធនាគារ​នៅ​កម្ពុជា​ផងដែរ​។ លោក​ថា រហូតដល់​ឆ្នាំ​ ២០០៨ វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​សកល​ដែល​ផ្តើមចេញពី​ការ​​ដួលរលំ​នៃ​ធនាគា​របស់​អាមេរិក​មួ​យ​ដែរ វា​អត់​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​ទេ ហើយ​កម្ពុជា​បាន​ខិតខំ​ទប់ស្កាត់​ហា​និ​​ភ័យ​ដោយ​ដំឡើង​អត្រា​កាតព្វកិច្ច​ចុះបញ្ជី​ពី​ ៧​ ទៅ​ ១២ ​ភាគរយ​កាលពីពេល​នោះ​បម្រុង​ទុក​នូវ​ស្ថានភាព​អាក្រក់​។


​លោក​ថ្លែងថា​៖ «​ឥឡូវនេះ​បន្ទាប់ពី​បណ្តា​ធនាគារ​ចេះ​គ្រប់គ្រង​ហានិភ័យ​ខ្លួនឯង យើង​បាន​កាត់បន្ថយ​ទម្លាក់​អត្រា​ទុនបម្រុង​កាតព្វកិច្ច​មក​ត្រឹម​ ៧​ ភាគរយ​។ អ៊ីចឹង​ទេ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​បានដាក់​ប្រាក់​នៅក្នុង​ធនាគារ​សូមកុំ​ស្លន់ស្លោ​! ការ​ស្លន់ស្លោ​នឹងធ្វើ​ឱ្យ​យើង​បាត់បង់​ផលប្រយោជន៍​ទៅវិញ​ទេ​»​។


​លោក អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​របស់​ធនាគា​រ​អេស៊ីលីដា បាន​ថ្លែងថា​ថា បញ្ហា​ដែល​បានកើត​ឡើង​នៅ​សហរដ្ឋអាមេរិក​នោះ​នឹងមិន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស​កម្ពុជា​ឡើយ ដោយសារតែ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ត្រូវបាន​ស្ថិតក្រោម​ច្បាប់​បញ្ញត្តិ​ដ៏​តឹង​រ៉ឹង ដែល​គ្រប់គ្រង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​


​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ «​វា​ជា​រឿង​ដាច់ដោយឡែក​អំពី​បរិ​យា​កាស​ធ្វើ​អាជីវកម្ម​របស់​យើង ដូច្នេះ​វា​មិន​បង្ក​ជា​ហានិភ័យ​ដល់​ប្រព័ន្ធ​ធនា​គារ​របស់​យើង​ឡើយ​។ ប្រទេស​យើង​តូច​ក៏ពិតមែន ប៉ុន្តែ​យើង​មាន​និយតករ ដែលមាន​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង និង​ចេញ​បទ​ប្បញ្ញត្តិ​នានា​។ ដូច្នេះ​យើង​គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​នោះឡើយ ដោយសារតែ​ធនាគារ​ទាំងអស់​ក៏​សុទ្ធ​តែមាន​វិធានការ​បង្ការ​ហានិភ័យ​របស់ខ្លួន​ផងដែរ​»​។​

​លោក តូច ចៅ​ចេក នាយក​ប្រតិបត្តិ​របស់​ធនាគារ​ប្រៃសណីយ៍​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ធនាគារ​ ២​ នៅ​អាមេរិក​ដែល​ដួល​នោះ​គឺ​មិនមែនជា​ធនាគារ​ធំ​ដែល​អាច​បង្ក​ជា​ហានិភ័យ​នានា​ដល់​សេដ្ឋកិច្ច​សកល​នោះឡើយ​។ លោក​បាន​លើកឡើងថា សម្រាប់​ធនាគារ Silicon Valley គឺមាន​ទំហំ​ធំ​ល្មម ប៉ុន្តែ​ទិសដៅ​របស់គេ​គឺ​ផ្តោតលើ​ការផ្តល់​កម្ចី​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​បង្កើត​ថ្មី​ផ្នែក​ប​ច្ចេ​វិទ្យា​ដែល​បង្ក​ហានិភ័យ​ដល់​គាត់​ដោយសារតែ​អ្នកវិនិយោគ​ពុំ​សូវ​វិនិយោគ​លើ​វិស័យ នេះ និង​ក្រុមហ៊ុន​មួយចំនួន​បាន​កាត់បន្ថយ​បុគ្គលិក ដូច្នេះ​រាល់​បុគ្គលិក​ដែល​ប្រើប្រាស់​គណនី​របស់​ធនា​គារ​នេះ​ក៏​បិទ​អស់​ដែរ​។

​បើ​យោងតាម​លោក ចៅ​ចេក សម្រាប់​ស្ថានភាព​ធនាគារ និង​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​កម្ពុជា លោក​សង្កេត ឃើញថា ចាប់តាំងពី​ធនាគារ​អាមេរិក​ទាំង ​២​ ដួលរលំ​នោះ ពុំមាន​អតិថិជន​ស្ទុះស្ទា​មក​ដក​ប្រាក់​ទេ​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សង្កេត ឃើញថា វិស័យ​ហិរញ្ញវត្ថុ​របស់​យើង​នៅ​ដំណើរការ​ជា​ប្រក្រតី ជាមួយ គ្នា​នេះដែរ​ការបញ្ចេញ​ឥណទាន​របស់​យើង​ក៏​នៅ​ប្រតិបត្តិការ​ជាធម្មតា​ផងដែរ​។​ខ្ញុំ​យល់ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​យើង​មិន​ទទួលរង​ផលប៉ះពាល់​ពី​វិស័យ​ហិរញ្ញវត្ថុ​របស់​អា​មេ​រិ​កឡើ​យ ដោយសារតែ​វិស័យ​ធនាគារ​របស់​យើង គឺជា​ធនាគារ​ក្នុងស្រុក​ដែលមាន​ប្រភព​ទុន​ក្នុង ស្រុក អ្នកប្រើប្រាស់​ក្នុងស្រុក និង​ធនាគារ​ក្នុងស្រុក​ស្ទើរតែ​ ១០០ ​ភាគ​រយ​ផ្តល់​ឥណទាន​គឺមាន​ទ្រព្យ​ធានា ដូច្នេះ​គឺ​ពុំមាន​បញ្ហា​នោះទេ គឺ​យើង​មាន​សុវត្ថិភាព​ ១០០​ ភាគរយ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក៏បាន​លើកឡើងថា ប្រសិនបើ​ពលរដ្ឋ​ដែល​បានដាក់​ប្រាក់​កន្លងមក រួច​ប្រញាប់ប្រញាល់​ទៅ​ដក​ប្រា​ក់ដោយ​សារ​តែ​ក្តីបារម្ភ​នោះ ពួកគេ​នឹង​បាត់​បង់​ទាំងអស់​នូវ​អត្រា​ការប្រាក់​ដោយ​​សារ​គេ​មិនឱ្យ ព្រោះ​ដក​មុន​កាល​កំណត់​។​

​លោក​បាន​ក៏​ថ្លែង​បញ្ជាក់ទៀតថា ឆ្នាំ​ ២០០៨-២០០៩ ផ្តល់​មេរៀន​ឱ្យ​ប្រទេស​អាមេរិក​គ្រប់គ្រាន់​ណាស់​ទៅហើយ អ៊ីចឹង​អាមេរិក​ក៏​មិន​ធ្វើឱ្យមាន​ភាពច្របូកច្របល់​លើ​ទឹកដី​អាមេរិក​ដោយសារ​ដួលរលំ​នៃ​ធនា​គារ​ ២ ​នេះដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​សូម​បងប្អូន​កុំ​តក់​ស្ល​ត់ កុំ​ភិតភ័យ​ចំពោះ​ការកើតឡើង​ច្រំ​ដែល​នៃ​ការ​ដួលរលំ​របស់​ធនាគា​រ​អាមេរិក​។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​ដល់​សមត្ថភាព​គ្រប់គ្រង​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា ដោយ​សារ​ធនាគារ​មាន​ទុនបម្រុង​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​»​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រព័ន្ធ​ធនាគារ​កម្ពុ​ជាមាន​ធនាគារ​ពាណិជ្ជ​ ៥៩ ធនាគារ​ឯកទេស​ ៩ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ៨២ គ្រឹះស្ថាន​ឥណទាន​ជនបទ ​២២៤ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ ១៦ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ៣៤៕

វីដេអូ៖