​ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពី​រសៀល​ថ្ងៃទី ​១៦ ​មីនា បានប្រកាស​រួមគ្នា អំពី​ការបញ្ចប់​ការចរចា​ផ្លូវការ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (Cambodia-UAE CEPA) តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

​ការធ្វើ​សេចក្តីប្រកាស​រួមគ្នា​នេះ មាន​វត្តមាន​ចូលរួម​ពី​ប្រធាន​ក្រុម​ចរចា​, តំណាង​ក្រុមការងារ​ចរចា និង​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ភាគី​ទាំង​២​សរុប​ប្រមាណ ១០០​រូប​។​


​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​ក្នុងឱកាស​នេះ​ថា សេចក្តីប្រកាស​រួមគ្នា​នេះ​បាន​កើតមានឡើង​បន្ទាប់ពី ភាគី​ទាំង​២​បាន​ឯកភាព និង​ចុះហត្ថលេខា​លើ​លក្ខន្តិកៈ​យោង​នៃ​ការបង្កើត​កិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ហើយ​បានប្រកាស​បើក​ការចរចា​ជុំ​ទី​១ នៅ​ថ្ងៃទី​២៤-២៦ ខែតុលា ឆ្នាំ​២០២២ នៅ​រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី អេ​មី​រ៉ា​ត​អារ៉ាប់​រួម ការចរចា​ជុំ​ទី​២ នៅ​ថ្ងៃទី​១៩-២១ ខែធ្នូ ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ និង​ការចរចា​ជុំ​ទី​៣(​ជុំ​ចុងក្រោយ​) នៅ​ថ្ងៃទី​២០-២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ឌុយ​បៃ ប្រកបដោយ​សមិទ្ធផល​ជា​ផ្លែផ្កា​។

​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា ដោយ​ទទួលស្គាល់​ពី​ថា​ម​វ័​ន្ត​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​២ ប្រទេស​កម្ពុជា និង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​អាច​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា ក្រោម​ក្របខ័ណ្ឌ​នេះ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​នៃ​ភាគី​ទាំង​២ តាមរយៈ​ការលើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការជំរុញ​វិនិយោគ​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សក្តានុពល​នានា ដែលជា​កាលានុវត្តភាព​ថ្មីៗ ផ្តល់​ដោយ​អាស៊ាន និង​តំបន់​មជ្ឈិមបូព៌ា​។


​បើតាម​ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង​នេះ គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ទំនិញ វិធាន​ដើមកំណើត​ទំនិញ នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម អនាម័យ និង​ភូតគាម​អនាម័យ របាំង​បច្ចេកទេស​ពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្ម​សេវា ពាណិជ្ជកម្ម​ឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស សហគ្រាស​ធុន​តូច​និង​មធ្យម តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញត្រកម្ម រដ្ឋបាល​កិច្ច​នៃ​កិច្ចព្រមព្រៀង និង​អវសាន​ប្បញ្ញត្តិ​។

​ក្នុងនោះដែរ ទំនិញ​កសិកម្ម​និង​ឧស្សាហកម្ម​សក្តានុពល​ដែល​កម្ពុជា​នឹង​ទទួលបាន​ទីផ្សារ​រួមមាន​៖ អង្ករ​, បន្លែ​, ចេក​, ស្វាយចន្ទី​, ស្វាយ​, ពោត​, ម្រេច​, ទុរេន​, នំ​ធ្វើ​ពី​អង្ករ​, ដំណាប់​ផ្លែឈើ​, កង់​, គ្រឿង​បង្គុំ​អេឡិចត្រូនិក​, រថយន្ត​អគ្គិសនី​, កាបូប​ធ្វើដំណើរ​, ស្បែកជើង​, សម្លៀកបំពាក់​ជាដើម​។​-​ល​-​។

​រីឯ​ទីផ្សារ​សេវា​ដែល​កម្ពុជា​ទទួលបាន​សំខាន់ៗ​ពី​ប្រទេស អេ​មី​រ៉ា​ត​អារ៉ាប់​រួម រួមមាន​៖ សេវាកម្ម​អាជីព និង​សេវាកម្ម​ធុរកិច្ច សេវាកម្ម​សំណង់ និង​វិស្វកម្ម និង​សេវាកម្ម​បរិស្ថាន​។​-​ល​-​។​

​បន្ទាប់ពី​ពិធី​ប្រកាស​បញ្ចប់​ការចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំង​២ នឹង​ព​ន្លឿ​ន​នីតិវិធី​បន្ត ដើម្បី​អាចឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ តាម​កាលបរិច្ឆេទ​សម​ស្រប​នាពេល​ឆាប់ៗ​ខាងមុខ​៕