ពន្ធដារ ស្នើឱ្យអ្នកជាប់ពន្ធទាំងអស់ គួរសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ នៅសាលាជាតិពន្ធដារ

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToI E-Filing) កាលពីថ្ងៃទី១៦ ខែមីនា លោក ហោង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់សិក្ខាកាមទាំងអស់ថា ដើម្បីទទួលបានជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ បុគ្គលិកផ្នែកប្រកាសពន្ធរបស់ក្រុមហ៊ុន ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ គួរមកចុះឈោ្មះសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ នៅសាលាជាតិពន្ធដារ។
លោកបានបញ្ជាក់ទៀតថា៖«នៅសាលាជាតិពន្ធដារមិនត្រឹមតែបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារនោះទេ គឺមានវគ្គបណ្តុះបណ្តាល ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដែលអគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍឡើង និងបានដាក់ជូនអ្នកជាប់ពន្ធទាំងអស់ប្រើប្រាស់ ដើម្បីមានភាពងាយស្រួលក្នុងការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ហើយអ្នកជាប់ពន្ធទាំងអស់អាចសិក្សា និងអនុវត្តលើគ្រប់ប្រព័ន្ធដែលមាននៅក្នុងវគ្គបណ្តុះបណ្តាលរបស់សាលាជាតិពន្ធដារ»។
លោក សុខណាង បានបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពនូវកាតព្វកិច្ចសារពើពន្ធដោយមិនអាចគេចវេះបាន ហើយបើសិនជាមានការយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ច សារពើពន្ធ នោះក៏មិនមានការអន្តរាគមន៍ណាមួយជួយបានដែរ គឺត្រូវទទួលរងនូវទោសទណ្ឌទៅតាមបទប្បញ្ញត្តិស្តីពីពន្ធដារ។ ហើយប្រជាពលរដ្ឋនៅលើពិភពលោកមិនអាចគេចវេះពីការបង់ពន្ធបានទេ ប្រជាពលរដ្ឋត្រូវចូលរួមបង់ពន្ធ ទាំងអស់គ្នាដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ»។
លោកអគ្គនាយករងបានបន្តទៀតថា ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ គឺជារឿងសំខាន់របស់សហគ្រាសដែលត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ដោយគោរពទៅតាមបទប្បញ្ញត្តិស្តីពីពន្ធដារដែលបានកំណត់ ហើយដើម្បីឱ្យការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់សហគ្រាសប្រព្រឹត្តទៅដោយរលូន សហគ្រាសគួរធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ក្នុងករណីសហគ្រាសមានការ ផ្លាស់ប្តូរព័ត៌មាន ដើម្បីអាចប្រើប្រាស់ប្រព័ន្ធក្នុងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំបាន ដោយចៀសវាង មានការយឺតយ៉ាវ ដែលនាំឱ្យអ្នកជាប់ពន្ធមានការអាក់អន់ស្រពន់ចិត្ត ឬទទួលរងពិន័យដោយប្រការណាមួយ។
លោកបានបញ្ជាក់ទៀតថា៖«អគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែមានវគ្គបណ្តុះបណ្តាលសម្រាប់អ្នកជាប់ពន្ធទេ ថែមទាំងមានវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការពន្ធដារ ដើម្បីទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងការអនុវត្ត និងបកស្រាយ ឱ្យបានត្រឹមត្រូវដូចគ្នាតែមួយ ចៀសវាងអនុវត្តផ្សេងគ្នា ឬមានជម្លោះកើតមានឡើងជាយថាហេតុ»។
សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវកម្មវិធីពាក់ព័ន្ធនឹងទូរស័ព្ទដៃជាច្រើនដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតឡើង និងជំរុញឱ្យអ្នកជាប់ពន្ធទាំងអស់ចូលរួម ប្រើប្រាស់ដូចជា កម្មវិធីព័ត៌មានស្ដីពីពន្ធដារ (GDT News App) កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) កម្មវិធីគណនាពន្ធលើប្រាក់បៀវត្ស (GDT Salary Tax App) កម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យ និងតាមដានឯកសារ (GDTCheck And Track App) កម្មវិធីគណនាពន្ធមធ្យោបាយ (GDT Road Tax Calculation App) កម្មវិធីជជែកផ្ទាល់ ជាមួយពន្ធដារ (GDT Live Chat App)៕
អគ្គនាយកដ្ឋានពន្ធដារ