ខេត្តព្រះសីហនុដាក់ឱ្យដំណើរការនៃការផលិតចេញសម្បកកង់រថយន្តលើកដំបូង

ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមីនា ដាក់ឱ្យដំណើរការនៃការផលិតចេញសម្បកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ដែលមានសមត្ថភាពផលិតសម្បកកង់តូច ៥ លានគ្រឿង និងសម្បកកង់ឡានធំ ៩០ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំ។
ថ្លែងក្នុងពិធីអបអរសាទរការផលិតចេញសម្បកកង់លើកដំបូងនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរ និងស្វាគមន៍ការដាក់ឱ្យដំណើរការ ការផលិតចេញសម្បកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុននេះ នៅក្នុងខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោកថ្លែងថា៖ «សូមថ្លែងអំណរគុណក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្មក្នុងការផលិតសម្បកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារសាងសង់ចូលដោយឥតបង់ពន្ធ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់»។
ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ បានដកស្រង់សម្ដីលោក Gu Cui ប្រធានក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ថា ការផលិតចេញសម្បកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃរយ:ពេល ៣ ឆ្នាំ ហើយថា៖ «យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនសម្បកកង់ឈានមុខគេមួយនៅប្រទេសចិន»។
លោកបន្តថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបន្តពន្លឿនការធ្វើឱ្យប្រសើរនូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង។ ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងខេត្តជាំងស៊ូ ដែលវិនិយោគជាង ១០០ លានដុល្លារ»។
លោក Gu Cui ថ្លែងថា នៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០ លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី ១៨ ម៉ឺនម៉ែត្រការ៉េ មានសមត្ថភាពផលិតសម្បកកង់ក្នុង ១ឆ្នាំ គឺសម្បកកង់តូច ៥ លានគ្រឿង និងសម្បកកង់ឡានធំ ៩០ ម៉ឺនគ្រឿង នាំចេញជាចម្បងទៅកាន់សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។
រោងចក្រផលិតសម្បកកង់រថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយមានគោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា៕