កម្ពុជា និង​ប៉ា​គី​ស្ថាន បាន​ឯកភាពគ្នា​ក្នុងការ​ពិនិត្យ​លទ្ធភាព​បង្កើតឱ្យមាន​គណៈកម្មាធិកា​រ​រួមគ្នា​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ ខណៈដែល​ប្រទេស​ទាំងពីរ​មាន​សក្តានុពល​ជាច្រើន ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​តិចតួច​នៅឡើយ​។​

​ការឯកភាព​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​លើ​ការជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។


​ប្រភពពី​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួប​នោះ​លោក ប៉ាន សូរ​ស័ក្តិ បាន​ស្នើឱ្យ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​ស្វែងរក​ពី​លទ្ធភាព​ក្នុងការ​ពង្រឹង​កំណើន​នៃ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី ដោយ​លើកទឹកចិត្ត​សភាពាណិជ្ជកម្ម សមាគម​ធុរកិច្ច និង​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ ឱ្យធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ និង​សកម្ម​ជាមួយគ្នា ដើម្បី​ពង្រីក​ឱកាស​បណ្តាញ​អាជីវកម្ម តាមរយៈ​កិច្ចសន្ទនា B2B​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ក្រៅពី​កិច្ចសន្ទនា​B2B ប្រ​ទស​ទាំងពីរ​អាច​ពង្រីក​ការសហការ​គ្នា​លើ​ការផ្គូផ្គង​ពាណិជ្ជកម្ម ការតាំងពិព័រណ៍​ពាណិជ្ជកម្ម និង​ពិព័រណ៍ ដែល​មានបំណង​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ពី​តម្រូវការ​ទីផ្សារ​នាំចេញ និង​ជំរុញ​ការបណ្តាក់ទុន​អាជីវកម្ម​រួមគ្នា​។ លោក​បាន​បញ្ជាក់ថា​៖«​យើង​ស្នើសុំ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ជួយ​ជំរុញ​វិស័យ​ឯកជន​ពី​ប្រទេស​ប៉ា​គី​ស្ថាន មក​ស្វែងយល់​ពី​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ជាពិសេស​អាហារ​ហា​ឡា​ល​(Halal) ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក និង នាំចេញ និង​ចង់ឱ្យមាន​ជើងហោះហើរ​ត្រង់​ពី​ប៉ា​គី​ស្ថាន​មក​កម្ពុជា ដើម្បី​ជំរុញ​ទេសចរណ៍ និង​ការវិនិយោគ​នៃ​ប្រទេស​ទាំងពីរ​»​។


​លោក​បាន​ឱ្យដឹងទៀតថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​តិចតួច​នៅឡើយ ប៉ុន្តែ​ប្រទេស​ទាំងពីរ​នៅតែមាន​វិស័យ​សក្តានុពល​ជាច្រើន ដើម្បី​ធ្វើឱ្យ​រីកចម្រើន​ទាក់ទង​នឹង​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លោក​ថា​៖«​វិស័យ​ឯកជន​ដើរតួនាទី​យ៉ាងសំខាន់ ជាពិសេស​តាមរយៈ​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ទាញយក​ទីផ្សារ​ដែលមាន និង​ប្រើប្រាស់​ឱកាស ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំងពីរ​»​។​

​លោក​បាន​បន្តថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​អាស៊ាន​+១ បច្ចុប្បន្ន​កម្ពុជា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង ហើយក៏​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង RCEP ដែល​កម្ពុ​ជាមាន​ទីផ្សារ​ដ៏​ធំ​សម្រាប់​វិស័យ​ធុរកិច្ច​។ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៣ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​កម្ពុជា​-​អារ៉ាប់​រួម (CEPA) ទើបតែ​ត្រូវ​បានប្រកាស​ពី​ការបញ្ចប់​ការចរចា​។ ដូច្នេះ វិនិយោគិន​ប៉ា​គី​ស្ថាន​អាចមក​បណ្តាក់ទុន​នៅ​កម្ពុជា និង​ទាញយក​អត្ថប្រយោជន៍​ពី FTA ទាំងនេះ ដើម្បី​លើកកម្ពស់​ការនាំចេញ​។​

​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង​ទៀតថា លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ប៉ា​គី​ស្ថាន​មាន​វិស័យ​សក្តានុពល​មួយចំនួន ដូចជា វាយ​ន​ភណ្ឌ ថ្ម​ម៉ាប ជាដើម ហើយ​ប៉ា​គី​ស្ថាន​បាន​នាំចូល​ប្រេងដូង​យ៉ាងច្រើន​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី និង​នាំចូល​គ្រាប់ស្វាយចន្ទី​ពី​ប្រទេស​វៀតណាម​។ បន្ថែម​ពីលើ​នេះ ប៉ា​គី​ស្ថាន អាចមាន​លទ្ធភាព​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុងការ​ចិញ្ចឹមសត្វ បើ​កម្ពុ​ជាមាន​តម្រូវការ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖« ប៉ា​គី​ស្ថាន ឯកភាព​ជាមួយ​កម្ពុជា ក្នុងការ​ពិនិត្យ​លទ្ធភាព​បង្កើតឱ្យមាន​គណៈកម្មាធិកា​រ​រួមគ្នា​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​»៕