ភ្នំពេញៈ មន្ត្រីជំនាញ និងវិស័យឯកជនលើកឡើងថា ការដាក់ឱ្យដំណើរការផលិតសម្បកកង់រថយន្តរបស់ក្រុមហ៊ុនចិន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ដែលបានវិនិយោគទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារ នឹងជួយលើកកម្ពស់វិស័យកៅស៊ូ ជាពិសេសគឺការរក្សាតម្លៃ និងវិស័យយានយន្តនៅកម្ពុជា។
ការដាក់ឱ្យដំណើរការជាផ្លូវការរបស់ក្រុមហ៊ុនជេនេរ៉ល ថាយអឺរ ថេកណូឡូជីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែមីនា ដែលក្រុមហ៊ុននេះបានដាក់ទុនវិនិយោគ ៣០០ លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី ១៨ ហិកតាដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានសមត្ថភាពផលិតសម្បកកង់ក្នុង ១ ឆ្នាំ គឺសម្បកកង់តូច ៥ លានគ្រឿង និងសម្បកកង់ឡានធំ ៩ សែនគ្រឿង នាំចេញជាចម្បងទៅកាន់សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេស៊ីល និងប្រទេសផ្សេងទៀត។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។
លោក Gu Cui ប្រធានក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) បានមានប្រសាសន៍ក្នុងពិធីនោះថា ការផលិតចេញសម្បកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃ រយ:ពេល ៣ ឆ្នាំ បានសាងសង់ក្រុមហ៊ុនទី ២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។
លោកបញ្ជាក់ថា នៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០ លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី ១៨ ហិកតា និងមានសមត្ថភាពផលិតសម្បកកង់ក្នុង ១ ឆ្នាំ គឺសម្បកកង់តូច ៥ លានគ្រឿង និងសម្បកកង់ឡានធំ ៩ សែនគ្រឿង។
លោក Gu Cui ថ្លែងថា៖ «រោងចក្រផលិតសម្បកកង់រថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា»។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមជាអធិបតីភាពនៅក្នុងពិធីនោះបានលើកឡើងថា នេះគឺជាក្រុមហ៊ុនដំបូងគេបង្អស់់ដែលក្រុមហ៊ុនបានជ្រើសរើសខេត្តរបស់លោកជាទីតាំងផលិត។
លោកមានប្រសាសន៍ថា៖ «វត្តមានក្រុមហ៊ុននៅខេត្តព្រះសីហនុ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធនិងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិផងដែរ»។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែមីនាថា រោងចក្រផលិតសម្បកកង់រថយន្តនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជាដែលអាចផលិតសម្បកកង់រថយន្តដើម្បីចែកចាយទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ លើសពីនោះទៅទៀត វត្តមានរបស់រោងចក្រនេះនឹងចូលរួមចំណែកដល់វិស័យដាំដុះ និងកៅស៊ូរបស់កម្ពុជាផងដែរ។
លោកបានថ្លែងទៀតថា៖ «ចំពោះការវិនិយោគនេះវាមានសារៈសំខាន់ណាស់ដល់កសិករកៅស៊ូគ្រួសារក៏ដូចក្រុមហ៊ុនកែច្នៃកៅស៊ូដែលមានរោងចក្រផលិតផលិតផលសម្រេចក្នុងស្រុក។ វត្តមានរោងចក្រនេះនឹងជួយរក្សាលំនឹងថ្លៃរបស់កៅស៊ូ និងបន្ថែមទីផ្សារក្នុងស្រុក»។
លោកថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តនេះចំនួន ២ គឺនៅខេត្តស្វាយរៀង ១ និងខេត្តព្រះសីហនុ ១ ។
លោក ម៉ែន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនសុភ័ក្ត្រនីកា ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកបានកំពុងធ្វើការចរចាជាមួយរោងចក្រទាំង២នេះទាំងនៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុដើម្បីផ្គត់ផ្គង់កៅស៊ូសម្រាប់ផលិតកម្មរោងចក្រ។ បច្ចុប្បន្នភាគីរបស់លោកកំពុងសិក្សាលម្អិតអំពីលក្ខខណ្ឌនៃតម្រូវការ និងស្តង់ដាគុណភាពកៅស៊ូសម្រាប់ការផ្គត់ផ្គង់នេះ៕