ក្រចេះៈ «​នាង​អំ​» ជា​ឈ្មោះ​អង្ករ​ ១ ​ប្រភេទ​ដែលមាន​ប្រភព និង​បង្កាត់​ពូជ​ដាំ​ដុះ ដោយ​ស្ត្រី​ចំណាស់​ម្នាក់​ដែលមាន​ឈ្មោះថា «​អំ​» នៅ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​ឱ្យដឹងពី​ប្រវត្តិ​អង្ករ​នាង​អំ​នេះ​ថា ក្នុងអំឡុង​ទសវត្សរ៍​ទី​ ៨០ ក្រោយ​ការប្រមូល​ផល​ស្រូវចម្ការ​អស់ហើយ នាង​អំ ឬ​យាយ​អំ បានឃើញ​ស្រូវ​ ១ ​គុម្ព​នៅក្បែរ​ចម្ការ ដោយមាន​គ្រាប់​ប្លែក​ពី​ស្រូវ​ដែល​បាន​ច្រូត​ហើយ គាត់​ក៏​បូត​យក​គ្រាប់ស្រូវ​នោះ បាន​ប្រមាណ​ ១​ ទូកដៃ ខ្ចប់​នឹង ក្រណាត់​តូច​យ៉ាង​ស្អាត​យកទៅ​រក្សាទុក​។

​លុះដល់​រដូវ​សាប​ព្រោះ​ក៏​យកទៅ​ដាំ​ដុះ​លើដី​ដាច់ដោយឡែក ក្រោយមក​ប្រមូល​ផល​បាន​ប្រមាណ​ ១​ ល្អី​តូច ហើយក៏​សាបព្រោះ​បន្តទៀតដោយបាន​យក​អង្ករ​នោះ​ទៅ​ដាំបាយ​សាកល្បង​ក៏​ឃើញថា ពូជស្រូវ​នេះ មាន​រសជាតិ​ឆ្ងាញ់​ហើយ​ក្រអូប​ទៀត​។


​ក្រសួង​បន្តថា យាយ​អំ តាំងពី​ថ្ងៃ​នោះមក ក៏​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​ចែករំលែក​ពូជ​ជូន​អ្នកស្រុក​ម្នាក់​បន្តិចៗ​ឱ្យ​យកទៅ​ធ្វើការ​សាកល្បង ដែល​រហូត​ប្រមាណ ​១០​ ឆ្នាំ​ក្រោយមក អង្ករ​នាង​អំ​ត្រូវបាន​ទទួលស្គាល់​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ឃុំ ហើយក៏​ល្បី​សាយភាយ មកដល់​ទី​រួម​ខេត្ត​ទៀត​ដែល​មកទល់ពេលនេះ​ «​លោកយាយ​អំ​ចង់ឱ្យ​កូនចៅ​» បន្តធ្វើ​ពូជស្រូវ​នេះ​ដោយ​បន្សុទ្ធ​ពូជ​ឱ្យ​បានល្អ​កុំឱ្យ​បាត់​គុណភាព​ដើម ដែល​គេ​បាន​យកឈ្មោះ​គាត់​ទៅ​ដាក់​ជា​សម្គាល់​ពូជ​នោះ​។​

​មកទល់​បច្ចុប្បន្ននេះ បើទោះបី​មិនទាន់​ល្បី​ខ្លាំង​ដូច​ប្រភេទ​អង្ករ​ល្បីៗ ដូចជា​អង្ករ​ផ្កាម្លិះ ឬ​ផ្ការំដួល​ក្តី តែ​អង្ករ​នាង​អំ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​មាន​តម្រូវ​ការកើនឡើង​ខ្លាំង​ហើយ​ការដាំ​ដុះ​ទៀតសោត គឺមាន​ភាព​ងាយ​​ស្រួល​។ នេះ​បើតាម​ការ​ឱ្យដឹងពី អ្នកស្រី ឈឺ​ន សុភា​សី (​ហៅ​ស្រី​មុំ​) ជា​ម្ចាស់​ហាង​អង្ករ​ស្រីមុំ ៩៩​។​


​អ្នកស្រី ស្រីមុំ ដែលជា​អ្នក​ដាំ​ដុះ​ស្រូវ​នាង​អំ លើ​ផ្ទៃដី​ជាង ២០០ ហិកតា ហើយក៏​ជា​អ្នកលក់​ផ្ទាល់ បានឱ្យដឹងថា​៖ «​ពាក់ព័ន្ធ​នឹង​តម្រូវការ​អង្ករ​នាង​អំ នាពេល​បច្ចុប្បន្ននេះ សម្រាប់​ហាង​នាង​​ខ្ញុំ និយាយ​រួម​ពេលដែល​ផ្តើម​លក់​អង្ករ​នាង​អំ​នេះ​នៅលើ​ទីផ្សារ ខ្ញុំ​ឃើញថា តម្រូវការ​របស់​អតិថិជន​យើង​ចេះតែ​កើនឡើង​បន្តបន្ទាប់​តាមរយៈ​ការផ្សព្វផ្សាយ​របស់​យើង តាមរយៈ​ការទិញ​យកទៅ​សាក​ញ៉ាំ តាម​បងប្អូន​ជួយ​ណែនាំ យើង​ឃើញថា តម្រូវការ​និង​ការ​គាំទ្រ ចេះតែ​បន្ត​កើនឡើង​»​។

​អ្នកស្រីបាន​បន្តទៀតថា​៖ «​វា​ចាប់ផ្ដើម​ប្រសើរ​ពី ​១​ ថ្ងៃ​ទៅ ​១ ​ថ្ងៃ ព្រោះ​ភាគច្រើន​អតិថិជន មិនសូវ​ស្គាល់​ទេ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ប្រហែល ១៦ ​ទៅ ១៧ លាន​នាក់ ភាគច្រើន​ស្គាល់​តែ​ពូជ ម្លិះ រំដួល ផ្កា​ខ្ញី​ជាដើម ហើយ​ចំណែក​អង្ករ​នាង​អំ​នេះ អត់​ទាន់​មាន​អ្នក​ស្គាល់​ច្រើន​ទេ​...​ពេលដែល​ខ្ញុំ​យកមក​លក់​ដំបូង​ក៏មាន​អ្នក​ឆ្ងល់​ដែរ តែ​ក្រោយពេល​បាន​ភ្លក្ស​ហើយ គាត់​ជាប់ចិត្ត ស្ទើរតែ​ថា ១០​ នាក់​គាត់​ទិញ​ទៅ​មានតែ​ម្នា​ក់អី​ទេ​ដែល​គាត់ញ៉ាំ​មិនត្រូវ​មាត់​មិនត្រូវ​ចិត្ត​»​។

​ពូជស្រូវ​ដែលមាន​ប្រភព​មកពី​ខេត្តក្រចេះ​នេះ មាន​លក្ខណពិសេស​ប្លែក​គេ គឺ​ធន់​នឹង​អាកាសធាតុ​ងាយស្រួល​ថែទាំ ដាំ​ដុះ រីឯ​អង្ករ​ពេល​ដាំ​ទៅជា​បាយ​ហើយក៏​ក្លិន​ឈ្ងុយ និង​មាន​រសជាតិ​ឆ្ងាញ់​ផងដែរ​។​

​ម្ចាស់​អាជីវកម្ម​អង្ករ និង​ជា​អ្នក​ដាំ​ដុះ​ដដែល​នេះ ឱ្យដឹងទៀតថា អ្នកស្រី​ចង់​បញ្ជាក់ថា ស្រូវ​នាង​អំ គឺជា​ដើមស្រូវ​ម្យ៉ាង​ដែលមាន​សុខភាព​រឹងមាំ​ពី​កំណើត ដែល​ធន់​នឹង​អាកាសធាតុ បើទោះបីជា​មេឃ​រាំង មេឃ​មិនមាន​ភ្លៀង ខ្វះ​ទឹក ១០​​ ថ្ងៃ ឬ ២០ ​ថ្ងៃ​ក៏ដោយ ក៏​ស្រូវ​នេះ​នៅតែ​ធន់​បានដែរ​។​

​ថ្វី​ដ្បិតថា រូបរាង​របស់​អង្ករ ​១ ​នេះ មិន​ស្អាត​ដូច​អង្ករ​ផ្សេងៗ​ទៀត ដោយសារ​គ្រាប់​អង្ករ​នាង​អំ​ខ្លីៗ ប៉ុន្តែ​គុណភាព និង​រសជាតិ​វិញ ឆ្ងាញ់​មិន​ចាញ់​អង្ករ​ល្បីៗ​ប៉ុន្មាន​នោះទេ​។

អ្នកស្រី ស្រីមុំ ថ្លែងបន្តថា ៖ «​លក្ខណពិសេស​មួយទៀត​របស់​អង្ករ​នាង​អំ ពេល​យើង​ដាំ​ទៅ​វាទ​ន់ តែ​វា​អត់​រអៀច គេ​ហៅថា ទន់​ស្ងួត​វា​អត់​ពិបាក​ដូច​អង្ករ​ខ្លះ​។ អង្ករ​នាង​អំ​នេះ ទន់​ស្ងួត មាន​ទម្ងន់​គ្រាប់​អង្ករ​ធ្ងន់​ជាង​អង្ករ​ផ្សេងៗ ពេល​ញ៉ាំ​បាយ​អង្ករ​នាង​អំ​វា​ធ្ងន់​ពោះ​មិន​ងាយ​ឃ្លាន​ដូច​អង្ករ​ដទៃ ដូច​ថា វា​ឆ្អែត​បានយូរ​»​។​

​ជុំវិញ​ការលក់​ពូជស្រូវ​នាង​អំ​នេះ អ្នកស្រី​បានបញ្ជាក់​ថា គឺជា​ប្រភេទ​ស្រូវវស្សា តែ​ក៏​ប្រកាន់​រដូវ​ដែរ បើ​ទោះ​កសិករ​ព្រោះ​នៅក្នុង​ខែ ៧ ឬ​ដាំ​ពី​ខែ ៤​ ​ទៅ​ក្តី ក៏​នៅតែ​ទទួលផល​អំឡុង​ពាក់​កណ្តាលខែ​ ១១ ពី​ចន្លោះ​ថ្ងៃ ១៥ ដល់​ថ្ងៃ ២៥ ដូចគ្នា​។​

​ចំណែកឯ​ផលវិបាក​វិញ ម្ចាស់​​ហាង​អង្ករ ស្រីមុំ ​៩៩ បានឱ្យដឹងថា ៖«​អ្វី​ដែលជា​ផល​លំបាក​នោះ​គឺ យើង​អាចធ្វើ​បានតែ​ម្តងគត់​ក្នុង ១ ​ឆ្នាំ ព្រោះ​វា​ជា​ប្រភេទ​ស្រូវចម្ការ និង​ជា​ប្រភេទ​ស្រូវវស្សា ហើយ​យើង​មិនអាច​យក​វា​ទៅ​បង្កាត់​ពូជ​ផ្សេង ដើម្បី​អាចធ្វើ​ ១ ​ឆ្នាំ​លើសពី​ ១ ​ដង​បានទេ​»​។​

​អ្នកស្រី​ក៏បាន​ឱ្យដឹង​ដែរ​ថា អង្ករ​នាង​អំ​នេះ​មានតម្លៃ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​អង្ករ​ដទៃទៀត​នៅលើ​ទីផ្សារ​ដែរ ដោយ​មិន​ខ្ពស់​ពេក ក៏​មិន​ទាប​ពេក​ដែរ និយាយ​រួម​គឺ​សមល្មម​។ ក្រោយពី​មាន​តម្រូវការ​កើនឡើង​ខ្លាំង អាជីវករ​រូបនេះ​បាន​បង្ហើប​ពី​គម្រោង​បន្ទាប់​ថា អ្នកស្រី​ចង់​បង្កើតជា​សហគមន៍​សម្រាប់​ដាំ​ដុះ​ពូជស្រូវ​នេះ​តែម្ដង ដើម្បី​ពង្រីក​ទីផ្សារ​អង្ករ​ប្រភេទ​នេះ​បន្ថែមទៀត​៕