ភ្នំពេញៈ អគ្គនាយក​ផ្សា​រមូល​​ប​ត្រ​កម្ពុជា (CSX) លោក ហុង សុ​ហ៊ួ​រ បាន​ថ្លែងថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​កំពុង​រៀបចំ​ប្រព័ន្ធ​ការងារ​ផ្ទៃក្នុង និង​យន្តការ​នានា​ក្នុងការ​ត្រៀមខ្លួន​ចូលរួម​បោះ​​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​នាពេល​ខាង​មុខ​នេះ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​សកល​ល្អ​។ ការណ៍​នេះ​នឹង​ផ្តល់​ជម្រើស​ថ្មី​មួយទៀត​ដល់​វិនិយោគិន​បន្ថែម​ទៅលើ​យន្តការ​បោះផ្សាយ​ដែលមាន​ស្រាប់​តាមរយៈ​ថ្នាល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ ​២០២៣ ​នេះ បង្ហាញ​ពី​ផែនការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ទឹកប្រាក់​ប្រមាណ ២០០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០២៣​។ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ធ្វើការ​ជ្រើសរើស NBC និង CSX ជា​ភ្នាក់ងារ​បោះផ្សាយ​ក្នុងការ​បន្ត​បោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​។


​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៩ ខែមីនា​ថា ទីផ្សារ​មូល​ប​ត្រ​រដ្ឋ គឺជា​ទីផ្សារ​ថ្មី​មួយ​ដែល​ត្រូវការ​ពេលវេលា​ដើម្បីឱ្យ​វិនិយោគិន និង​អ្នក​បោះផ្សាយ (​រដ្ឋ​) ស្គាល់គ្នា​អំពី​ការចង់​របស់​ភាគី​រៀងៗ​ខ្លួន​។

​លោក​សង្កេត​ឃើញថា នៅ​ដើមឆ្នាំ​ ២០២៣​ នេះ រដ្ឋ​បានធ្វើការ​បោះផ្សាយ​ច្រើនដង​រួចទៅហើយ​តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​លទ្ធផល​ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០២២ ដែល​នេះ​ជា​ក្តី​រំពឹងថា លទ្ធផល​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​នឹង​ល្អ​ច្រើនជាង​ឆ្នាំ ២០២២​។ ប៉ុន្តែ​លោក​បាន​សម្តែង​នូវ​ក្តីបារម្ភ​ខ្លះ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ពិភពលោក​អាច​នឹង​ប្រឈម​នឹង​ភាព​ស្រ​ពេ​ច​ស្រពិល​ខ្លាំង​ជាង​ឆ្នាំមុន​ដោយ​សារ​តែ​កូ​វីដ​មិនទាន់​ដាច់ស្រឡះ​នៅឡើយ ប៉ុន្តែ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ភាពមិនប្រាកដ​ប្រជា​នៅ​សហរដ្ឋអាមេរិក​។


​លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ត្រូវ​ជួបពិភាក្សា និង​ទទួលយក​មតិយោបល់រ​បស់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​របស់​វិនិយោគិន និង​ក្តី​រំពឹង​របស់​ពួកគាត់​ចំពោះ​មូល​ប​ត្រ​នេះ​។ ចំពោះ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​យើង​កំពុង​រៀបចំ​ការងារ​យើង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការងារ និង​ការរៀបចំ​យន្តការ​ផ្សេងៗ​ក៏​ដូច​ជួបពិភាក្សា​ជាមួយ​វិ​និ​យោ​គិ​ន​សក្តានុពល​របស់​យើង​ដោយ​រំពឹងថា នឹង​អាច​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុងការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​បន្ថែម​នូវ​យន្តការ​ ១​ ទៀត​»​។ «​ដូច្នេះ​បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា និង​ពិភពលោក​មិនជា​អាក្រក់​ជាង​ស្ថានភាព​បច្ចុប្បន្ន​នោះទេ យើង​រំពឹងថា​នឹង​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​បាន​តាម​គម្រោង​ដែល​រាជ​រដ្ឋា​ភិ​បាល​បានគ្រោង​គឺ​ក្នុង​ប្រមាណ​ជា​ ២០០ ​លាន​ដុល្លារ​។ ដូច្នេះ​យើងទាំងអស់គ្នា​មានតែ​ចូលរួម​ក្នុងការ​សម្រេចបាន​គោលដៅ​នេះ​»​។ នេះ​បើ​យោងតាម​លោក​សុ​ហ៊ួ​រ​។​

​គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន NBC បានធ្វើការ​បោះផ្សាយ​តាមរយៈ​ប្លាត​ហ្វ​ម​របស់ខ្លួន​បាន​ចំនួន​ ៧​ លើក​រួចទៅហើយ​ចាប់​តាំងពី​ការបោះ​ផ្សាយ​លើក​ទី​១ កាលពី​ថ្ងៃទី​ ៧ ខែកញ្ញា ឆ្នាំ​ ២០២២​។ NBC ក៏មាន​ផែនការ​ក្នុងការ​ដាក់ឱ្យ​ដេញថ្លៃ​មូល​ប​ត្រ​​រដ្ឋ​លើក​ទី​៨ នៅ​ថ្ងៃទី ​២២ ខែ​មីនា ​ខាងមុខនេះ​៕