តាកែវៈ កសិករ​ដែល​ធ្លាប់តែ​ធ្វើស្រែ​ក្នុង ​១​ ឆ្នាំ ​៣ ​ដង​លើ​ផ្ទៃដី​ជាង ​១​ ហិកតា នៅ​ស្រុក​បូរី​ជល​សារ​ខេត្តតាកែវ លោក សែម សាវ​រី កំពុងតែ​រីករាយ​នឹង​ផលរបរ​ថ្មី​លើ​ការកែប្រែ​ផ្ទៃដី​ដដែល​នោះ ទៅជា​កសិកម្ម​ចម្រុះ​ដែល​ក្រៅពី​ការធ្វើ​ស្រែ គឺមាន​ការ​ចិញ្ចឹម​បង្កង ចិញ្ចឹម​ក្ងាន និង​ដាំ​ដំណាំ​ហូប​ផល​ផ្សេងៗ​ទៀត​។


​លោក សែម សាវ​រី វ័យ​ ២៨ ​ឆ្នាំ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំបូង​ឡើយ លោក​មានបំណង​ត្រឹមតែ​ចិញ្ចឹម​ត្រី​ប៉ុណ្ណោះ​លើ​ផ្ទៃដី​ ១,៣​ហិកតា ដែល​លោក​ធ្លាប់តែ​ធ្វើស្រែ​ ៣ ​ដង​ក្នុង​ ១ ​ឆ្នាំ​ប៉ុន្តែ​នៅពេល​មានបំណង​ចិញ្ចឹម​ត្រី​លោក​ក៏បាន​ទៅ​ទំនាក់​ទំនង​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ ហើយ​ខាង​ជល​ផល​ខេត្តតាកែវ ក៏បាន​សិក្សា​ជា​មួយ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម នៃ​រដ្ឋបាល​ជលផល ដោយ​ផ្តល់យោបល់​ឱ្យ​លោក​ចិញ្ចឹម​បង្កង​វិញ​ព្រមទាំង​ផ្តល់​បច្ចេកទេស​ឱ្យ​លោក​។​


​កសិករ​ដែល​បាន​ផ្លាស់ប្តូរ​របៀប​ធ្វើ​កសិកម្ម​រូបនេះ បច្ចុប្បន្នកំពុង​អនុវត្ត​ការធ្វើ​កសិកម្ម​តាមបែប​ចម្រុះ​លើ​ផ្ទៃដី ​១,៦ ហិកតា ដោយមាន​ទាំង​ដំណាំ​ដូង ស្រះ​ចិញ្ចឹម​ត្រី ចិញ្ចឹម​ក្ងាន និង​ផ្ទៃដី​សម្រាប់ធ្វើ​ស្រូវ​ទៀតផង ស្ថិតនៅ​ភូមិ​ជ្រៃ​ងោក ឃុំ​ដូង​ខ្ពស់ ស្រុក​បូរី​ជល​សារ ខេត្តតាកែវ​។ ការផ្លាស់ប្តូរ​ទម្លាប់​នេះ​បានចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ លើ​ផ្ទៃដី ​១,៣ ​ហិកតា​ក្នុង​ឆ្នាំ​ដំបូង ដែល​អាច​ទាញ​ចំណូល​ពី​ដី​នោះបាន​រហូតដល់​ ១​ ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​ទី ​១ ហើយ​ក្រោយមក​លោក​ក៏បាន​ពង្រីក​ផ្ទៃដី​ដល់​ ១,៦ ហិកតា​។


​លោក សែម សាវ​រី និយាយថា​៖ «​ពេល​ខ្ញុំ​ធ្វើតាម​គាត់ ខ្ញុំ​ជោគជ័យ និង​បាន​ផល​ល្អ​។ បើ​ប្រៀបធៀប​ជាមួយ​ស្រូវ​តែ​ ១ ​មុខ គឺ​ល្អ​ជាង​ឆ្ងាយ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់ធ្វើ​ស្រូវ​ ១ ​ឆ្នាំ​ ៣ ​ដង ហើយ ខ្ញុំ​បាន​ចំណូល​ពី​ស្រូវ​នោះ​តិច​ខ្លាំងណាស់់​»​។


​លោក​ថា​៖ «​ពេល​ខ្ញុំ​ចិញ្ចឹម​បង្កង​នេះ​ខ្ញុំ​បានទទួល​ការ​​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​កសិកម្ម ខ្ញុំ​ទទួលបាន​ទាំង​បង្កង ទាំង​ស្រូវ និង​ចិញ្ចឹម​ក្ងាន បើ​ប្រៀប​​ធៀប​ជាមួយ​ស្រូវ​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​ចំពោះ​ចំណូល​»​។


​លោក​សាវ​រី លើកឡើងថា កាលពី​ចាប់ផ្តើម​អនុវត្ត​ដំបូង​និង​ទទួល​បច្ចេកទេស​ពី​មន្ត្រីជលផល គឺ​មន្ត្រី​មិនបាន​គិតថ្លៃ​អ្វី​នោះទេ​។ ផ្ទុយទៅវិញ​លោក​បានទទួល​កូន​​បង្កង​សម្រាប់​ចិញ្ចឹម​សាកល្បង​ទៀតផង​។ សព្វថ្ងៃនេះ លោក​ដាក់​កូន​បង្កង ​២៥ ០០០ ក្បាល​ដោយ​ត្រូវ​ចំណាយ​ ៣០០ ​រៀល​ក្នុង​ ១ ​កូន​ហើយ​លោក​អាច​ប្រមូល​ផល​បាន​ច​ម្លោះ​ពី ​៥០០ ​ទៅ​ ៧០០ គីឡូក្រាម ក្នុង​ ១ ​រដូវ​។ លោក​ថា ទោះបី​ទីផ្សារ​បង្កង​នៅ​មិនទាន់មាន​ភាព​ធន់​និង​ស្ថិរភាព ប៉ុន្តែ​វា​មិន​ចោទ​ជា​បញ្ហា​សម្រាប់​លោក​នោះទេ ដោយសារ​លោក​ទទួលបាន​ចំណូល​ពី​ប្រភព​ផ្សេង​ពីផ្ទៃដី​តែមួយ​នេះ​។

​ការអនុវត្ត​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​កសិកម្ម​ចម្រុះ​ត្រូវបាន​លើក​ស្ទួយ និង​ជំរុញ​ទឹកចិត្ត​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជល ក្នុង​ខេត្ត​មួយ​ចំនួន នៃ​ដីសណ្ត​ទន្លេមេគង្គ ដូចជា​ខេត្តកណ្តាល ខេត្តតាកែវ ព្រៃ​វែង និង​ខេត្ត​សា្វ​យ​រៀង​ជាដើម​។ នេះ​បើ​យោងតាម លោក ថា​យ សុ​មុនី ប្រធាន​នាយកដ្ឋាន​អភិ​​វឌ្ឍន៍​វារីវប្បកម្ម​រដ្ឋ​បាលជ​ល​ផល​។

​លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ស្តារឡើងវិញ​នូវ​ការអនុវត្ត​ពីមុន ដូច្នេះ​ខ្ញុំ​គិតថា ឥឡូវនេះ​តំបន់​ដី​សណ្ត​ទន្លេមេគង្គ ដូចជា​តាកែវ កណ្តាល ព្រៃវែង និង​ស្វាយរៀង គឺ​ស័ក្តិសម​បំផុត​សម្រាប់​ការរួម​បញ្ចូល​ក​សិវារីវប្បកម្ម ផ្លែឈើ​ហូប​ផ្លែ​មួយចំនួន​ដូចជា​ដូងក្រអូប ដែល​ប្រែប្រួល​តាម​លក្ខខណ្ឌ​កសិកម្ម​»​។

លោក​បន្តថា​៖ «​ដូចនេះហើយ គ្មាន​កសិករ​ណា​បន្តធ្វើ​ស្រូវ​តែ ​១ ​ហិកតារ​ដែល​ប្រើ​សម្រាប់តែ​ស្រូវ​នោះ​ ១ ​មុខ​នោះទេ ប៉ុន្តែ​១​ហិកតា​អាច​ទទួលបាន​ពី​ដំណាំ​ ៤ ​មុខ​ដូចជា ស្រូវ ត្រី និង​ដូង​»​។​

​នៅក្នុង​សិក្ខាសាលា​ប្រចាំឆ្នាំ​នៃ​គំនិត​ផ្តួចផ្តើម​សម្ព័ន្ធ​នៃ​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ​កសិកម្ម​អន្តរ​​ជាតិ (CGIAR) ស្តីពី​តំបន់​ដីសណ្ត​អាស៊ី និង​ការរៀបចំ​ផែន​ការ​ឆ្នាំ​ ២០២៣ កាលពី​សប្តាហ៍​មុន លោក ថា​យ សុ​មុនី បាន​ថ្លែងថា ស្ថាប័ន​និង​អគ្គនាយក​ដ្ឋា​ន​ជំនាញ​ចំនួន ​៣ នៅក្រោម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុងធ្វើការ​ងារ​រួម​​គ្នា​ដើម្បី​សិក្សា​ពី​ឧបសគ្គ​បច្ចេក​ទេស​សម្រាប់​ការអភិវឌ្ឍ​គំរូ​កសិកម្ម​ដែល​រួមបញ្ចូល​គ្នា​។

​ស្ថាប័ន​និង​អគ្គនាយកដ្ឋាន​ជំនាញ​ទាំង​ ៣ ​នោះ រួមមាន អគ្គ​នាយកដ្ឋាន​កសិកម្ម​អគ្គនាយក​ដ្ឋា​ន​ផលិតកម្ម​និង​សុខភាព​សត្វ និង​រដ្ឋបាល​ជលផល ដែល​ពីមុនមក​មិនបាន​អង្គុយ​ធ្វើ​កិច្ចការ​រួមបញ្ចូល​គ្នា​នោះទេ ដោយ​ស្ថា​ប័ន​នីមួយៗ​ផ្តោតលើ​កិច្ចការ​បច្ចេកទេស​រៀងៗ​ខ្លួន​។

​លោកថ្លែងថា​៖ «​អ៊ីចឹង​ខ្ញុំ​គិតថា ក្រោម​ការដឹកនាំ​ថ្មី​របស់​រដ្ឋមន្ត្រី​ក​សិ​កម្ម​ថ្មី​ (​លោក​ឌិ​ត ទីណា​) ចំណុច​សំខាន់​គឺ​យើង​ត្រូវមាន​សំឡេង​តែ​ ១​។ បច្ចុប្បន្ន យើង​អាច​មើលឃើញថា យើង​ត្រូវធ្វើ​សមា​ហ​រណកម្ម​វារីវប្បកម្ម កសិកម្ម និង​នេសាទ​ជាមួយគ្នា ព្រោះ​យើង​មិនអាច​អនុញ្ញាតឱ្យ​មានការ​បង្កើន​ផលិតកម្ម​ស្រូវ​តែ​ ១​ នោះទេ​»៕

វីដេអូ៖