ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​ជា​អនុក្រឹត្យ ដើម្បី​កែលម្អ​យន្តការ​ដែលមាន​ស្រាប់ ដោយ​បន្ថែម​នូវ​នីតិវិធី​លម្អិត យន្តការ​គ្រប់គ្រង​ជា​អចិ​ន្រៃ្ត​យ៍ ការទទួល​ខុស​​ត្រូវ​របស់​ក្រុមហ៊ុន​ពាក់ព័ន្ធ ជាពិសេស​អ្នក​ចុះកិច្ចសន្យា​ជួល​ផលិត​បន្ត​ច្រើន​ជាន់ថ្នាក់ (Sub and Sub-contract) ដោយ​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង លើ​ការបង្ការ​មិនឱ្យ​មានការ​ប្រើ​ប្រាស់​ពលកម្ម​ដោយ​បង្ខំ​ឡើយ​។​

​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈ​​កម្ម​ការគ្រប់គ្រង​កិច្ចសន្យាជួល​ផលិត​បន្ត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ វាយ​ន​ភណ្ឌ និង​ស្បែកជើង បានលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មការ​គ្រប់គ្រង កិច្ចសន្យាជួល​ផលិត​បន្ត ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​វាយ​ន​ភណ្ឌ និង​ស្បែក​ជើង ជាមួយ​សមាគម​សម្លៀកបំពាក់​ស្បែកជើង​អាមេរិក និង​ក្រុមហ៊ុន VF Corporation កាលពី​ថ្ងៃទី​ ១៧ ខែមីនា​កន្លងមកនេះ​។​


​លោក ​សុខ សុភ័ក្ត្រ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការបង្ការ​មិនឱ្យ​មានការ​ប្រើប្រាស់​ពល​កម្ម​ដោយ​បង្ខំ​នៅ​កម្ពុជា ហើយ​ក៏បាន​យកចិត្តទុកដាក់​ផងដែរ ចំពោះ​ការព្រួយបារម្ភ​របស់​ស​មា​គម AAFA និង VF Corporation ដែល​សង្ស័យថា មានការ​ប្រើប្រាស់​ពលក​ម្ម​ដោយ​បង្ខំ​នៅ​កម្ពុជា ដើម្បី​ផលិត​ទំនិញ​នាំចេញ តាមរយៈ​ការរៀបចំ​ឱ្យមាន​គណៈកម្មការ​អន្តរក្រសួង​តាំងពី​ថ្ងៃទី ​២៧ ខែមិថុនា ឆ្នាំ ២០១១ កន្លងទៅ​។​


​ជាមួយគ្នា​នោះ​ការកែសម្រួល​សមា​សភាព​គណៈកម្មការ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៣ ដោយ​ពង្រីក​វិសាលភាព​ការងារ និង​បន្ថែមសមាជិក​ជាន់ខ្ពស់​មក​ពី​ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បើក​ការស៊ើបអង្កេត​ជាពិសេស លើ​ករណី​សង្ស័យថា មានការ​ប្រើប្រាស់​ពលក​ម្ម​ដោយ​បង្ខំ ដែល​ផ្ទុយ​នឹង​មាត្រា​ច្បាប់​ការងារ​កម្ពុជា​។​


​លោក​ សុខ សុភ័ក្ត្រ បាន​គូសបញ្ជាក់ថា​៖ «​កម្ពុ​ជាមាន​កាតព្វកិច្ច​ក្នុងការ​អនុវត្ត​ក្រោម​ច្បាប់​របស់​ជាតិ និង​ច្បាប់​អន្តរជាតិ​។ ក្នុងនោះដែរ គណៈកម្មការ​បាននិងកំពុង​បន្តធ្វើ​ការផ្សព្វផ្សាយ​អំពី​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ​ទាក់ទង​នឹង​ការប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ ជូន​ដល់​បណ្តា​រោងចក្រ សហគ្រាស​សំដៅ​ដើម្បី​ចៀសវាង​ការអនុវត្ត​ខុស​គោលការណ៍​ច្បាប់ ដោយ​វិស័យ​ឯកជន ដែលជា​ហេតុ នាំឱ្យមាន​ការផាកពិន័យ​, ការជាប់​ទោសទណ្ឌ​, ខូចខាត​ដល់​ផលប្រយោជន៍​រោងចក្រ សហគ្រាស និង​កិត្តិនាម​កម្ពុជា​ផងដែរ​»​។


​តំណាង​សមាគម​សម្លៀកបំពាក់ និង​ស្បែកជើង​អាមេរិក AAFA និង​ក្រុមហ៊ុន VF Corporation បាន​លើកឡើងថា ខាង​សមាគម និង​ក្រុមហ៊ុន​ពេញចិត្ត ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ហើយ​ក្រុមហ៊ុន​ក៏បាន​ស្នើឱ្យ​គណៈកម្មការ​បន្ត​ស៊ើបអង្កេត​បន្ថែមទៀត​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ ជា​បន្តទៀត ដោយ AAFA និង VF Corporation នឹង​សហការ​ផ្តល់​ព័​ត៌​មាន​បន្ថែម​ក្នុងករណី​ចាំបាច់​ដើម្បី​ការ​ពារ​ដល់​កេរ្តិ៍ឈ្មោះ​ផលិតផល​របស់​កម្ពុជា​។


​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក​ហុង វណ្ណៈ ថ្លែងថា ការរៀបចំ​ជា​អនុក្រឹត្យ ដើម្បី​កែលម្អ​យន្តការ​ដែលមាន​ស្រាប់ ដោយ​បន្ថែម​នូវ​នីតិវិធី​លម្អិត យន្តការ​គ្រប់គ្រង​ជា​អចិ​ន្រៃ្ត​យ៍ គឺជា​ការពង្រឹង​សមត្ថ​ភាព​បន្ថែម ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​កាន់​សហរដ្ឋអាមេរិក ព្រមទាំង​បង្កើន​ទំនុកចិត្ត​បន្ថែមទៀត ពី​អ្នកបញ្ជា​ទិញ​ផ្នែក​ផលិតផល​កាត់ដេរ​សម្លៀក​បំពាក់ វាយ​ន​ភណ្ឌ និង​ស្បែក​​ជើង​ពី​កម្ពុជា​។​

​លោក​បានលើកឡើង​ទៀតថា​៖ «​ការធ្វើ​បែបនេះ វា​ជាការ​ល្អ​ដើម្បី​ធ្វើឱ្យមាន​តម្លាភាព និង​ធានា​ឱ្យបាន​នូវ​សុខុមាលភាព​របស់​កម្ម​ករ កម្មការិនី​របស់​កម្ពុ​ជា​យើង​។ កន្លង​ទៅខាង​អង្គការ ILO ក៏​តាមដាន​លើ​ការ​ងារ​នេះ​ច្រើន​ដែរ ដូចជា​មិនមាន​បញ្ហា​ទាំងអស់នេះ​ទេ​»​។​

​លោក​ ហុង វណ្ណៈ បាន​បន្ថែមថា ទាក់ទង​នឹង​ករណី​សង្ស័យថា មានការ​ប្រើប្រាស់​ពលក​ម្ម​ដោយ​បង្ខំ ដែល​ផ្ទុយ​នឹង​មាត្រា​ច្បាប់​ការងារ​របស់​កម្ពុជា មកដល់​ពេលបច្ចុប្បន្ន​នេះ ដូចជា​មិនឃើញ​មាន​ករណីនេះ​ទេ ដោយសារ​សព្វថ្ងៃនេះ មាន​តំណាង​សហជីព នៅតាម​រោង​ចក្រ​សហគ្រាស​ជាច្រើន និង​មានច្បាប់​ជាក់លាក់​ដើម្បី​ធានា​លើ​ការងារ​ទាំងនេះ​ផងដែរ​។

​លោក​បញ្ជាក់ថា​៖ «​ការរួម​​គ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ ទាំង​កម្ពុជា​, សមាគម AAFA និង​ក្រុមហ៊ុន VF Corporation នឹង​ជួយ​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋ​អា​​មេ​រិ​ក​បន្ថែមទៀត​»​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០២២ ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​មាន​ប្រមាណ ៨ ៩៦៩​ លាន​ដុល្លារ​អាមេរិក​៕