មន្ត្រី៖ ផលិតផលកសិកម្មរហូត ៧៥ ភាគរយ ត្រូវបាននាំចេញដោយមិនទាន់មានការកែច្នៃ
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ដែលជាអ្នកចូលរួមរៀបចំគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា បញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជា គឺផលិតផលកសិកម្មរហូត ៧៥% ត្រូវបាននាំចេញ ដោយមិនទាន់មានការកែច្នៃ ខណៈផ្នែកឯកជនទាមទារឱ្យមានការអនុគ្រោះពន្ធបន្ថែមទៀត ដល់វិស័យនេះ ដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងវិស័យនេះ។
នៅក្នុងកម្មវិធី «កិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា» ដែលរៀបចំឡើងរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ១៦ ខែមីនា លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា បញ្ហាក្នុងវិស័យកសិកម្មកម្ពុជា គឺការនាំចេញផលិតផលមិនកែច្នៃច្រើនលើសលប់ ដែលមានរហូតដល់ ៧៥% នៃផលិតផលកសិកម្មដែលត្រូវបាននាំចេញ។
លោក វង្សី វិស្សុត ដែលជាប្រធានអង្គពិភាក្សា បានទទួលស្គាល់ថា គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលដែលមានរូបលោកម្នាក់ជាអ្នកចូលរួមតាក់តែងឡើងមានគោលបំណងគាំទ្រខ្លាំងដល់វិស័យកសិកម្ម ប៉ុន្តែគោលនយោបាយនេះ ក៏ត្រូវការការផ្លាស់ប្តូរនឹងកែសម្រួលក្រោយការពិភាក្សាគ្នាដែរ។ លោកបន្តថា ការរៀបចំគោលនយោបាយសម្រាប់លើកស្ទួយវិស័យកសិកម្មនៅមានចំណុចខ្វះខាត ដែលទាមទារឱ្យមានការជួបពិភាក្សាគ្នារវាងអ្នកពាក់ព័ន្ធជាពិសេសផ្នែកឯកជន និងអ្នកអនុវត្តគោលនយោបាយ។ លោកវង្សី វស្សុត និយាយថា៖ «ខ្ញុំក៏បានរួមចំណែករៀបចំគោលនយោបាយនេះ ហើយក៏គោលនយោបាយសម្រាប់ជួយវិស័យកសិកម្មពិតប្រាកដមែន ប៉ុន្តែខ្ញុំក៏គិតថា វាមិនទាន់គ្រប់គ្រាន់ទេ»។
ដោយសារវិបត្តិកូវីដ ១៩ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្ម សេវាកម្ម ដែលជាប្រភពចំណូលដ៏សំខាន់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ លោក វង្សី វិស្សុត បានដឹងថា តាមរយៈស្ថានការណ៍ ២ ឬ ៣ ឆ្នាំចុងក្រោយនេះ ការរៀបចំគោលនយោបាយពន្ធដារ ក៏បានផ្តាស់ប្តូរច្រើនសម្រាប់ប្រទេសកម្ពុជា។ វិស័យកសិកម្មមានចំណែក ២៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយក្នុងនោះ ស្រូវ-អង្ករបានរួមចំណែកធំជាងគេដែលមាន ៧% នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមលោករង្ស៊ី វិសុទ្ធ។
នៅក្នុងកិច្ចសន្ទនាគោលនយោបាយនោះដែរ លោក វង្សី វិស្សុត បានលើកសរសើរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបឡើងកាន់តួនាទីនាពេលថ្មីៗនេះថា កំពុងជំរុញវិស័យកសិកម្មឱ្យមានភាពល្អប្រសើរច្រើន។
លោកថា៖ «រដ្ឋមន្ត្រីកសិកម្ម វ័យក្មេងថ្មីមានសមត្ថភាពយល់ដឹងច្រើន តាំងពីកម្រិតគោលនយោបាយ កម្រិតបច្ចេកទេស ប៉ុន្តែការគាំទ្រត្រូវតែមានសម្រាប់រដ្ឋមន្ត្រីថ្មី»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ការចូលរួមរបស់វិស័យឯកជននៅក្នុងសកម្មភាពនៃការអភិវឌ្ឍវិស័យកសិកម្មពិតជាសំខាន់ណាស់ដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យនេះរាប់ទាំងការវិនិយោគបច្ចេកវិទ្យា រហូតដល់ការកែច្នៃផលិតផលកសិកម្ម។
បើតាមលោក លឹម ហេង កត្តា ២ ដែលអ្នកតាក់តែងគោលនយោបាយ ត្រូវធ្វើគឺការគិតគូរដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងការអនុវត្តច្បាប់ស្តីពីកិច្ចសន្យាកសិកម្មប្រកបដោយតម្លាភាព។
លោក លឹម ហេង បានស្នើឱ្យអ្នករៀបចំគោលនយោបាយ កាត់ចោលពន្ធកាត់ទុក ដោយក្នុងពេលកន្លងមក អ្នកវិនិយោគក្នុងវិស័យកសិកម្ម មិនទាន់រកបានប្រាក់ចំណេញអ្វីផង ក៏ត្រូវជាប់កាតព្វកិច្ចត្រូវបង់ពន្ធកាត់ទុក ១ ភាគរយរួចទៅហើយ។ ក្រៅពីនោះ នៅមានពន្ធកាត់ទុកសម្រាប់ការផ្តល់សេវាផ្សេងៗទៀតក្នុងវិស័យកសិកម្ម ចំនួន ១៥ ភាគរយ។ ក្រោយពីបានផលិតផលយកទៅលក់នៅទីផ្សារត្រូវជាប់កាតព្វកិច្ចអាករ ១០ ភាគរយផ្សេងទៀត។ លោកលើកឡើងថា កន្លងមក វិស័យស្រូវអង្ករមិនជាប់ពន្ធមែនសម្រាប់ការកែច្នៃ ប៉ុន្តែនៅពេលលក់អង្ករត្រូវជាប់ពន្ធអាករ ១០ ភាគរយ។ ក្រៅពីនោះ ក៏នៅជាប់ពន្ធនាំចេញផ្សេងៗទៀតផងដែរ។
លោក លឹម ហេង និយាយថា៖ «ពន្ធទាំងអស់នេះខ្ញុំជឿថា ដើម្បីទាក់ទាញទុនវិនិយោគទាំងក្នុងស្រុក និងបរទេសមកវិនិយោគ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គួរពិចារណាលើកទឹកចិត្ត ព្រោះច្បាប់វិនិយោគយើងថ្មី លើកទឹកចិត្តខ្លាំងណាស់ មានលើកទឹកចិត្តលើប្រាក់ចំណេញប៉ុន្តែវិស័យកសិកម្មនៅតែជាប់នៅឡើយ»។
លោក លឹម ហេង បន្តថា ចំណុចសំខាន់មួយទៀត សម្រាប់លើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យកសិកម្ម គឺត្រូវមានការអនុវត្តច្បាប់មួយ ដែលមានតម្លាភាពលើកិច្ចសន្យាកសិកម្ម។ ការអនុវត្តច្បាប់កិច្ចសន្យាកសិកម្ម គឺប្រៀបដូចជាការធានាដល់ការផ្តល់ប្រាក់កម្ចីពីវិស័យហិរញ្ញវត្ថុសម្រាប់ការពង្រីកនិងគាំទ្រដល់ផលិតកម្ម។ លោកលើកឡើងថា កម្ពុជាមានទីផ្សារល្អ ផលិតផលកសិកម្មរបស់កម្ពុជាគួរតែមានទីផ្សារល្អ ព្រោះបន្លែ ត្រី សាច់ របស់ប្រទេសជិតខាងបានចូលមកលក់នៅកម្ពុជាជាច្រើន ដែលទទួលបានប្រាក់ត្រឡប់ទៅវិញរាប់រយលានដុល្លារក្នុង ១ ឆ្នាំៗ។
តំណាងអគ្គនាយកដ្ឋានពន្ធដារដែលបានឆ្លើយតបក្នុងកិច្ចសន្ទនាពេលនោះ បានលើកឡើងថា ច្បាប់វិនិយោគថ្មីបានលើកទឹកចិត្តពន្ធរហូតដល់អតិបរមារយៈពេល ៩ ឆ្នាំសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម។
លោកបានបន្តថា ការលើកទឹកចិត្តប្រាក់ចំណូលពី ៣ ឆ្នាំទៅ ៥ ឆ្នាំ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម។ ពន្ធលើការដាំដុះផលិតផលកសិកម្មត្រូវបានលើកលែង ប៉ុន្តែអ្នកផ្គត់ផ្គង់សេវាបានជាប់ពន្ធកាត់ទុក ១ ភាគរយ។
យោងតាមបទបង្ហាញរបស់លោក Jiangfeng Zhang អ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រជាជនកម្ពុជា ៧៥ ភាគរយរស់នៅតំបន់ជនបទ ៧៧ ភាគរយនៃគ្រួសារនៅជនបទ ពឹងផ្អែកលើចំណូលពីវិស័យកសិកម្ម ២៦ ភាគរយនៃប្រជាជនដែលស្ថិតនៅក្នុងវ័យពេញកម្លាំងពលកម្មមានទំនាក់ទំនងក្នុងវិស័យនេះ ហើយ ៤៥ ភាគរយនៃប្រជាជនកម្ពុជា ជួបប្រទះហានិភ័យទឹកជំនន់ពីមធ្យមទៅខ្លាំង៕