ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់មុននឹងផ្ទេរប្រាក់ ទៅស្ថាប័នណាមួយ ដើម្បីចៀសវាងការឆបោកប្រាក់តាមបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ ស្របពេលសមាគមហិរញ្ញវត្ថុកម្ពុជា មានការបារម្ភពីករណីឆបោកតាមបែបថ្មីនេះ។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២២ មីនា ឆ្នាំ ២០២៣។ ធនាគារជាតិនៃកម្ពុជា លើកឡើងថា ថ្មីៗនេះ ធនាគារជាតិបានសង្កេតឃើញថា មានជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយបានប្រើប្រាស់គ្រប់រូបភាពនៅតាមបណ្តាញសង្គមដូចជា Telegram, Facebook និង TikTok ជាដើម ដោយក្លែងបន្លំជាសមាជិកណាម្នាក់នៃគ្រួសារ ឬញាតិសន្ដាន មិត្តភក្ដិ ថ្នាក់ដឹកនាំស្ថាប័ន របស់ជនរងគ្រោះដែលពួកគេបានលួចហ៊ែកចូល រួចផ្ញើសារជាអក្សរ ឬជាសំឡេង ទៅខ្ចីប្រាក់។
ធនាគារជាតិបញ្ជាក់ថា៖ «សូមស្នើឱ្យសាធារណជនរក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់ តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយដែលអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ជាដើមឱ្យបានត្រឹមត្រូវ និងច្បាស់លាស់»។
ទាក់ទងនឹងករណីនេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានឃើញករណីឆបោកប្រាក់ តាមបណ្ដាញសង្គមនេះផងដែរ ហើយវាមានការផ្ទុះឡើងច្រើនក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលក្រោយមកមានការអន្តរាគមន៍ ពីអាជ្ញាធរ និងរួមទាំងការជូនដំណឹងពីបណ្ដាសមាគម ធនាគារ ឬបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនទៅ ឃើញថា មានភាពស្ងប់ស្ងាត់បន្តិច។
ប៉ុន្តែមួយរយៈក្រោយមកនេះ ឃើញថា ករណីឆបោកទាំងអស់នេះបានបន្តកើតឡើងវិញម្ដងទៀត ដែលកន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមទាំងសមាជិកជាង ១២៦ ផ្សេងទៀត តែងផ្សព្វផ្សាយជាប្រចាំទៅដល់អតិថិជន និងសាធារណជន តាមរយៈវគ្គបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយនានាពីបញ្ហាទាំងនេះ។ បញ្ហាករណីឆបោកដែលកំពុងកើតឡើងនេះ វាជាក្ដីព្រួយបារម្ភរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយសារ វាធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពពលរដ្ឋ ធ្វើឱ្យបាត់បង់នូវថវិកា និងចំណូល បើពួកគាត់ត្រូវបានគេឆបោកនោះ។
លោក កាំង តុងងី បានសំណូមពរទៅកាន់ពលរដ្ឋដែលរងគ្រោះ ត្រូវប្ដឹង និងរាយការណ៍ព័ត៌មានទៅកាន់អាជ្ញាធរ ពីព្រោះកន្លងមកអាជ្ញាធរក៏មានចំណាត់ការមួយចំនួនទៅលើក្រុមឧក្រិដ្ឋជនទាំងអស់នោះដែរ។ «យើងមានការព្រួយបារម្ភច្រើនពីបញ្ហាទាំងអស់នេះ ហើយទន្ទឹមហ្នឹងនេះ ដោយសារឧក្រិដ្ឋជនទាំងអស់នោះ ពេលខ្លះបានបន្លំខ្លួនថា ជាគ្រឹះស្ថានហិរញ្ញវត្ថុ ជាអីទៅទៀត អ៊ីចឹងអាហ្នឹងវាធ្វើឱ្យទំនុកចិត្តសាធារណៈជនទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់យើងហ្នឹងវាអាចប្រឈមនឹងការធ្លាក់ចុះ បើសិនពលរដ្ឋយើងមិនអាចបែងចែករវាងពួកឧក្រិដ្ឋជនជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់»។
លោកកាំង តុងងីថា ជាទូទៅអាជ្ញាធរតែងតែអន្តរាគមន៍ និងដោះស្រាយបញ្ហាទាំងអស់នេះ ប៉ុន្តែដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ជាងនេះ គឺមានតែការយល់ដឹងរបស់ប្រជាពលរដ្ឋខ្លួនឯង ទើបជាដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត រួមជាមួយការបង្ក្រាបពីសំណាក់អាជ្ញាធរផងដែរ៕