ភ្នំពេញៈ ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​ត្រី​១កន្លែង​នៅ​ព្រែក​ព្នៅ និង​ជា​ឈ្មួញ​កណ្តាល​ប្រមូល​ទិញ​ផល​វារីវប្ប​កម្ម​ពី​កសិករ បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​ការ​ចិញ្ចឹម​ត្រី​រំអិល ​(​ត្រី​អត់​ស្រកា​)​ មាន​ចំនួន​ច្រើនដោ​យ​អាច​ផ្គត់​ផ្គង់​ក្នុង​ស្រុក​បាន ​១០០​ ភាគ​រយ​ ហើយ​ថែម​ទាំង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​ទៀត​ផង​ ខណៈ​ការ​ចិញ្ចឹម​ត្រី​មាន​ស្រកា​ក្នុង​ស្រុកមាន​ប្រមាណ​ត្រឹម​១០​ភាគ​រយ​ប៉ុណ្ណោះ​។​

​លោក យន់ សុវណ្ណា​រិទ្ធ ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​ត្រី​១កន្លែង​នៅ​ព្រែក​ព្នៅ ​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​ការ​តែ​ការ​ផ្គត់​ផ្គង់​ត្រី​មាន​ស្រកា​នៅ​មាន​កម្រិត​ដូច្នេះ​ហើយ ទើប​កម្ពុជា​នាំចូល​ប្រភេទ​ត្រី​មាន​ស្រកា​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ទីផ្សារ។ ​បញ្ហា​នេះបា​នធ្វើឱ្យ​​​ក្លាយ​ជា​ឱកាស​សម្រាប់​កសិករ​ ឬ​វា​រី​វប្បករ ​បង្កើន​ការ​ចិញ្ចឹម​ត្រី​មាន​ស្រ​កា​ដើម្បី​បំពេញ​តម្រូ​វការ​ទីផ្សារ​ និង​អាច​កាត់​បន្ថយ​ការនាំ​ចូល​បាន​។​


​លោក​បាន​បញ្ជាក់​ថា​៖ «​ត្រី​រំអិល ​(​ត្រី​អត់​ស្រកា​) បើ​ធៀប​នឹង​ត្រី​មាន​ស្រកា​ គឺ​ត្រី​រំអិល​ មាន​ទីផ្សារ​ធំ​ជាង​,​តម្លៃ​ថោក​ជាង​,​ងាយ​ផលិត​ជាង ​និង​តម្លៃ​ដើម​ផលិត​ទាប​ជាង​។ ដោយ​ឡែក​ត្រី​ស្រកា ​ជា​ប្រភេទ​ត្រី ដែល​ពិបាក​ផលិត​ ពិបាក​ចិញ្ចឹម ​ដោយសា​រ​វា​ត្រូវការ​អុ​កស៊ីហ្ស៊ែន​ខ្ពស់​ ដែល​ធ្វើឱ្យ​តម្លៃ​ផលិត​ខ្ពស់​ ដូ​ចនេះ​ការលក់​ចេញទៅ​ក៏​ខ្ពស់​ដែរ​ ហើយ​ទីផ្សារ​នៅ​តូច​ជាង​ត្រី​រំអិល​ទេ ប៉ុន្តែ​អ្វីដែល​កម្ពុជា​ត្រូវ​ផ្តោត​លើ​នោះ គឺ​ការ​ផលិត​ត្រី​ស្រកា​នេះ ​ដោយ​សារ​តែ​យើង​ផលិត​មិន​ទាន់​បាន ហើយ​នាំ​ចូល​ពី​ក្រៅ​»​។

​លោក ​យន់ សុវណ្ណារិទ្ធ បាន​បន្ត​ថា ​ការផ​លិត​ត្រី​ស្រកា​នៅ​កម្ពុ​ជាមាន​កម្រិត​នេះ​ ដោយ​សារតែ​កត្តា​មួយ​ចំនួន​ដូច​ជា ​បញ្ហា​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ពូជ និង​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​ខ្ពស់​។ នៅ​កម្ពុជា ​ការ​ចិញ្ចឹម​ត្រី​ស្រកា​ស្ថិតនៅ​កម្រិត​ទី​២ ខណៈ​កម្រិត​ទី​៣ ផ្ដោត​លើ​ប្រភេទ​បង្គា ​បង្កង ជា​ដើម ដែល​ការ​ចិញ្ចឹម​ត្រូវការ​ទំនើប​កម្ម​ខ្ពស់ ​ទើប​ទទួល​បាន​ទិន្នផ​ល​ច្រើន ​សម្រាប់​បំពេញ​តម្រូវ​ការ​ទីផ្សារ កាត់​បន្ថយ​ការ​នាំ​ចូល​បាន​។​


​លោកសុ​ខ រ៉ា​ដែន ប្រធាន​សមា​គម​វា​រី​វប្បករ​កម្ពុជា​​បាន​ឱ្យដឹ​ង​ដែរ​ថា ត្រី​ស្រកា​មានត​ម្លៃ​ថ្លៃ​ជាង​ត្រី​រំអិល​តាំង​ពីដើម​មក ដោយ​សារ​តែ​ការ​ចិញ្ចឹម​ត្រូវ​ការចំ​ណាយ​ច្រើន​ជាង​ និង​បច្ចេក​ទេស​ចិញ្ចឹម​ខ្ពស់​ជាង​ទើប​វា​រី​វប្បករ​ភាគ​ច្រើន​ចូលចិត្ត​ចិញ្ចឹម​ត្រី​រំអិល​ច្រើន​ជាង​ត្រី​ស្រកា​​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ប្រភេទ​ត្រី​ស្រកា ​ដូច​ជា ​ត្រី​ឆ្តោ ត្រី​រ៉ស់ ត្រី​ដៀប ត្រី​ឆ្ពិន ត្រី​ទី​ឡាប់​ព្យ៉ា សុទ្ធ​តែ​ថ្លៃ​ជាង​ត្រី​ប្រា ត្រី​អណ្តែង​ ព្រោះ​ត្រី​ស្រកា​នេះ​ពិបាក​ចិញ្ចឹម ​ចិញ្ចឹម​មិន​ងាយ​នឹង​ធំ ហើយ​ចំណី​ក៏​ថ្លៃ​ជាង​ត្រី​រំអិល​ដែរ​ ទើប​គេ​មិនសូវ​ចិញ្ចឹម​។​ ត្រី​ស្រកា​នេះ អ្នក​លក់​រាយ​អាច​លក់​បាន​ថ្លៃ ប៉ុន្តែ​អ្នក​លក់​បោះ​ដុំ​មិន​សូវ​ជា​ចំណេញ​ច្រើន​ទេ​»​។​

​លោក ​ឌិ​ត ទីណា រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​ក្នុង​ពិធី​បិទ​សន្និ​បាត​របស់​ក្រសួង​កសិ​កម្ម​​ថ្មីៗនេះ បាន​លើក​ឡើង​ដែរ​ថា កា​រអភិ​វឌ្ឍ​វារី​វប្បក​ម្ម​គ្រប់​រូប​ភាព​ត្រូវបាន​ជំរុ​ញដើម្បី​ធានា​បាន​ការផ្គ​ត់ផ្គង់​ កាត់​បន្ថយ​ការនាំ​ចូល ​និង​រក្សាបា​ន​តុល្យ​ភាព​តម្លៃ​ទីផ្សារ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កាលពី​ឆ្នាំ​២០២២​ ផល​នេសាទ និង​វារីវ​ប្បកម្ម​សម្រេច​បាន​ជាង​៨៦២​ពាន់​តោន ​កើន​ឡើង​០,៦៨​ភាគ​រយ ធៀប​នឹង​ឆ្នាំ​២០២១»​។​

​យោ​ងតាម​របាយ​ការណ៍​ពី​រដ្ឋបាល​ជល​បាន​បង្ហាញ​ថា ​នៅ​ក្នុង​ឆ្នាំ​២០២២ ការ​ចិញ្ចឹម​ត្រី​អនុវត្ត​បាន​៣៣០ ៦០០​តោន ស្មើ​នឹង​ជាង​៩១​ភាគ​រយ​នៃ​ផែន​ការ និង​ថយ​ចុះ ១៧ ៧៥០​តោ​ន បើ​ធៀប​នឹង​ឆ្នាំ​២០២១​៕