ការវិភាគតម្លៃហាងឆេងមាសពីក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

នៅចុងខែមីនានេះ តម្លៃមាសបានកើនឡើងជិតដល់តម្លៃ ២ ០៧៤ ដុល្លារ (ក្នុង ១ អោនស៍) ដែលជាតម្លៃខ្ពស់បំផុត ក្នុងប្រវត្ដិសាស្ដ្រមាស និងបានកើនឡើងក្នុងអំឡុងវិបត្តិជំងឺកូវីដក្នុងឆ្នាំ ២០២០។
ស្ថិតក្នុងស្ថានភាពវិបត្ដិសេដ្ឋកិច្ចពិភពលោក ស្របពេលដែលធនាគារមួយចំនួនរបស់សហរដ្ឋអាមេរិក បានដួលរលំ ហើយថ្មីៗនេះ ធនាគារ Credit Suisse កំពុងមានបញ្ហាទុន ដោយអតិថិជនបានដកប្រាក់ចំនួន ១២៣ ពាន់លានហ្រ្វង់ស្វ៊ីស (១៣៣ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២២ ដែលទើបនឹងរាយការណ៍ នៅខែកុម្ភៈនេះ ជាមួយការខាតបង់សុទ្ធប្រចាំឆ្នាំជិត ៧,៣ ពាន់លានហ្រ្វង់ស្វ៊ីស (៧,៩ ពាន់លានដុល្លារអាមេរិក) ដែលជាការខាតបង់ធំបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ មក។
មន្ត្រីអាមេរិក និងអឺរ៉ុប បានព្រមានកាលពីចុងសប្តាហ៍មុនថា វិស័យធនាគារកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ចំពោះសញ្ញាណមួយនៃវិបត្តិឥណទាន ដែលអាចកើនមាន។ ប្រភពចុងក្រោយនៃការព្រួយបារម្ភទីផ្សារបានមកពីធនាគារ Deutsche Bank AG (ETR:DBKGn) ដែលភាគហ៊ុនរបស់ពួកគេបានធ្លាក់ចុះសប្តាហ៍មុន បន្ទាប់ពីតម្លៃធានារ៉ាប់រងបំណុលរបស់ធនាគារ សម្រាប់ប្រឆាំងនឹងភាពមិនប្រក្រតី កើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំ។
ផ្អែកលើបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចសកលផ្សេងទៀតដូចជា៖ បញ្ហាភូមិសាស្ត្រនយោបាយ និងសង្គ្រាមរ៉ាំរ៉ៃរវាងរុស្ស៊ី-អ៊ុយក្រែន ជាដើម វាធ្វើឱ្យមាសមានឱកាសកើនឡើងកាន់តែច្រើនដែលអាចបំបែកតម្លៃខ្ពស់ក្នុងប្រវត្ដិសាស្ដ្ររបស់វាបាន៕