ភ្នំពេញៈ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ​(CRBC)​ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុញ្ញាតឱ្យ​បើក​ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប ខណៈ​រដ្ឋា​ភិ​បាល មាន​ផែនការ​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន និង​ទេសចរណ៍​រវាង​ប៉ូល​សេដ្ឋកិច្ច​ទាំង ២ ឱ្យមាន​សកម្មភាព​កាន់តែខ្លាំង​។​

​លិខិត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ចុះ​ហត្ថ​លេខា ដោយ​លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ កាលពី​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២៣ ឱ្យដឹងថា ក្រុមហ៊ុន​ CRBC នឹង​ចាប់ផ្តើម​ដំណើរការ​សិក្សា​លើផ្លូវ​ល្បឿន​លឿន​ពី​ភ្នំ​​ពេញ​-​ខេត្តសៀមរាប នាពេល​ឆាប់ៗ​នេះ​។​ការសិក្សា​នេះ​នឹងធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និង​សៀមរាប​។​


​លិខិត​បាន​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ស្នើសុំ​ឯកឧត្តម​អភិបាល មេត្តាជួយ​អន្តរា​គម​ន៍ សម្របសម្រួល​ដល់​អង្គ​ភាព​ពាក់​ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ដែន​សមត្ថកិច្ច​ដើម្បី​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន លើ​ដំណើរ​ការសិក្សា​ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប ឱ្យបាន​រលូន​។ ដំណើរការ​សិក្សា​នឹង​ចាប់​ផ្ដើម​នាពេល​ឆាប់ៗ​ខាងមុខនេះ​»​។​


​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមីនា​ថា ក្នុងនាម​វិស័យ​ទេសចរណ៍​លោក​ពិតជា​ចង់ឃើញ​មាន​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប ព្រោះ​តាមរយៈ​បទពិសោធន៍​ផ្លូវ​ល្បឿន​លឿនទី​ ១ (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​)​ គឺ​លោក​សង្កេតឃើញ​សកម្មភាព​សេដ្ឋកិច្ច និង​ទេសចរណ៍​រវាង​ប៉ូល​សេដ្ឋកិច្ច​ទាំង ២ មានការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើន​បន្ទាប់ពី​ផ្លូវ​នេះ​បើក​ដំណើរការ​កាលពី​ចុងឆ្នាំ​មុន​។ ផ្លូវ​ល្បឿន​លឿន មិន​ត្រឹម​តែមាន​សុវត្ថិ​ភាព និង​ចំណេញ​ពេលវេលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​រំលែក​ចរាចរណ៍​ពី​ផ្លូវជាតិ​បាន​ច្រើន​ផងដែរ​។​


​លោក​បញ្ជាក់ថា​៖ «​បើ​មាន​ផ្លូវ​ល្បឿន​លឿន​នេះ​ខ្ញុំ​មានជំនឿថា ខេត្តសៀមរាប​នឹង​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន ខណៈ​វិស័យ​ទេសចរណ៍​បានរួម​ចំណែក​យ៉ាងច្រើន​សម្រាប់​ចំណូល​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។ នៅពេល​ផ្លូវ​ធ្វើដំណើរ​ងាយស្រួល ចរាចរណ៍​ទំនិញ​និង​មនុស្ស​ក៏​នឹង​កើនឡើង​ដែរ​»​។​


​ចំណែក​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​លើកឡើងថា ប្រាសាទអង្គរវត្ត ​(​សៀមរាប​)​ ជា​គោល​ដៅ​ទេសចរណ៍​កំពូល​របស់​ភ្ញៀវទេសចរ​ពី​គ្រប់ទិសទី ដូច្នេះ​ពេល​មាន​ផ្លូវ​ល្បឿន​​លឿន ខេត្តសៀមរាប​នឹង​ទទួលបាន​ភ្ញៀវ​កាន់តែច្រើន ខណៈ​ភ្ញៀវ​ចេញពី​សៀមរាប​មក​ភ្នំពេញ​ក៏មាន​កាន់តែច្រើន​។ លោក​បន្ថែមថា ការបង្កើតឱ្យមាន​ផ្លូវ​កាន់តែច្រើន គឺជា​ការផ្តល់​នូវ​ជម្រើស​សម្រាប់អ្នកទេសចរ រួមទាំង​ការដឹក​ទំនិញ​។​


​លោក​បាន​ប្រាប់ទៀតថា ជា​ការពិតផ្លូវ​ល្បឿន​លឿន​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ ប៉ុន្តែ​សម្រាប់​វិស័យ​ដឹកជញ្ជូន​ក៏មាន​ផលចំណេញ​ដែរ ព្រោះ​ពេល​ភ្ញៀវ​ធ្វើដំណើរ​ទៅ​កន្លែង​ណា​ច្រើន ការដឹកជញ្ជូន​ទំនិញ រួមទាំង​ម្ហូបអាហារ​ទៅ​ទីនោះ​ក៏មាន​ច្រើន​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន ខ្ញុំ​ពិតជា​រីករាយ​ដែល​រដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការ​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន​ជា​បន្តបន្ទាប់​។ ផ្លូវ​កាន់តែច្រើន នឹង​ជួយ​ឱ្យ​ការចំណាយ​កាន់តែ​តិចជាង​មុន​»​។​

​ប្រទេស​កម្ពុជា កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២២ បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿនទី​ ១ របស់ខ្លួន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​ផ្លូវ​ខាងលើ​បាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២​ ពាន់​លាន​ដុល្លារ ខណៈ​ផ្លូវ​ល្បឿន​លឿនទី ​២ ដែល​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត គ្រោង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ឆាប់ៗ​ (​ឆ្នាំ​ ២០២៣) ក្រោម​ទុនវិនិយោគ​ប្រ​មាណ ១ ៧០០​ លាន​ដុល្លារ​។ បន្ទាប់ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប រាជ​​រដ្ឋាភិបាល​ក៏មាន​ផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ផងដែរ​៕