​ភ្នំពេញៈ កម្ពុជា​គ្រោង​នឹង​ប្រ​កាស​អំបិល ​«​កំពត កែប​»​ ចំនួន ៣​ ប្រភេទ​ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) នៅ​ចុងខែ​មេសា​ខាងមុខ ខណៈដំណើរ​ការ​នៃ​ការបង្កើត​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ​។ នេះ​បើ​យោងតាម លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប​។​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម បានកំណត់​យក​អំបិល ​«​កំពត កែប​» ៣ ប្រភេទ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​(GI) ដោយ​គ្រោង​ប្រកាស​ជា​ផ្លូវកា​នៅ​ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ​ ២០២៣​។ អំបិល​ទាំង ៣​ ប្រភេទ រួមមាន​អំបិល​ក្រួស ផ្កាអំបិល និង​អំ​បិ​ល​ម៉ដ្ឋ​ (​កិន​)»​។​


​លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមីនា​ថា បច្ចុប្បន្ននេះ​ក្រុមការងារ​លោក​កំពុង​រៀបចំ​បំពេញ​ទម្រង់​ស្នើសុំ​បង្កើត​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប ទៅ​ក្រសួងមហាផ្ទៃ ដោយ​រំពឹង​នឹង​ទទួលបាន​ការយល់​ព្រម​ពេល​ឆាប់ៗ ដើម្បី​ឈានទៅ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ដាក់​អំបិល​ផលិត​ក្នុង​ខេត្តកំពត​-​កែប ទៅជា​ប្រភេទ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ GI នៅ​ចុង​ខែមេសា ដែល​ក្រសួង​ពាណិជ្ជ​កម្ម​បានកំណត់​។​


​លោក​និយាយថា​៖ «​វត្តមាន​របស់​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប និង​ការដាក់​អំបិល​ «​កំពត កែប​»​ ជា​ប្រភេទ​ទំនិញ GI នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន គឺ​មិន​ត្រឹមតែ​សម្រាប់​កសិករ និង​មាន​ទីផ្សារ​ធំ​នាំទៅ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​ឱ្យ​ផលិតផល GI ដែលមាន​ក្នុង​ខេត្តកំពត​-​កែប ដូចជា ម្រេច ជាដើម​នឹងមាន​ទីផ្សារ​កាន់តែ​ធំ​បន្ថែមទៀត​»​។​


​លោក​បន្តថា នៅពេល​បាន​ចុះបញ្ជី GI ជា​ផ្លូវការ វា​នឹង​ជួយ​ឱ្យ​ផលិតផល​អំបិល​ខេត្ត​កំពត​-​កែប មាន​ទីផ្សារ​នៅក្នុង​ស្រុក និង​អន្តរជាតិ​កាន់តែ​ធំ ហើយ​តម្លៃ​ក៏​អាច​ខ្ពស់ជាង​ពេលនេះ​ពី ២-៣​ ដង​ដែរ​។


​បើតាម​លោក ណារិន ពេលនេះ​អំបិល​កំពត​-​កែប មានតម្លៃ​ពី ១៥ ០០០-១៨ ០០០​ រៀល​ក្នុង​ ១ ​បាវ​ទម្ងន់ ៥០​គី ឡូក្រាម​។ តម្លៃ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​។​


​លោក​បន្ថែមថា ទោះ​ពេល​នេះ​អំបិល​កំពត​-​កែប មិនទាន់បាន​ចុះបញ្ជី​ជា​ផលិតផល GI ប៉ុន្តែ​ក៏មាន​ផលិតផល​អំបិល​មួយចំនួន​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​មួយចំនួន​ហើយ​ដូចជា ជប៉ុន ស្វ៊ី​ស អង់គ្លេស កាណាដា ឆែក ដោយ​ភ្ជាប់​ជាមួយ​ម្រេច​កំពត​ដែលជា​ផលិតផល GI​។​

​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ ​លោក ងួន ឡាយ បាន​និយាយថា ដោយសារ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ចូលចិត្ត​ប្រើ​អំបិល​​ម្រេច ដាក់​អាហារ ដូច្នេះ​នៅពេល​ផលិតផល​ទាំង ២ ត្រូវបាន​បញ្ចូល​ជា​ប្រភេទ​ផលិតផល GI ការនាំចេញ​អាចមាន​សម្ទុះ​កាន់តែខ្លាំង​។ ការ​​ដាក់​ជា​ផលិតផល GI នឹង​ជួយ​ឱ្យ​ទីផ្សារ និង​តម្លៃ​ល្អប្រសើរ​ជាង​មុន​។ ជាក់ស្តែង​ម្រេច​កំពត ដែលជា​ផលិតផល GI គឺ​មិន​ពិបាក​ក្នុងការ​ស្វែងរក​ទីផ្សារ​ឡើយ ហើយ​តម្លៃ​ក៏​ខ្ពស់ជាង​ផលិតផល​មិនមែន GI ដែរ​។​

​លោក​ប្រាប់ថា​៖ «​ដោយសារ​ម្រេច និង​អំបិល ភាគច្រើន​ត្រូវ​ប្រើប្រាស់​រួមគ្នា ដូច្នេះ​បើ​អំបិល​​កំពត​-​កែប បាន GI ដែរនោះ ការនាំចេញ​ម្រេច និង​អំបិល​ដែលជា​ផលិតផល GI ប្រាកដ​ជា​កើនឡើង​»​។​

​ខេត្តកំពត និង​ខេត្ត​កែប គឺជា​ទីតាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២២ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ​២ ​មាន​៤ ៧៤៨ ​ហិកតា​។ នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ចុងខែ​ធ្នូ ទៅដល់​ពាក់​​កណ្តាល​ខែឧសភា​នៃ​ឆ្នាំ​នី​មួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អា​កាស​ធាតុ​ក្តៅ​បានអូសបន្លាយ​ការផលិត​រហូតដល់​ខែមិថុនា​។ បើ​អាកាសធាតុ​អំណោយផល​ផ្ទៃដី​ ១​ ហិកតា​ គេ​អាច​ផលិត​អំបិល​បានជា​មធ្យម ២០​ តោន​ក្នុង​រយៈពេល​ ១​ ឆ្នាំ​៕