ភ្នំពេញៈ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា មកទល់នឹង​ពេលនេះ ក្រសួងកសិកម្ម បាន​ជួយ​សម្រប​សម្រួល រវាង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ ៧ និង​សហគមន៍​កសិកម្ម​ចំនួន ២៣​ ហើយ ក្នុងការ​ចុះកិច្ចសន្យា​កសិកម្ម នៅក្នុង​ខេត្ត​ចំនួន ៣ រួមមាន​បន្ទាយមានជ័យ កំពង់ឆ្នាំង និង​ព្រៃវែង ខណៈដែល​ក្រសួង​គ្រោង​នឹង​ជំរុញឱ្យមាន​ការ​ចុះកិច្ចសន្យា​ឱ្យបាន​ ១៣ ​ខេត្ត ក្នុង​ឆ្នាំ​ ២០២៣ នេះ​។​

​លោក​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ខែមីនា​ថា កាលពី​ថ្ងៃទី​ ២៧ ខែមីនា លោក​និង​ក្រុមការងារ​ក្រសួងកសិកម្ម ទើបតែ​បាន​ចូលរួម​ជា​សាក្សី នៅក្នុង​ពិធី​ចុះហត្ថលេខា​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ស្ដីពី​ការផ្គត់ផ្គង់​ស្រូវ​ចំណី រវាង​សហគមន៍​កសិកម្ម និង​រោង​ម៉ាស៊ីន ដោយ​ភាគី​ទាំង​ ២​ បាន​ចុះ​កិច្ច​សន្យា​កសិកម្ម​ចំនួន​ ១៦ ក្នុងនោះ ១ ជា​កិច្ចសន្យា​ផលិត​ពូជ ត្រូវបាន​ព្រៀម​ព្រៀង​ចុះហត្ថលេខា​រវាង​រោង​ម៉ាស៊ីន ចំនួន​ ៥ និង​សហគមន៍​កសិកម្ម​ផលិត​ស្រូវ​ចំនួន​ ១៦​។


​លោក យ៉ង សាំង កុមារ បានឱ្យដឹង​ទៀតថា កិច្ចសន្យា​ទាំងនេះ​គ្រប​ដណ្ដប់​លើ ១៦ ​សហគមន៍ ដែលមាន​កសិករ​ផលិត​ចំនួន ៨០៦​ គ្រួសារ​មាន​ផ្ទៃដី ១ ៤៦៥​ ហិកតា និង​បរិមាណ​ស្រូវ ៥ ៨០៥​ តោន​។​

​ក្រសួង​តែងតែ​ណែនាំ​ឱ្យ​អ្នក​ពាក់ព័ន្ធ​គោរព​លក្ខខណ្ឌ​នៃ​កិច្ចសន្យា និង​មាន​ភាពស្មោះត្រង់ ដើម្បីឱ្យ​ការ​អនុវត្ត​កិច្ចសន្យា​នេះ​ប្រកបដោយ​ជោគជ័យ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ពង្រីក​បន្ថែម នៅ​រដូវ​ខាងមុខ​បន្ត​។​


​លោក យ៉ង សាំង កុមារ ថ្លែងថា លើសពីនេះ ភាគី​ទាំងអស់ រួមទាំង​មន្ទីរ​​កសិកម្ម​ផង ត្រូវ​បន្ត​ការសហការ ចុះ​ពិនិត្យ​តាមដាន លើ​ដំណើរ​ផលិតកម្ម និង​ការអនុវត្ត​កិច្ចសន្យា​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ទទួលបាន​ស្រូវ​ដែលមាន​គុណភាព​ល្អ និង​តម្លៃ​សមរម្យ ទាំង​រោង​ម៉ាស៊ីន និង​សហគមន៍ នឹង​អាច​ទទួលបាន​ការគាំទ្រ​ទុន​កម្ចី​ដែលមាន​ការប្រាក់​ទាប​ផងដែរ​។ យើង​នឹង​ខិតខំ​ជំរុញ​ការងារ​កិច្ចសន្យា​កសិកម្ម​នេះ ឱ្យ​រួច​​រាល់​បាន​មុន​រដូវ​ច្រូតកាត់​មកដល់ យ៉ាងយូរបំផុត​ត្រឹម​ខែ​ ៤ ​នេះ សម្រេច​ឱ្យបាន​ ១៣ ​ខេត្ត ដែលមាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ​៤១ បាន​ចុះ​ឈ្មោះ​ចូលរួម​»​។​

​លោក ​យ៉ង សាំង កុមារ បាន​បន្តថា នៅក្នុង​ឆ្នាំ ​២០២៣ ​នេះ គ្រាន់តែ​ធ្វើ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច ដើម្បី​សិក្សា​មើល​ពី​ប្រសិទ្ធភាព​នៃ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ ដោយ​សារ​តែ​វា​អាស្រ័យទៅលើ​ពូជ​ហើយ​ចាប់ពី​ឆ្នាំ​ ២០២៤ និង​ ២០២៥​ ទៅ ការផលិត​ពូជ​សុទ្ធ​មាន​ច្រើន ដែល​នឹង​ជំរុញ​ឱ្យធ្វើ​កិច្ចសន្យា​កសិកម្ម​បាន​កាន់តែច្រើន​ផងដែរ​។​

​ប្រធាន​សហគមន៍​កសិក​ម្ម​បាភ្នំ​មានជ័យ ខេត្តព្រៃវែង លោក ឃុន សា​ឯម បាន​ប្រាប់​ឱ្យដឹងថា នៅក្នុង​ពិធី​ចុះហត្ថលេខា​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ស្ដីពី​ការផ្គត់ផ្គង់​ស្រូវ​​ចំណី រវាង​សហគមន៍​កសិកម្ម និង​រោង​ម៉ាស៊ីន កាលពីពេល​ថ្មីៗ​នេះ សហគមន៍​របស់លោក បាន​ចុះ​កិច្ច​សន្យា​ចំនួន​ ២ ក្នុងនោះ​មាន​កិច្ចសន្យា​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ផង និង​សហគមន៍​កសិកម្ម​ដូចគ្នា​ផង​។​

​លោក​បាន​បន្ថែមថា ការចុះ​កិច្ច​សន្យា​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ តម្រូវឱ្យ​សហគមន៍​ផ្គត់ផ្គង់​ស្រូវ ​២ ​ប្រភេទ គឺ​ប្រភេទ​ OM ៥៤,៥១ ក្នុង​បរិមាណ​ជិត​ ៣០០​ តោន និង IR ៥០៤ ជាង​ ២០០​ តោន ទៅកាន់​រោង​ម៉ាស៊ីន​។ ចំណែក​កិច្ចសន្យា​ជាមួយ​សហគមន៍ សហគមន៍​គេ​ផលិត​ពូជ ដើម្បី​ផ្គត់ផ្គង់​ពូជ​មក​សហគមន៍​រប​ស់លោក ដើម្បី​កែច្នៃ​វិញ ដោយ​ពូជ​នោះ​សម្រាប់​ផ្ទៃដី​ ៨ ហិកតា ដែល​ស្មើនឹង ​៦ ​គ្រួសារ​។​

​លោក​ ឃុន សា​ឯម បានបញ្ជាក់​ទៀតថា​៖ «​ការចុះកិច្ចសន្យា​កសិកម្ម​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​រោង​ម៉ាស៊ីន និង​សហគមន៍ ដោយ​សារ​តែ​នៅពេល​ដែលមាន​កិច្ចសន្យា​នេះ រោង​ម៉ាស៊ីន​ងាយស្រួល​ក្នុងការ​​ប្រមូល​ទិញស្រូវ​ដែលមាន​គុណភាព​ល្អ ខណៈដែល​សហគមន៍​នឹងមាន​ទីផ្សារ​នឹងថ្កល់​មួយ ដែលមាន​ការ​កំណត់​តម្លៃ​ច្បាស់លាស់​នៅក្នុង​កិច្ច​សន្យា​»​។

​លោក​បាន​ថ្លែងថា​៖ «​តែ​យ៉ាងណាក៏ដោយ​ក៏​នៅមាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខ្លះ​មិន​គោរព​តាម​កិច្ចសន្យា ដែល​បញ្ហា​នេះ វា​ទាមទារ​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​ធ្វើយ៉ាងណា​ឱ្យ​រោង​ម៉ាស៊ីន​គោរព​តាម​កិច្ចសន្យា​ដែល​ចុះ​»​។​

​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការរៀបចំ​កិច្ចសន្យា​កសិកម្ម​នេះ គឺជា​គោលនយោបាយ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ​អង្ករ​ប្រកបដោយ​គុណភាព និង​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ និង​តម្លៃ​ស្រូវ ព្រម​ទាំង​ជំរុញ​ការអនុវត្ត​គោ​លន​យោ​បាយ​នាំ​អង្ករ​ចេញ ក្នុង​បរិមាណ ១​ លាន​តោន ក្នុង​ ១ ​ឆ្នាំ​៕