កម្ពុជា-ម៉ារ៉ុក ជំរុញការហោះហើររួមគ្នាដើម្បីទាក់ទាញទេសចរ

ភ្នំពេញៈ តំណាងវិស័យទេសចរណ៍កម្ពុជា លើកឡើងថា ការចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងកម្ពុជា-ម៉ារ៉ុក គឺជាការបើកជើងហោះហើរថ្មីមួយទៀតដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសមួយនេះហើយក៏អាចនឹងក្លាយជាទិសដៅទាក់ទាញទេសចរពីបណ្តាប្រទេសនៅប្លុកអាហ្រ្វិកកាន់តែច្រើនបន្ថែមទៀត។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី ២៧ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅប្រទេសម៉ារ៉ុក កាលពីឆ្នាំ ២០២៣។ ការចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ភាគីកម្ពុជាតំណាងដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ម៉ារ៉ុក តំណាងដោយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ មីនាថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសឱ្យផ្នែកឯកជនរួមទាំងប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ប្រទេសទាំង ២ ធ្វើការសិក្សាពីលទ្ធភាពបើកការហោះហើរដឹកភ្ញៀវទេសចរ និងទំនិញរវាងប្រទេសទាំង ២។
លោកថ្លែងថា៖ «យើងស្វាគមន៍ចំពោះការបើកឱ្យមានការហោះហើរថ្មីជាមួយនឹងប្រទេសនានា ព្រោះវាមិនត្រឹមតែបម្រើជាប្រយោជន៍ជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចររវាងប្រទេសទាំង ២ ប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទាញការវិនិយោគ និងសម្រួលដល់ការដោះដូរទំនិញផងដែរ»។
លោកបន្តថា ប្រសិនបើមានការហោះហើរត្រង់នោះ ប្រទេសម៉ារ៉ុក នឹងក្លាយទៅជាទិសដៅដ៏ទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសនៅប្លុកអាហ្រ្វិកផ្សេងៗទៀតធ្វើដំណើរមកកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា ជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយជំរុញទំនាក់ទំនងវិស័យអាកាសចរណ៍ស៊ីវិលដែលបង្កើតឱ្យមានការភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសទាំងមនុស្ស និងទំនិញ។
លោកបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះនឹងជួយធ្វើឱ្យប្រសើរឡើងលំហូរនៃអ្នកដំណើរតាមរយៈការដឹកជញ្ជូនផ្លូវអាកាស ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀត រវាងប្រទេសយើងទាំង ២ បន្ថែមទៀត»។
ចំពោះសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំង ២ បានជួបពិភាក្សា និងឯកភាពគ្នាលើផ្នែកបច្ចេកទេស និងខ្លឹមសារទាំងស្រុង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ នៅទីក្រុង Rabat ប្រទេសម៉ារ៉ុក ហើយខ្លឹមសារអត្ថបទនៃកិច្ចព្រមព្រៀងនេះ គឺមាន ២២ មាត្រា ស្របតាមការណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដើម្បីនាំមកផលប្រយោជន៍ប្រទេសទាំង ២។ នេះបើយោងតាមលោក ចាន់សិរីវុត្ថា។
លោកបន្តទៀតថា គិតមកដល់ពេលនេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សរណៈយោគយល់ជាមួយបណ្តាប្រទេសនានាបាន ៤៨ ប្រទេស៕