ភ្នំពេញៈ និយតករ​មូល​ប​ត្រ​កម្ពុជា​ (SERC) និង​ធនាគារ​វិនិយោគ Maybank បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ក្របខ័ណ្ឌ​ជំ​​នួ​យ​បច្ចេកទេស​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​ដើម្បី​ឈានទៅរក​ភាព​ល្អប្រសើរ​នៃ​ទីផ្សារ​នេះ​មួយកម្រិត​ទៀត​។​

MoU ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​ ៣១ ខែមីនា រវាង​លោក ស៊ូ សុជាតិ អគ្គ​នាយក SERC និង​លោក Michael OhLau នាយក​ប្រតិបត្តិ​នៃ​ធនាគារ Maybank IBG នៅ​អគារ Maybank ក្នុង​រាជធានី​ភ្នំពេញ​។​


​លោក ស៊ូ សុជាតិ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការស្វែងយល់​ពី​តួនាទី​សំខាន់ៗ​របស់​ទីផ្សារ​មូល​ប​ត្រ​ក្នុងការ​អភិវឌ្ឍ និង​សមាហរណកម្ម​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ផែនការអភិវឌ្ឍន៍​ទីផ្សា​រ​មូល​ប​ត្រ​តាមរយៈ​ផែនការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ ​២០០១-២០១០​។ ផែនការអភិវឌ្ឍន៍​ទី​ផ្សារ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ហើយ​ច្បាប់​ស្តីពី​ការចេញ និង​ជួញដូរ​មូល​ប​ត្រ​មិនមែន​រដ្ឋាភិបាល និង​អនុក្រឹត្យ​ស្តីពី​ការប្រតិបត្តិ និង​ការរៀបចំ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​(​គ​.​ម​.​ក​.)​ ត្រូវបាន​អនុម័ត​ក្នុង​ឆ្នាំ ២០០៧ និង​ ២០០៨ រៀង​គ្នា​។​

​លោក​បន្ថែមថា ការបន្ត​កិច្ចសហការ​នៃ​ MOU នេះ គឺ​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា រួមមាន ការធ្វើ​អនុលោមភាព ការ​គ្រប់គ្រង​ហានិភ័យ អភិបាលកិច្ច​សាជីវកម្ម ស្តង់ដា និង​ប្រព័ន្ធ​របាយការណ៍​ហិរញ្ញវត្ថុ និង​គណនេយ្យ ការទាក់ទាញ​ការវិនិយោគ​ដោយ​ប្រយោល​ពី​បរទេស​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ការអភិវឌ្ឍ​ឧបករណ៍​និ​ស្ស​ន្ទ​ន៍ និង​ការអភិវឌ្ឍ​ផលិតផល​ថ្មី​សម្រាប់​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។​


​លោក​បាន​ថ្លែងថា​៖ « MOU នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ដែល​អាច​ទុកចិត្តបាន​រវាង​ភាគី​ទាំង​ ២​។ ឧស្សាហកម្ម​មូល​ប​ត្រ​កម្ពុជា​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​​អភិវឌ្ឍ ដូច្នេះ​យើង​មាន​ទំនុកចិត្ត​ថា កិច្ច​សហប្រតិបត្តិការ​រប​ស់​យើង​ជាមួយនឹង​ Maybank នឹង​នាំមក​នូវ​អត្ថប្រយោជន៍​រយៈពេល​វែង​ក្នុង​ទម្រង់​នៃ​ការផ្ទេរ​ចំណេះ​​ដឹង​ឧស្សាហកម្ម និង​ជំនាញ​អភិវឌ្ឍន៍​ផលិត​ផល ពិសេស​ការទទួលបាន​បទពិសោធន៍ និង​ការត្រួតពិនិត្យ​ប្រកបដោយ​ភាព​ច្នៃ​​ប្រឌិត​ក្នុង​គម្រោង​វិនិយោគ​រួម ដែល​នឹង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុងឆ្នាំនេះ​»​។​

​លោក Michael OhLau នាយក​ប្រតិ​ប​ត្តិ​នៃ​ធនាគារ Maybank IB បានឱ្យដឹងថា ជាមួយនឹង​ការកើនឡើង​នៃ​តម្រូវការ​របស់​អ្នកវិនិយោគ​សាធារណៈ​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា គឺ​ទាមទារ​ឱ្យមាន​ភាព​ប្រសើរឡើង​នៃ​ដំណោះស្រាយ​ផ្នែក​បច្ចេក​​វិទ្យា ប្រកបដោយ​ការច្នៃប្រឌិត ដែល​ផ្តល់​សេវា​ទាន់ពេលវេលា​សម្រាប់​ពួកគេ​។​

​លោក​អះអាងថា​៖ «​យើង​ជឿថា តម្រូវការ​របស់​អ្នកវិនិយោគ​សម្រាប់​ដំណោះស្រាយ​វិនិយោគ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នឹង​កើនឡើង​នៅពេល​ចំនួន​អ្នកវិនិយោគ​ដែលមាន​ភាពសម្បូរ​បែប និង​ទំនើប​ក្នុងប្រទេស​នៅ​បន្ត​កើនឡើង​។ ក្នុងនាម​ជា​សមាជិក​នៃ​ក្រុម​ធនាគារ​ធំ​លំដាប់​ទី​ ៤ របស់​អាស៊ាន​ផ្អែកលើ​ទ្រព្យសម្បត្តិ យើង​មាន​ក្តី​សោម​នស្ស​រីករាយ​ដែល​ត្រូវបាន​ផ្តល់ឱកាស​ដើម្បី​នាំយក​បទពិសោធន៍​ស៊ីជម្រៅ​របស់​យើង​ចំពោះ​ភាពជា​ដៃគូ​នេះ​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​គាំទ្រ SERC នៅក្នុង​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​»​។​

​យោងតាម​របាយការណ៍​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) បច្ចុប្បន្ន CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ចំនួន ​១៨ ដែល​ក្នុងនោះ​ក្រុមហ៊ុន​ចំនួន​ ៩ ​បោះផ្សាយ​មូល​ប​ត្រក​ម្មសិ​ទិ្ធ និង​ ៩​ ផ្សេងទៀត​បោះផ្សាយ​មូល​ប​ត្រ​បំណុល​។ ក្រុមហ៊ុន​ទាំងនេះ​បាន​ប្រមូល​កៀរគរ​នូវ​មូលនិធិ​សរុប​ពី​ផ្សា​រមូល​ប​ត្រ​ចំនួន ៣១៧ ​លាន​ដុល្លារ​៕