​ភ្នំពេញៈ​ រដ្ឋាភិបាល​កម្ពុ​ជា​ បាន​កំពុងធ្វើការ​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​រួមទាំង​វិស័យ​ឯកជន ​និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ចងក្រង​ក្របខ័ណ្ឌ​បទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​ហិរញ្ញវត្ថុ វិមជ្ឈការ (Decentralized Finance—Defi)​ ដែល​ត្រូវបាន​គេ​មើលឃើញថា​ កំពុង​តែមាន​និន្នាការ​កើនឡើង​ និង​ទទួលបានការ​ចាប់អារម្មណ៍​ទាំង​ក្នុង​តំបន់​និង​សកល​។​

​លោក ​រស់​ សីល​វ៉ា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ កាលពី​ថ្ងៃទី​៤ ​ខែមេសា ​ក្នុង​សិក្ខា​ស្តីពី តួនាទី​នៃ​ហិរញ្ញវត្ថុ​វិមជ្ឈការ​ និង​ក្របខ័ណ្ឌ​ការពារ​ទិន្នន័យ​ក្នុងការ​អភិ​វឌ្ឍ​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងប្រទេសកម្ពុជា​»​ ថា ​នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​បច្ចេកវិទ្យា​ឌីជីថល​ បាន​ដើរតួនាទី​កាន់តែ​សំខាន់ ​ក្នុងកា​រក្សា​និរន្តរភាព​នៃ​​ការ​ធ្វើការងារ​ការធ្វើ​ធុរកិច្ច​ការរៀន​និង​បង្រៀន​ព្រមទាំង​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​និង​ជីវិត​ប្រចាំថ្ងៃ​ផងដែរ​។​


​លោ​កថា​ ក្នុងន័យនេះ ​រដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល​កម្ពុជា​ ២០២១-២០៣៥ កាលពី​ឆ្នាំ​២០២១ ​ដែលជា​ក្របខ័ណ្ឌ​រួម​ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​គោលដៅ​ជំរុញ​ដំណើរការ​បរិវត្ត​កម្ម​ឌីជីថល​លើ​គ្រប់​តួអង្គ​ទាំង​ក្នុង​សេដ្ឋកិច្ច​និង​សង្គមជាតិ​កម្ពុជា​ទាំងមូល​។​

​លោក​បាន​ថ្លែងថា​៖«​សិក្ខាសាលា​ក្នុងថ្ងៃនេះ ​ក៏ត្រូវ​បានរៀបចំ​ឡើង​ ក្នុង​គោលបំណង​បន្ត​ប្រមូល​ធាតុ​ចូល​បន្ថែម ​ប៉ុន្តែ​ត្រូវបាន​គិតគូរ​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​វិមជ្ឈការ ​និង​ក្របខ័ណ្ឌ​ការ​ពារ​​ទិន្នន័យ​។ ​ហិរញ្ញវត្ថុ​វិមជ្ឈការ​ត្រូវបាន​កត់សម្គាល់​ឃើញថា​មាន​និន្នាការ​កើនឡើង ​និង​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន ​ប៉ុន្តែ​មកដល់ពេលនេះ ​បច្ចេកវិទ្យា ​ដែល​ធ្វើឱ្យ​កើតមាន​​ហិរញ្ញវត្ថុ​វិមជ្ឈការ​នៅមាន​ភាពមិន​ទាន់​ច្បាស់លាស់​ច្រើន​អំពី​តួនាទី​របស់​វា ​និង​កំពុង ស្ថិត​ក្នុងដំណាក់កាល​នៃ​ការសាកល្បង​ ដែល​ទាមទារ​ឱ្យមាន​ការគិតគូរ​ និង​ធានាថា​ នឹង​ផ្តល់​នូវ​ប្រយោជន៍​ជាជាង​ហានិភ័យ​»​។​


​លោក​ក៏បាន​លើកឡើង​ដែរ​ថា​ ក្របខ័ណ្ឌ​នៃ​ការការពារ​ទិន្នន័យ​ បាន​កំពុង​ក្លាយជា​កម្មវត្ថុ​នៃ​ការគិតគូរ​ និង​ការពិភាក្សា​នៅ​ស្ទើរ​គ្រប់​វេទិកា​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ ​និង​សកល​។​

​លោក​ គង់​ ម៉ា​រី​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​សេដ្ឋកិច្ច​ និង​ធុរកិច្ច​ឌីជីថល ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នោះដែរ​ថា ​ជាមួយនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ថ្មីៗ​​បាន​កំពុង​កែប្រែ​របៀប​នៃ​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​ទម្រង់​ផ្សេងៗ​ ខុសពី​មុន ​និង​បាន​លើក​ជា​សំណួរ​ថ្មី ពី​របៀប​នៃ​ការធ្វើ​និយតកម្ម​បែប​ប្រពៃណី​។ ​

លោ​កថា​ សកម្មភាព​ថ្មីៗ​មួយចំនួន​ ដែល​ទើប​លេចឡើង​ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ទាំងនោះ​ កើតឡើង​ក្នុង​ទម្រង់​ហិរញ្ញវត្ថុ​វិមជ្ឈការ​ ឬ ​Defi​។​

​លោក​បាន​ថ្លែងថា​៖«​សកម្មភាព​និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បែបនេះ​ ត្រូវបាន​យល់ថា​មិន​តម្រូវឱ្យមាន​អន្តរការី​ ឬ​មិន​ត្រូវការ​និយតកម្ម​នោះទេ ​ដោយហេតុថា​បច្ចេកវិទ្យា​នេះ​ដូចជា​បច្ចេកវិទ្យា​ប្លុក​ឆេន​មាន​សមត្ថភាព​ក្នុងការ​បង្កើន​តម្លាភាព​មិនអាច​កែប្រែបាន​ និង​មាន​សុវត្ថិភាព​ដោយ​ខ្លួនឯង​»​។​

​លោក​បាន​គូសបញ្ជាក់ថា ​ការយល់​បែបនេះ​ បាន​បង្កើតឱ្យមាន​ជា​កង្វល់​ថ្មី​មួយ​ ក្នុងចំណោម​និយតករ​លើ​សកលលោក ​ក្នុងការ​គិតគូរ​រៀបចំ​គោលនយោបាយ​ ឬ​ក្របខ័ណ្ឌ​ ដើម្បី​ម្ខាង​អាច​​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទាំងនេះ ​និង​ម្ខាង​ទៀត​ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖«​ក្នុងន័យនេះ ​ក្នុងការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ជាការ​ចាំបាច់​ ដែល​យើង​ត្រូវ​កំណត់​ទិសដៅ​ឱ្យបាន​ច្បាស់លាស់​ តាមរយៈ​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​នៃ​ការគ្រប់គ្រង​សកម្មភាព​បែបនេះ​ផងដែរ​»​។​

​បើ​យោងតាម​លោក​ គង់ ​ម៉ា​រី​ នាពេល​បច្ចុប្បន្ន​ ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ សង​ប្រាក់​ឌីជីថល​ បាន និងកំពុង​បន្ត​កើនឡើង​។​ គិត​ត្រឹម​ឆ្នាំ​២០២២​ គណនី​ប្រាក់​បញ្ញើ​មាន​ចំនួន ​១៤,៣​លាន​​គណនី​, គណនី​ឥណទាន​មាន​ចំនួន ៣,៧ លាន​គណនី​,​គណនី​កាបូប​លុយ​អេឡិចត្រូនិក​មាន​ចំនួន ​១៧,៩​ លាន​គណនី​ និង​ចំនួន​ប្រតិបត្តិការ​សេវា​ទូទាត់ សង​ប្រា​ក់បាន​កើន​ឡើង​ដល់​ប្រមាណ ​១​ ប៊ី​លាន ​ប្រតិបត្តិការ​ក្នុង​ទំហំ​ទឹកប្រាក់ ​២៧២,៥​ ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​ដោយឡែក​ក្នុង​វិស័យ​មិនមែន​ធនាគារ​ ក្នុងដំណាក់កាល​ចុងក្រោយ​នេះ​ ទីផ្សារ​ធានារ៉ាប់រង ​នៅ​កម្ពុជា​ កំពុងមាន​ការវិវឌ្ឍ​ឆ្ពោះទៅមុខ​យ៉ាង​ឆាប់រហ័ស​ ដោយ​បុព្វលាភ​ដុល​កើន​ដល់​ប្រមាណ​ ៣០០​ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២១ និង​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន ​៤០ ក្រុមហ៊ុន​ ដែល​កំពុង​ដំណើរការ​អាជីវ​កម្ម​ក្នុង​ទីផ្សារ​ធានារ៉ាបរង ជាមួយនឹង​ទ្រព្យសកម្ម​ប្រមាណ​៨៤៥​ លាន​ដុល្លារ​ និង​មូលនិធិ​ភាគហ៊ុន​ប្រមាណ ​៣១៧​ លាន​ដុល្លារ​។

​ជាងនេះទៅទៀត ​សម្រាប់​វិស័យ​មូល​ប​ត្រ​ក្នុង​ឆ្នាំ​២០២២​ មាន​មូលធននីយកម្ម​ទីផ្សារ​ សម្រាប់​ទីផ្សារ​មូល​ប​ត្រ​សរុប​ចំនួន ១,៨៧ ​ប៊ី​លាន​ដុល្លារ​, ការប្រមូល​សាច់ប្រាក់​ពី​ទីផ្សារ​មូល​ប​ត្រ​សរុប​ចំនួន ​៣១៧,៥៥​ លាន​ដុល្លារ​និង ទំហំ​ជួញដូរ​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​សរុប​ចំនួន ​៣០០,៥១​ លាន​ដុល្លារ​៕