ភ្នំពេញៈ ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​(CMA) បាន​ថ្លែងថា ទោះបី​ជាមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​បាន​បង្កើន​អត្រា​ការប្រាក់​ទៅលើ​អត្រា​ការ​ប្រាក់​គោល​របស់​អតិថិជន​ខ្លួន​ដោយសារតែ​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​​ ដែលជា​ប្រភព​ទុន​ដ៏​សំខាន់​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​មួយចំនួន​នៅក្នុង​ស្រុក​ក៏ដោយ ក៏​សមាជិក​របស់​សមា​គម CMA ពុំបាន​ដំឡើង​អត្រា​ការប្រាក់​ឡើយ​។​

​លោក សុខ វឿ​ង ប្រធាន​សមា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់​ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦ ខែមេសា​ថា ជាទូទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​នៅ​អាមេរិក និង​អឺរ៉ុប​មានការ​កើនឡើង​ខ្ពស់​ទាក់ទង​នឹង​អត្រា​ការប្រាក់​ដើម្បី​ទប់ស្កាត់​អតិផរណា​នៅ​ប្រទេស​នីមួយៗ ដែល​វា​បាន​បង្ក​ផល​ប៉ះពាល់​មកដល់​ប្រទេស​កម្ពុជា​ ផងដែរ ដោយសារតែ​ប្រភព​ទុន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ក៏មាន​ប្រភពពី​ក្រៅប្រទេស​ដែរ​។​


​លោក​អះអាងថា​៖ «​សម្រាប់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឬ​សមាជិក​របស់​សមាគម​យើង ទោះបី​មានការ​ដំឡើង​ការប្រាក់​លើ​ទីផ្សារ​អន្តរជាតិ​ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​យើង​ផង​ដែរនោះ គឺ​សមាជិក​របស់​សមា​គម​យើង​ពុំបាន​ដំឡើង​អត្រា​ការប្រាក់​សម្រាប់​អតិថិជន​ដែលមាន​ស្រាប់​នោះទេ​»​។​

​លោក​បន្ថែមថា​៖ «​ការណ៍​នេះ​មានន័យថា សម្រាប់​អតិថិជន​ដែលមាន​ស្រាប់​គឺ​គាត់​នៅតែ​បន្ត​បង់​អត្រា​ការប្រាក់​កម្ចី​គាត់​ដដែលៗ​រហូតដល់​ឥណទាន​នោះបាន​បញ្ចប់ ប៉ុន្តែ​ប្រសិនបើ​ឥណទាន​ថ្មី ឬ​ធ្វើ​ឡើងវិញ គឺ​អត្រា​ការប្រាក់​នឹងត្រូវ​ធ្វើឡើង​វិញ​ទៅតាម​ស្ថានភាព​ទីផ្សារ​។ ដូច្នេះ​នេះ​គឺជា​យុទ្ធសាស្ត្រ ឬ​ជា​កិច្ច​ការដែល​សមាគមរ​បស់​យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក ដើម្បីឱ្យ​រក្សាបាន​សណ្តាប់​ធ្នាប់​សង្គម ក៏​ដូច​ជា​រក្សាបាន​នូវ​ចីរភាព ឬ​លទ្ធ​ភាព​របស់​អតិថិជន​។ យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន មនុស្ស​ភាគ​ច្រើន​គឺ​ទទួលរង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ដែល​កម្ពុជា​យើង​ក៏​រង​ផលប៉ះពាល់​ដែរ ដូច្នេះ​យើង​រក្សា​ការងារ​ប្រតិបត្តិការ​របស់​យើង​បន្ត​ទៅមុខ​ប្រកបដោយ​ចីរភាព ទោះបី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយចំនួន​រង​ផល​ប៉ះ​ពាល់​ក៏ដោយ ក៏​យើង​នៅតែ​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​អតិថិជន​ដើម្បីឱ្យ​ទំនាក់ទំនង​របស់​យើង​មាន​ភាពល្អប្រសើរ​»​។​


​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ប្រាប់ថា ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​ខ្លះ​នាពេលនេះ គឺ​ពុំបាន​ឆ្លើយតប​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​ឡើយ ស្របពេល​ប្រជាពលរដ្ឋ​ជា​អ្នក​ខ្ចីប្រាក់​ក៏​កំពុង​ជួប​ស្ថាន​ភាព​ថមថយ​ប្រាក់ចំណូល​ផង​​ដែរ ដូច្នេះ​ការសម្រេច​ដំឡើង​អត្រា​ការប្រាក់​នេះ​នឹងដាក់​បន្ទុក​បន្ថែម​ដល់​អ្នក​ខ្ចី​។​

​លោក​និយាយថា​៖ «​ប្រសិន​​បើ​ការដំឡើង​អត្រា​ការប្រាក់​នេះ​អនុវត្ត​ទៅលើ​អ្នក​ខ្ចី​ដែលមាន​ស្រាប់​នោះ វា​គឺជា​ការដាក់បន្ទុក​បន្ថែ​ម​ដល់​ពួកគាត់​។ ខ្ញុំ​យល់ថា បើសិន​ការដំឡើង​អត្រា​ការប្រាក់​សម្រាប់​កម្ចី​ថ្មី​នោះ វា​ជា​កត្តា​ទីផ្សារ​ដែល​កំពុងតែ​កើតឡើង​នៅ​ទីផ្សារ​សកល​»​។​

​ទេសាភិបាលរង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី ប្រាក់​រៀល ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​បាគង ក្នុងឱកាស​ខួប​លើក​ទី​ ៤៣ នៃ​ការដាក់ឱ្យ​ចរាចរណ៍​ប្រាក់រៀល​ឡើងវិញ នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​ ៥ ខែ​មេសា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ការប្រកាស​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​មួយចំនួន​នៅ​កម្ពុជា គឺ​ដោយសារ​ការរង​ឥទ្ធិពល​ដែល​កម្ពុជា​ទទួល​បន្ត​ពី​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក​។​

​លោកស្រី​បន្ថែមថា ការ​កើន​ឡើង​នៃ​អត្រា​ការប្រាក់​នេះ គឺ​ដោយសារតែ​កម្ពុជា​មា​នក​ម្រិ​ត​ដុល្លា​រូបនីយកម្ម​ខ្ពស់ និង​បានផ្តល់​ឥណទាន​ច្រើន​ជា​ប្រាក់​ដុល្លារ​អាមេរិក​។ លោកស្រី​បន្តថា ចាប់ពី​ខែមីនា ឆ្នាំ​ ២០២២​ មក ធនាគារកណ្តាល​បាន​បង្កើន​អត្រា​ការប្រាក់​គោល​ដើម្បី​ជួយ​បន្ទាប​អត្រា​អតិផរណា​ដែល​បាន​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន ក្នុង​រយៈពេល ៤ ​ទសវត្សរ៍​ចុង​ក្រោយនេះ បាន​នាំឱ្យ​អត្រា​ការ​ប្រាក់​នៅ​ទីផ្សារ​អន្តរជាតិ​កើន​ឡើង​ផងដែរ​នៅ​ដើមឆ្នាំ​ ២០២៣ នេះ ហើយ​ឥទ្ធិពល​នេះ​បានចាប់ផ្តើម​ឡើង​នៅ​កម្ពុជា ដោយមាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មួយចំនួន បាន​បង្កើន​អត្រា​ការប្រាក់​ជា​ដុល្លារ​ដល់​អតិថិជន​។​

​លោកស្រី​ថ្លែងថា​៖ «​ចំណុច​នេះ​ក៏​ជា​ចំណុច​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ដែរ​នៅពេល​យើង​ចាយលុយ​ដុល្លារ​អាមេរិក ធនា​គារ​កណ្តាល​អាមេរិក និង​រដ្ឋា​ភិ​បាល​អាមេរិក គេ​សម្រេចចិត្ត​ធ្វើឱ្យ​លុយ​គេ​ថោក ឬ​ថ្លៃ​គឺ​យើង​អត់​មានលទ្ធភាព​ទៅ​តវ៉ា​អ្វី​ទាំង​អស់​ ​គឺ​យើង​ត្រូវ​ទទួលយក​»​។​

​លោកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​ក្រសួង ស្ថាប័ន​សាធារណៈ គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ រោងចក្រ ក្រុម​​ហ៊ុន​សហគ្រាស ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ប្រើ​ប្រាក់រៀល​ឱ្យបាន​កាន់តែច្រើន​។ បើ​ប្រាក់​​រៀល​ប្រើ​ក្នុង​បរិមាណ​ច្រើន​វិញ​នោះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​អាចមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង​អត្រា​ការប្រាក់​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រព័ន្ធ​ធនាគារ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន​ ៥៩, ធនាគារ​ឯកទេស​ ៩, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ​៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨២ គ្រឹះស្ថាន​ឥណទាន​ជនបទ ២២៤, គ្រឹះស្ថាន​ភតិសន្យា​ហិ​រញ្ញ​វត្ថុ​ ១៦ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ៣៤៕