ភ្នំពេញៈ គម្រោង​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ក្រុង​តាខ្មៅ ដែលមាន​ទុន​វិ​និ​យោគ​ប្រមាណ ១ ៥០០​ លាន​ដុល្លារ​ពី​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​​ជនកម្ពុជា ​(OCIC) និង​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចំណាយ​ប្រាក់​អស់​ជិត​ ៧០០ ​លាន​ដុល្លារ និង​សម្រេច​ការសាងសង់​បាន​ជិត ៥០​ ភាគរយ​ហើយ ខណៈ​ភាព​​វិជ្ជមាន​កំណើន​ក្នុង​វិស័យ​ទេស​​ចរណ៍​កំពុង​ជំរុញ​ការស្ថាបនា​ឱ្យ​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អា​កាស​ចរ​ស៊ីវិល បានឱ្យ​ភ្នំពេញ​​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ១០ ខែមេសា​ថា ស្រប​ពេលដែល​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ខាងក្នុង​នៃ​ព្រលានយន្តហោះ​ថ្មី​នេះ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការដាក់​ដំណើរការ​ព្រលាន​យន្តហោះ​ក៏​កំពុងតែ​មមា​ញឹក​ផងដែរ​នាពេលនេះ​។​


​លោក ចាន់​សិរី​វុត្ថា បញ្ជាក់ថា​៖ «​ចំពោះ​វឌ្ឍនភាព​នៃ​ការ​សាង​សង់​អាកាសយានដ្ឋាន​តេ​ជោ​តាខ្មៅ​អន្តរជាតិ​នោះ គឺ​គិត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា សម្រេចបាន​ជាង ៤៦​ ភាគរយ និង​ចំណាយ​ជិត ៧០០​ លាន​ដុល្លារ​»​។​

​លោក​ថ្លែងថា​៖ «​យើង​ជា​អ្នកមាន​វិជ្ជាជីវៈ​ច្បាស់លាស់ មានបទពិសោធន៍ យើង​មើលឃើញថា ហេដ្ឋារចនាសម្ព័ន្ធ​បន្ទាប់​​បន្សំ​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​នេះ ដូចជា ផ្លូវថ្នល់ បណ្តាញទឹក បណ្តាញ​ភ្លើងអគ្គិសនី គឺ​គ្មាន​បញ្ហា​ទេ​។ យើង​ដឹងថា អាកាសយានដ្ឋាន បើ​គ្មាន​ការតភ្ជាប់​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត គឺ​មិនអាច​ដំណើរការ​បានទេ​»​។​


​នៅពេល​សួរថា តើ​លោក​សង្កេតឃើញថា ការអភិវឌ្ឍ​តំ​បន់​ជុំវិញ​ព្រលានយន្តហោះ​ថ្មី​នោះ​មាន​សម្ទុះ​បែបណា​? អ្នក​នាំពាក្យ​រូបនេះ​បាន​លើកឡើងថា កាលណា​អាកាសយានដ្ឋាន​កកើតឡើង សកម្មភាព​សេដ្ឋ​កិច្ច​ជុំវិញ​តំបន់​អាកាសយាន​ដ្ឋា​ន​នោះ​នឹង​កើតឡើង​ដោយ​ឯកឯង​។ គេ​បាន​សិក្សា​យ៉ាងច្រើន​លើ​ឥទ្ធិពល​របស់​សេដ្ឋកិច្ច​ (Economic Impact) ក្នុង​រង្វង់​អាកាសយានដ្ឋាន​នៅក្នុង​ចម្ងាយ ៥​ គីឡូម៉ែត្រ ១០ ​គីឡូ​ម៉ែត្រ និង​ក្នុង​រង្វង់ ២០​ គឺ​ឡូ​​ម៉ែត្រ ថា​តើ​នឹងមាន​ការអភិវឌ្ឍ​លើ​ផ្នែក​អ្វី​។​

​លោក​និយាយថា​៖ «​ផល​ប្រ​យោជន៍​ផ្នែក​សេដ្ឋកិច្ច (Economic Benefits) គឺ​តែងតែមាន ព្រោះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ដោយសារ​សកម្មភាព​ចេញពី​អាកាសយានដ្ឋាន​»​។​

គំរូប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ រូបថត សហការី

​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ​កម្ពុជា​រំពឹង​ទទួលបាន​ការធ្វើដំណើរ​មកដល់​របស់​ភ្ញៀវ​បរទេស​ចំ​នួន ៤,៥​ លាន​នាក់​ដែល​សកម្ម​​ភាព​ធ្វើដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​នឹងមាន​ជាង ​៨​ លាន​ដង ហើយ​សកម្មភាព​នេះ​អាច​ស្មើនឹង ៨០ ​ភាគរយ​នៃ​ការធ្វើ​ដំណើរ​របស់​ទេសចរ​បរទេស​មកកាន់​កម្ពុ​ជា​ក្នុង​ឆ្នាំ​ ២០១៩​ ជា​ពេលដែល​ពិភពលោក​មិនទាន់​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​លោក​បន្តថា​៖ «​យើង​សង្ឃឹមថា យើង​អាច​ទទួលបាន​ភ្ញៀវ​ទេសចរ​ប្រហាក់ប្រហែល​នោះ ព្រោះ​យើង​ធ្វើការ​ព្យាករ​តាមបែប​វិទ្យាសាស្ត្រ យើង​ឃើញ​បែប​នោះ​មែន​។ ប៉ុន្តែ​អ្វីៗ​គ្រាន់​តែ​ជាការ​ព្យាករ​ប៉ុណ្ណោះ​»​។​

​លោក ចាន់​សិរី​វុត្ថា ក៏បាន​លើកសរសើរ​ក្រសួង​ទេសចរ​​ណ៍​ដែល​បាន​ខំ​ធ្វើ​សកម្មភាព ដើម្បី​សម្រេច​ឱ្យបាន​កំណើន​ភ្ញៀវទេសចរ​បរទេស ស្របតាម​ការ​ព្យាករ​នោះ ដោយបាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ផែនការ សកម្មភាព និង​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​យោងតាម​ស្ថិតិ​របស់​ក្រសួង​​ទេសចរណ៍ ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ២​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២២ បាន​រុញច្រាន​តម្រូវការ​កើនឡើង​ខ្ពស់​វិញ​បន្ទាប់ពី​ធ្លាក់ចុះ​ខ្លាំង​កាលពី​ឆ្នាំ​ ២០២១​។

​ក្រុមហ៊ុន​វិនិយោគ​អាកាស​​យានដ្ឋាន​កម្ពុជា ​(Cambodia Airport Investment Company) សហការ​ជាមួយ​រដ្ឋ​​លេខាធិការដ្ឋាន​អាកាសចរ​​ស៊ីវិល​ដែល​តំណាងឱ្យ​រាជ​រដ្ឋា​ភិ​បាល​បោះទុន​រួមគ្នា​ចំនួន ១ ៥០០ ​លាន​ដុល្លារ​សម្រាប់​ការ​កសាង​ព្រលានយន្តហោះ​អន្តរ​ជាតិ​តេ​ជោ​ក្រុង​តាខ្មៅ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ដំណាក់កាល​ទី ​១ នៅក្នុង​ឆ្នាំ ២០២៤ ​ខាងមុខ​៕