កាលពី​ថ្ងៃទី ​៣ ខែមេសា ឆ្នាំ​ ២០២៣ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានដឹកនាំ​ប្រតិភូ​ក្រសួងពាណិជ្ជកម្មទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​សត្ត​ឃាត​ដ្ឋា​ន​ជ្រូក និង​រោងចក្រ​ផលិតចំណីអាហារ​ស្តង់ដា របស់​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ ដែលមាន​ទីតាំងនៅ​ភូមិ​ឈើទាល ឃុំ​ជំ​ពូ​វ័ន ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​ដំណើរ​ទស្សនកិច្ច​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​អង្កេតបោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​, ឯកឧត្តម គង់ សារាជ ប្រធាន​គណៈកម្មការ​សាធារណ​ការដឹកជញ្ជូន អាកាសចរ​ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជ​កម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ទីប្រឹក្សា ឯកឧត្តម ប្រតិភូ​​រាជរដ្ឋាភិបាល ព្រមទាំង​មន្ត្រី​ជំនាញ នៃ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ដោយមាន​ការទទួល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​​ពី​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ី​ភី ​ខេ​ម​បូ​ឌា ចំកាត់ ដឹកនាំ​ដោយ​លោក Wittaya Kreangkriwit ប្រធាន​ក្រុមប្រឹក្សាភិបាល លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាល​រង​នៃ​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស៊ី​ភី​ជាច្រើនរូប​ទៀត​។​


​ក្នុងឱកាស​ទស្សនកិច្ច​នេះ ឯក​ឧ​ត្ត​ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​សន្ទនា​ជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ឯកឧត្តម គង់ សារាជ និង​តំណាង​ក្រុមហ៊ុន ​ស៊ី​.​ភី អំពី​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​​តាមដាន​ជាប្រចាំ​នូវ​ថ្លៃទំនិញ​សាច់ជ្រូក​លក់​នៅលើ​ទីផ្សារ និង​រៀបចំ​របាយការណ៍​ស្តីពី​សន្តិសុខ​​ស្បៀង​ត្រៀម​បម្រុង យុទ្ធសាស្ត្រ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​សភាព​ការណ៍​ថ្លៃទំនិញ​សំខាន់ៗ​ដទៃ​ចាំបាច់​ប្រចាំ​ជីវភាព​ដែល​បាន​ប្រមូល​ពី​ទីផ្សារ​រាជធានី​-​ខេត្ត​។

​ក្នុង​កិច្ចសន្ទនា​នេះ អង្គ​ប្រជុំបាន​ពិភាក្សា​ពី​សក្តានុពល​នៃ​ការវិនិយោគ លើ​ប្រតិបត្តិការ​ផលិតកម្ម និង​អា​ជី​កម្ម​ជ្រូក​របស់​ក្រុមហ៊ុន ​ស៊ី​.​ភី ក្នុងការ​ធ្វើឱ្យមាន​តុល្យភាព​នៃ​សេចក្តី​ត្រូវការ​នៃ​ផលិតផល​សាច់ជ្រូក​​ក្នុងស្រុក​ជាមួយ​ផលិតកម្ម​ក្នុងស្រុក ព្រមទាំង​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ និង​ប្រមូល​ទិញ​កសិផល​មួយចំនួន​សម្រាប់​ធ្វើជា​ចំណី​សត្វ ដូចជា ពោតក្រហម ដំឡូង​មី កន្ទក់ ក​ញ្ចុ​ង​អង្ករ និង​ស្រូវ​។​


​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ដល់​ក្រុមហ៊ុន នូវ​អនុសាសន៍សំខាន់ៗ​មួយចំនួន រួមមាន​៖

(១). ពង្រីក​វិសាលភាព​នៃ​គម្រោង​លើកកម្ពស់​ការចិញ្ចឹម​ជ្រូក ដើម្បី​សន្តិសុខ​ស្បៀង​ក្នុងប្រទេស​

(២). ​បន្ត​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ការប្រមូលទិញ​វត្ថុ​​ធាតុ​ដើម​របស់​កសិករ​ក្នុងស្រុក សម្រាប់​ផលិត​ជា​ចំណី​សត្វ​ដូចជា ពោតក្រហម ដំឡូង​មី កន្ទក់ ក​ញ្ចុ​ង​អង្ករ និង​ស្រូវ​

(៣). ​លើកកម្ពស់​គុណភាព​ចំណី​សត្វ ការចិញ្ចឹម​សត្វ រួមទាំង​កន្លែង​សត្តឃាត​ជ្រូក និង​មាន់ ដើម្បី​បំពេញ​តាម​ស្តង់ដា​អន្តរជាតិ ស្របតាម​គោលការណ៍​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​អ្នកប្រើប្រាស់ និង​ប្រជាជន ព្រមទាំង​ពង្រីក​ឱកាស​ក្នុង​ការចូល​ទៅកាន់​ទីផ្សា​រ​ក្នុង និង​ក្រៅប្រទេស ឱ្យបាន​កាន់​​តែ​ទូលំទូលាយ និង​មាន​ចីរភាព​

(៤). ​បង្កើន​សហប្រតិបត្តិកា​រ​ឱ្យបាន​ពេញលេញ​ជាមួយ​មន្ទីរ​​ពាណិជ្ជកម្ម​នៅតាម​ខេត្ត​គោលដៅ ដើម្បី​រៀបចំ​ផែន​ការប្រមូលទិញ​វត្ថុធាតុដើម សម្រាប់​ចំណី​សត្វ ព្រមទាំង​តាមដាន និង​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​តម្លៃ​នៃ​ផលិតផល​កសិកម្ម​នានា​។

​​ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលក្រុមហ៊ុនស៊ីភី។ រូប Supplied

​លោក Wittaya Kreangkriwit ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុម​​ហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ ស៊ី​.​ភី រីករាយ​ក្នុងការ​សហការ ជាមួយនិង​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ស្តង់ដា​ការផលិត​ចំណីអាហារ​គុណភាព និងធ្វើឱ្យមាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់ បំពេញតម្រូវការ​ទីផ្សារ ព្រមទាំង​ទាំង​លើកកម្ពស់​កសិករ ផ្តល់​ព​ត៌​មាន និង​ចំណេះដឹង​បន្ថែម​អំពី​ផលិត​ផល​ចំណីអាហារ​អនាម័យ​ដ៏​ត្រឹមត្រូវ​ជូន​ប្រជាជន​កម្ពុជា​។​

​លោក Wittaya Kreangkriwit ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុម​​ហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​បន្ថែមទៀតថា រោងចក្រ​សត្តឃាត​​ដ្ឋា​ន​ជ្រូក និង​រោងចក្រ​ផលិត​ចំណី​​អាហារ​ស្តង់ដា​នេះ ជា​រោងចក្រដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​ក្រុមហ៊ុន​បានជ្រើសរើស​យក​សត្វ​ជ្រូក​មកពី​កសិដ្ឋាន​ចិញ្ចឹម​មាន​ស្តង់ដា​ត្រឹមត្រូវ មានការ​ដំណើរការ​បំប្លែង​សាច់ជ្រូក​ដោយ​បច្ចេកវិទ្យា​ទំនើប និង​មានការ​ត្រួតពិនិត្យ​គុណភាព​សាច់​តាំងពី​កសិដ្ឋាន​រហូត​ដល់ដៃ​អតិថិជន ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​បាន​បរិភោគ​សាច់​​ជ្រូក​ដែលមាន​គុណភាព ស្រស់ អនាម័យ មាន​សុវត្ថិភាព ហើយ​ថែមទាំង​ក្នុងតម្លៃ​សមរម្យ​។​

​លើសពីនេះទៅទៀត រដ្ឋមន្ត្រី​ព្រមទាំង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនាការ​តាំងពិព័រណ៍ ព្រមទាំង​ស្តាប់​ការពន្យល់​ពី​ទិដ្ឋភាព​រួម​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ស៊ី​ភី ដោយ​ចាប់ផ្តើម​ទស្សនា​ពី​អាជីវកម្ម​ចំណី​​សត្វ អាជីវកម្ម​ចិញ្ចឹមសត្វ អាជីវកម្ម​កែច្នៃ​ចំណីអាហារ និង​អាជីវកម្ម​ហ្វ៊្រែ​ន​ឆាយ​ផងដែរ​។​

​ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម ​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​ស្ថិតក្រោម​ចក្ខុវិស័យ «​ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្ត​​រ​ភាព ដែល​ផ្តោត​សំខាន់​លើ​ការប្រតិបត្តិ អាជីវកម្ម ចំណី​សត្វ​ (Feed) ការចិញ្ចឹម​សត្វ (Farm) ចំណីអាហារ ​(Food ) និង​ការ​​ចែកចាយ​ផលិតផល​ទាំង​ការបោះ​​ដុំ និង​លក់រាយ (Retail) ដោយ​ឈរលើ​មូលដ្ឋានគ្រឹះ​ដោយ​ការ​​ទទួលខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន ហើយ​យើង​មាន​ទស្សនវិស័យ​ក្នុង​ការធ្វើ​អាជីវកម្ម​ដែល​ហៅថា «​គោល​ការ​ណ៌​ប្រយោជន៍​ទាំង ៣​ ប្រការ​ ដើម្បី​ឆ្ពោះទៅកាន់​និរន្តរភាព​» ដោយ​ចាត់ទុក​ផលប្រយោជន៍​ដល់​ប្រទេសជាតិ ជា​អាទិភាព​ទី​១ ផលប្រយោជន៍​ប្រជាជន ជា​អាទិភាព​ទី​២ និង​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ជា​អាទិភាព​ចុងក្រោយ​។

​ជា​ចុងក្រោយ ក្រុមហ៊ុន​ស៊ី​.​ភី និង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្នុង​ការផលិត​ស្បៀងអាហារ​ប្រកបដោយ​និរន្តរ​​ភាព​។

«​គិតដល់​សាច់ជ្រូក​អនាម័យ នឹក​ដល់​ស៊ី​ភី​»៕