វ៉ាស៊ីនតោនៈ មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័ស រួមទាំងកម្ពុជាកំពុងប្រឈមនឹងបញ្ហាបំណុលដោយសារតែការកើនឡើងនៃអត្រាការប្រាក់អន្តរជាតិរបស់ប្រទេសអភិវឌ្ឍន៍។
ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ IMF ឱ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំនេះគឺផ្តោតលើប្រទេសអភិវឌ្ឍន៍ ពិសេសតំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេស ដែលកំណើនត្រូវគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ០,៨ ភាគរយ និង ០,៣ ភាគរយនៅឆ្នាំ ២០២៣ នេះ មុនពេលស្ទុះងើបឡើងវិញក្នុងអត្រា ១,៤ ភាគរយ និង ១ ភាគរយរៀងគ្នា។
ផ្ទុយទៅវិញទោះបីមានការកែតម្រូវការធ្លាក់ចុះ ០,៥ ភាគរយ ក៏ទីផ្សាររីកចម្រើនរហ័ស និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងកើនឡើង ដោយកំណើនឆ្នាំ ២០២៣ នឹងកើនឡើងដល់ ៤,៥ ភាគរយ ពី ២,៨ ភាគរយក្នុងឆ្នាំ ២០២២។ កំណើនសេដ្ឋកិច្ចកម្ពុជា មានអត្រា ៥,៨ ភាគរយនៅឆ្នាំ ២០២៣ និង ៦,២ ភាគរយនៅឆ្នាំ ២០២៤។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនៅទីស្នាក់ការកណ្តាលរបស់ IMF នាទីក្រុង Washington DC សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ ខែមេសា លោក Pierre Olivier Gourinchas ប្រធានសេដ្ឋវិទូ និងជានាយកផ្នែកស្រាវជ្រាវរបស់ IMF បានលើកឡើងថា IMF មើលឃើញថា មានប្រទេសមួយចំនួនកំពុងប្រឈមមុខនឹងស្ថានភាពលំបាកយ៉ាងខ្លាំង ជាពិសេសនៅពេលនិយាយអំពីបំណុល។
លោកថ្លែងថា៖ «នោះគឺជាអ្វីដែលបានបញ្ជាក់រួចមកហើយកាលពីឆ្នាំមុន នៅពេលដែលយើងបង្កើនតម្លៃប្រាក់ដុល្លារអាមេរិក ហើយនៅទីនោះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនាដ៏ធំនៃលំហូរមូលធន និងការកើនឡើងសម្ពាធ។ វាមិនមានលក្ខណៈទូលំទូលាយសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបឡើយ ប៉ុន្តែមានភាពខុសប្លែកគ្នាខ្លាំងជាមួយប្រទេសមួយចំនួនដែលកំពុងប្រឈមមុខនឹងស្ថានភាពលំបាកខ្លាំង ដូច្នេះយើងកំពុងប៉ាន់ប្រមាណថា នៅពេលនេះចំនួន ៦០ ភាគរយនៃប្រទេសដែលមានប្រាក់ចំណូលទាបមានបញ្ហាបំណុល ឬហានិភ័យខ្ពស់ចំពោះវិបត្តិបំណុល និងប្រហែល ២៥ ភាគរយនៃប្រទេសមានទីផ្សាររីកចម្រើនរហ័សក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងផងដែរ។ ស្ថានភាពបែបនេះត្រូវតម្រូវឱ្យមានការចាត់វិធានការ។ ជាការពិតក្នុងករណីខ្លះមានការចែកចាយតាមកម្រិតនៃប្រទេសដោយសារលក្ខខណ្ឌរបស់ពួកគេនៅមានកម្រិតចំពោះទំហំសារពើពន្ធ ហើយមួយចំនួននៃតម្រូវការអ្វីមួយគឺត្រូវពិភាក្សាជាមួយម្ចាស់បំណុលពីរបៀបដោះស្រាយបញ្ហាដំណើរផ្លូវទៅមុខ»។
លោកបន្ថែមថា៖ «ជាការពិតណាស់មូលនិធិ (IMF) ក៏មានការពាក់ព័ន្ធការពិភាក្សាជាច្រើន ហើយយើងមានមធ្យោបាយផ្សេងៗដើម្បីព្យាយាមសម្របសម្រួល និងពិភាក្សាដើម្បីស្វែងរកក្របខ័ណ្ឌរួមដែលត្រូវបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០២០។ វាមិនទាន់មានប្រយោជន៍ទូលំទូលាយនៅឡើយទេ ប៉ុន្តែវាបានទទួលផ្លែផ្កា។ យើងមានការពិភាក្សាលើមធ្យោបាយនេះ ប៉ុន្តែវាត្រូវការពេលវេលាបន្តិចទៀត ហើយមានការរីកចម្រើនខ្លះ»។
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីសប្តាហ៍មុនថា ការកើនឡើងអត្រាការប្រាក់នៅទីផ្សារអន្តរជាតិប៉ះពាល់ដល់ធនាគារក្នុងស្រុក ត្រូវទប់ស្កាត់ផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ពួកគេ។
លោកស្រីថ្លែងថា៖ «កន្លងមកខ្ញុំបានពន្យល់ពីមូលហេតុដែលធនាគារមួយចំនួនដំឡើងអត្រាការប្រាក់ឥណទាន។ ការដំឡើងគឺដោយសារអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជាក៏ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមទុនគាត់ខ្ពស់ជាងមុន។ ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារដែលការប្រាក់ខ្ពស់ជាងមុនឱ្យអ្នកដាក់ប្រាក់បញ្ញើ។ បើយើងសង្កេតមើលអត្រាប្រាក់បញ្ញើ គឺមានការកើនឡើងសឹងគ្រប់ធនាគារ។ អ្នកដាក់លុយចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ចីចង់បានការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួនក៏បានសម្រេចចិត្តដំឡើងអត្រាការប្រាក់លើឥណទានអតិថិជនរបស់ខ្លួន»។
លោកស្រីបានពន្យល់ថា៖ «សំណួរសួរថា តើធ្វើនេះខុស ឬត្រូវ? ខ្ញុំក៏មិនដឹងថា កិច្ចសន្យានីមួយៗបានសរសេរយ៉ាងដូចម្តេចដែរ។ វាអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាង។ កិច្ចសន្យាខ្លះគឺផ្អែកលើអត្រាការប្រាក់អណ្តែតអន្តរជាតិ។ បានន័យថា បើអត្រាការប្រាក់អន្តរជាតិកើនអត្រាការប្រាក់ឥណទានក៏កើនឡើង ហើយបើអត្រាការប្រាក់អន្តរជាតិធ្លាក់ចុះ អត្រាការប្រាក់ឥណទានក៏ត្រូវបន្ទាបតាមហ្នឹងដែរ។ ប៉ុន្តែក៏មានកិច្ចសន្យាឥណទានខ្លះ អត្រាការប្រាក់ត្រូវបានកំណត់ទុកជាមុនក្នុងរយៈពេលសរុបនៃការខ្ចី។ នៅក្នុងករណីនេះធនាគារត្រូវចរចាឡើងវិញជាមួយអតិថិជន បើមានការប្រែប្រួលលក្ខខណ្ឌ»។
លោកស្រីបន្តថា៖ «ដូច្នេះសូមបងប្អូនពិនិត្យមើលកិច្ចសន្យាខ្លួនឱ្យបានហ្មត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធិ និងកាតព្វកិច្ចខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងជម្លោះនៅថ្ងៃក្រោយ»។
លោកស្រីឱ្យដឹងទៀតថា ទោះយ៉ាងណាយោងតាមបទប្បញ្ញតិជាធរមានគ្រឹះស្ថានហិរញ្ញវត្ថុមានកាតព្វកិច្ចបំភ្លឺរាល់ចម្ងល់អតិថិជន និងបង្ហាញរាល់លក្ខខណ្ឌទាំងឡាយដោយសុចរិត និងតម្លាភាព។
យោងតាម IMF កំណើននេះនឹងធ្លាក់ចុះមកនៅត្រឹម ២,៨ ភាគរយនៅឆ្នាំនេះមុនពេលកើនឡើងតិចតួចដល់ ៣ ភាគរយនៅឆ្នាំក្រោយ ពោល ០,១ ភាគរយទាបជាងការព្យាករកាលពីខែមករា។ អតិផរណាសកលនឹងធ្លាក់ចុះ ទោះបីជាយឺតជាងការរំពឹងទុកដំបូងក៏ដោយ ពី ៨,៧ ភាគរយកាលពីឆ្នាំមុន មកនៅ ៧ ភាគរយនៅឆ្នាំនេះ និង ៤,៩ ភាគរយនៅឆ្នាំ ២០២៤៕